ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ញាតិ​សន្តាន​របស់​ជន​រងគ្រោះ​នៃ​ការ​ធ្លាក់​យន្តហោះ​ MH370 រម្លឹក​ខួប​១០​ឆ្នាំ​តាំង​ពី​យន្តហោះ​នោះ​បាត់


រូបឯកសារ៖ បុរសម្នាក់​សរសេរ​សារ​នៅ​លើ​ផ្ទះ​ដែល​ឧទ្ទិស​ដល់​ជនរងគ្រោះ​នៃ​ការ​បាត់​យន្តហោះ MH370 នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ បុរសម្នាក់​សរសេរ​សារ​នៅ​លើ​ផ្ទះ​ដែល​ឧទ្ទិស​ដល់​ជនរងគ្រោះ​នៃ​ការ​បាត់​យន្តហោះ MH370 នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។

យន្តហោះ​ធុន​ Boeing 777 នៃ​ក្រុម​ហ៊ុនអាកសចរណ៍ Malaysia Airlines ជើង​ហោះ MH370 បាន​បាត់​ពី​កញ្ចក់​រ៉ាដា​កាល​ពី​ថ្ងៃ​ទី​៨​ មីនា ​ឆ្នាំ​២០១៤ នៅ​ពេល​ធ្វើ​ដំណើរ​ពី​ក្រុងគូឡាឡាំពួ ទៅ​កាន់​ក្រុង​ប៉េកាំង។

ទោះ​ជា​មាន​ការ​ស្វែង​រកធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រអាកាសចរណ៍​ក៏​ដោយ​ ក៏គេ​មិន​បាន​រក​ឃើញ​យន្តហោះ​នេះ​ទេ។

ញាតិ​សន្តាន​និង​អ្នកគាំទ្រពួកគេ​ប្រមាណ​ ៥​០០​នាក់បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ឯមជ្ឈមណ្ឌលលក់​ដូរ​ទំនិញ​មួយ នៅ​ជិត​រាជធានី​គូឡាឡាំពួ​របស់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​រម្លឹក«​ទិវានៃ​ការ​ចងចាំ‍»​ដោយ​មាន​ជន​ច្រើននាក់​មាន​ទុក្ខសោក​យ៉ាង​ខ្លាំង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP កាលពី​ថ្ងៃ​ទី​៣ ខែ​មីនា។​

ពួក​គេ​បាន​ដុត​ទៀន ​២៣៩ដើម​ ដែលទៀន​នីមួយៗ​តំណាង​អ្នកដំណើរ​ម្នាក់​ដែលបាន​បាត់​បង់​ជីវិតក្នុង​យន្តហោះ​នោះ។

ញាតិ​សន្តាន​ខ្លះ​មក​ពី​ប្រទេស​ចិន ដែល​ជិត​ពីរ​ភាគ​បីនៃអ្នកដំណើរ​ទាំង​អស់មក​ពី​ទី​នោះ។

អ្នកស្រី Grace Nathan ដែល​ជា​មេធាវី​ម៉ាឡេស៊ី​អាយុ ​៣៦ ​ឆ្នាំ ដែល​ម្តាយ​អ្នកស្រី​គឺ​អ្នកស្រី Anne Daisy អាយុ​ ៥៦ ​ឆ្នាំ​ស្ថិតក្នុង​យន្ត​ហោះ​នោះ បាននិយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP ថា៖ «រយៈពេល​ ១០ឆ្នាំ ​ចុង​ក្រោយ​នេះ​មានការ​រំជួល​ចិត្ត​ឡើង​ចុះ​គ្មាន​ឈប់​ឈរសម្រាប់​រូប​ខ្ញុំ‍»។

ថ្លែង​ទៅ​កាន់​ហ្វូង​មនុស្ស អ្នកស្រីបាន​អំពាវនាវដល់​រដ្ឋាភិបាលម៉ាឡេស៊ី​ឱ្យស្វែង​រកជា​ថ្មី។

អ្នកស្រី​បាន​ថ្លែង​ថា៖ ​«ជើង​ហោះ MH370​ មិន​មែន​ជា​ប្រវត្តិសាស្ត្រ​ទេ‍»។

អ្នកស្រី Liu Shuang Fong​ អាយុ​ ៦៧ ​ឆ្នាំ មក​ពី​ខេត្ត Hebei​ នៃ​ប្រទេសចិន បាន​បាត់​បង់កូនប្រុស​អាយុ ​២៨ ​ឆ្នាំ​ឈ្មោះ Li Yan Lin ដែល​ជា​អ្នកដំណើរ​ម្នាក់​ក្នុង​យន្តហោះ​នោះ​ដែរ។

