ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​អ្នក​ជំនាញ​កាន់​តែ​មាន​ទំនុក​ថា បំណែក​យន្តហោះ​រកឃើញ​​ជា​បំណែក​យន្តហោះ​ MH370


មន្រ្តី​ប៉ូលិស​បារាំង​លើក​បំណែក​យន្តហោះ​នៅ​តំបន់ Saint-Andre កោះ​ Reunion កាល​ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៥។

ក្រុម​អ្នកស៊ើប​អង្កេត​អូស្រ្តាលី​និយាយ​ថា ​ពួកគេ​កំពុង​មានការ​ទុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ថា បំណែក​យន្តហោះ ដែល​បាន​រក​ឃើញ​អណ្តែត​នៅ​លើ​កោះ Reunion ​ជា​បំណែក​យន្តហោះ​ម៉ាឡេស៊ី​ជើង​ហោះ​ហើរលេខ MH 370ដែល​បាន​បាត់កាល​ពី​ខែ​មិនា ​ឆ្នាំ​២០១៤ ​ដែល​មាន​មនុស្ស​២៣៩​នាក់​នៅ​លើ​នោះ។

​លោក Martin Dolan ​ប្រធាន​អគ្គ​ស្នងការ​ការិយាល័យ​ដឹក​ជញ្ជូន​អូស្រ្តាលី ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ក្រុម​អាជ្ញាធរ​សង្ឃឹមនឹង​អាច​ធ្វើ​ការ​បញ្ជាក់​ពី​ប្រភព​ដើម​នៃ​បំណែក​នោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ទៀត​នេះ។

​បំណែកប្រវែង​២ម៉ែត្រនោះ​ ​ជា​បំណែក​ស្លាប​ដែល​បញ្ជា​ការ​ហោះ​ចុះ​ហោះឡើង ​ដែល​ត្រូវ​គេ​រំពឹង​ថា​ នឹង​ទៅ​ដល់​ទីក្រុង​ Toulouse ​ប្រទេស​បារាំង​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​នៅ​ថ្ងៃ​សៅរ​ស្អែក​នេះ។ បំណែក​នោះ ​បាន​ត្រូវ​គេ​រក​ឃើញ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ឆ្នេរសមុទ្រ​នៃ​កោះ Reunion ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​កើតកោះ​ម៉ាដាហ្គាស្កា​ ​និង​ស្ថិត​នៅ​ចម្ងាយ​ជាង​៣.៥០០ ​គីឡូម៉ែត្រ​ពី​យន្តហោះ​ម៉ាក្ស Boeing 777 ​ដែលគេ​បាន​តាម​ឃើញ​ជា​លើក​ចុងក្រោយ​។

​ក្រុម​អ្នក​ស៊ើប​អង្កេត​បារាំង​នឹង​ព្យាយាម​កំណត់​ ថា​តើ​លេខ​ដែល​បាន​រក​ឃើញ​នៅ​លើ​បំណែក​នេះ​ត្រូវ​គ្នា​នឹង​យន្តហោះ​ម៉ាឡេស៊ី​ ដែល​បាន​បាត់​ដ៏​អាថ៌​កំបាំង​នៅ​ពេល​ធ្វើ​ដំណើរ​ពី​ទីក្រុង​កូឡាឡាំពួ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ដែរ​ឬ​ទេ។

​ក្រុម​អ្នក​ជំនាញ ​បាន​និយាយ​ថា ​ពួកគេ​ជឿ​ជាក់​ថា ​លទ្ធផល​នឹង​មាន​លក្ខណៈ​វិជ្ជមាន​ ​ដែល​ផ្អែកលើ​ទម្រង់​ និង​រន្ធ​ដែល​ភ្ជាប់​បំណែក​ទៅ​នឹង​ផ្នែក​នានា​របស់​យន្តហោះ​នោះ៕

XS
SM
MD
LG