អ្នកស្រី​ Liu ដែល​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ចូល​រួម​ក្នុងព្រឹត្តិការណ៍​នេះបាន​និយាយថា​៖ «ខ្ញុំទាមទារយុត្តិធម៌​ឱ្យ​កូនប្រុស​ខ្ញុំ។ តើយន្តហោះនោះ​នៅ​ឯណា?‍»

អ្នកស្រី​បានបន្ថែម​ថា៖ «ការ​ស្វែង​រកត្រូវ​មាន​ធ្វើ​តទៅទៀត‍»។​

រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​លោក Anthony Loke​ បាន​និយាយ​ប្រាប់​ពួកអ្នកកាសែត​ថា៖ «​ប្រទេស​ម៉ាឡេស៊ី​ប្តេជ្ញា​ក្នុងការ​ស្វែង​រកយន្តហោះ​នោះ ... សោហ៊ុយ​មិនមែន​ជា​បញ្ហា​ទេ‍»។​

លោក​បាន​ថ្លែង​ប្រាប់ញាតិ​សន្តានក្រុម​អ្នក​ដំណើរ​នៅក្នុងការ​ប្រមូល​ផ្តុំ​គ្នានោះ​ថាលោក​នឹង​ជួប​ជា​មួយ​ក្រុម​មន្ត្រីនៃ​ក្រុម​ហ៊ុន Ocean Infinity​ ដែល​ជា​ក្រុមហ៊ុនរុក​រក​ក្នុង​សមុទ្រមាន​មូលដ្ឋាននៅ​រដ្ឋ Texas ដែល​បានស្វែង​រកគ្មាន​ជោគជ័យ​កាល​ពី​ពេល​មុនដើម្បី​ពិភាក្សា​អំពីកិច្ច​ប្រតិបត្តិការ​ថ្មី។​

លោកថា៖ ​«នៅពេលនេះ​យើង​រង់ចាំ​ពួក​គេ​ផ្តល់​ថ្ងៃ​ខែសម​ស្រប ​ហើយខ្ញុំសង្ឃឹម​ថា​នឹងជួប​ជា​មួយ​ពួក​គេ​ក្នុង​ពេល​ឆាប់ៗនេះ‍»។

ការ​ស្វែងរក​កាល​ពី​ឆ្នាំ​ ២០១៨ ​របស់​ក្រុមហ៊ុន​ Ocean Infinity បាន​បញ្ចប់​ក្រោយ​ការ​ពិនិត្យ​មើល​បាត​សមុទ្រអស់​រាប់​ខែ​ដោយ​គ្មានជោគជ័យ។​

ការ​ស្វែង​រកមួយ​មុន​នោះ​ដែល​ដឹកនាំដោយ​ប្រទេស​អូស្ត្រាលីក្នុង​ផ្នែក​នៃមហាសមុទ្រ​ឥណ្ឌា​ទំហំ​ ១​សែន​ ២​ម៉ឹន​គីឡូម៉ែត្រ​ក្រឡា​ មិន​បានរក​ឃើញដានយន្តហោះ​នោះ​ទេ ដោយ​គ្រាន់​តែ​បាន​ស្រង់​កម្ទេចកម្ទី​ខ្លះ​តែប៉ុណ្ណោះ។​

ដោយ​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​ស្វែងរក​ធំ​បំផុតក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍ កិច្ចប្រតិបត្តិការនោះ​ត្រូវ​បាន​ផ្អាក​កាល​ពី​ខែ​មករា ​ឆ្នាំ​ ២០១៧។​

ការបាត់​យន្តហោះ​នោះ​ជាប្រធាន​បទ​នៃ​ទ្រឹស្តី​មួយចំនួន​រួម​មាន​តាំង​ពី​ទ្រឹស្តី​ដែលគួរ​ឱ្យ​ជឿ​បាន​រហូត​ដល់​ទ្រឹស្តី​ចម្លែក​ហួស ​រួមទាំងការ​និយាយ​ថា​អ្នកបើក​យន្តហោះ​ជើង​ចាស់​លោក Zaharie Ahmad Shah បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។

របាយការណ៍​ចុង​ក្រោយបង្អស់អំពី​សោកនាដកម្មនេះកាល​ពី​ឆ្នាំ​ ២០១៨ ចង្អុល​បង្ហាញការ​មាន​បញ្ហា​នៅប៉មត្រួតពិនិត្យ​ចរាចរណ៍​អាកាស ​ហើយ​បាន​ចែង​ថា យន្តហោះនោះបាន​ប្តូរ​ទិស​ដោយ​ដៃ៕

ប្រែសម្រួល​ដោយ​លោក ឈឹម​ សុមេធ

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG