ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​បោះ​ឆ្នោត​តាម​ប្រៃសណីយ៍​​ជួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ឲ្យ​បោះឆ្នោត​បាន​ច្រើន​ជាង​មុន


វិក្ក័យប័ត្រ​​ជា​ភាសា​អង់គ្លេស​និង​អេស្ប៉ាញ​នៃ​ស្លឹក​ឆ្នោត​ដែល​ត្រូវ​បាន​​ផ្ញើ​រួច​តាម​ប្រៃសណីយ៍​សម្រាប់​ស្រុក Alameda County នៃ​ការ​បោះឆ្នោត​បឋម​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មិថុនា។ រូប​ថត​នេះ​ថត​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​កញ្ញា ឆ្នាំ​២០១៦។ (សឹង សុផាត/VOA)

ប្រព័ន្ធ​បោះឆ្នោត​តាម​ប្រៃសណីយ៍ (Vote by Mail) អាច​ជួយ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ប៉ុន្តែ​សម្រាប់​​ជន​អន្តោប្រវេសន៍​ខ្មែរ​ដែល​មិន​សូវ​ចេះ​ភាសា​អង់គ្លេស ប្រព័ន្ធ​នេះ​នៅ​តែ​មាន​បញ្ហា​ខ្លះ​សម្រាប់​ពួក​គេ។

អ្នកស្រី កង​ សុផា បាន​ចូល​សញ្ជាតិ​អាមេរិក​តាំង​ពី​ឆ្នាំ​២០០៥​ ប៉ុន្តែ​អ្នក​ស្រី​មិន​បាន​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០០៨​និង​ឆ្នាំ​២០១២​នោះ​ទេ។

ទើប​តែ​នៅ​ឆ្នាំ​២០១៦​នេះ ​អ្នក​ធ្វើ​ការ​ចូល​និវត្តន៍​វ័យ​៧០​ឆ្នាំ​រូប​នេះ ​បានអះអាង​ថា អ្នក​ស្រី នឹង​ចូល​រួម​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​នៅ​ពេល​ខាង​មុខ ដោយសារ​អ្នក​ស្រី ទើប​ដឹង​ថា​មាន​សេវាកម្ម​បោះឆ្នោត​តាម​ប្រៃសណីយ៍​បាន។

«ខ្ញុំ​យល់​ថា ជា​ភាព​ងាយ​ស្រួល​បំផុត។ អ្នក​មិន​ចេះ​បើក​ឡាន អ្នក​ឈឺ​ល្មមៗ ក៏​អាច​ធ្វើ​បាន ឲ្យ​កូន​ជួយ​បំពេញ​ទៅ ដែល mail (សំបុត្រ) ​គេ​ផ្ញើ​មក​ដល់​ផ្ទះ​ហើយ។ គឺ​ថា​ចំណេញ​ច្រើន​ណាស់​ការ​បោះ​ឆ្នោត​តាម​រយៈ​សំបុត្រ​នេះ ចំណេញ​ទាំង​ពេល​វេលា​និង​ថវិកា។ ជា​ពិសេស​ចាស់ៗ​ដែល​គាត់​អត់​ចេះ​បើក​ឡាន​អញ្ចឹង​ស្រួល​មែន​ទែន​ណា​ក្មួយ»។

អ្នកស្រី​ កង សុផា ធ្លាប់​បាន​ចូល​រួម​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ​មុន​នឹង​អ្នក​ស្រីធ្វើ​អន្តោប្រវេសន៍​មក​រស់​នៅ​ទីក្រុង​ Oakland នៅ​សហរដ្ឋ​អាមេរិក​នេះ កាល​ពី​ឆ្នាំ​២០០០។

អ្នកស្រី​ធ្លាប់​បាន​ជួល​ផ្ទះ​អ្នកស្រី​នៅ​ខេត្ត​ពោធិ៍សាត់​ឲ្យ​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា (អ៊ុនតាក់) កាល​ពី​ដើម​ទសវត្ស​១៩៩០។

អតីត​គ្រូបង្រៀន​នៅ​ក្រោយ​សម័យ​ខ្មែរ​ក្រហម​រូប​នេះ ក៏​ថែម​ទាំង​ធ្លាប់​បម្រើ​ការ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​ផង។

ប៉ុន្តែ ដូច​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើតខ្មែរ​នៅ​ក្រុង​ Oakland ផ្សេង​ទៀត​ដែរ​ ​អ្នក​ស្រី កង សុផា និយាយ​ថា​ អ្នកស្រី​ជួប​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​មិន​អាច​ចូល​រួម​ការ​បោះឆ្នោត​បាន​ក្នុង​ពេល​កន្លង​មក។

អ្នកស្រី កង សុផា អាយុ​៧០​ឆ្នាំ ជាពលរដ្ឋ​អាមេរិក​កំណើត​ខ្មែរនៅ​ក្រុង Oakland ដែល​បាន​បោះឆ្នោត​តាមប្រៃសណីយ៍​ក្នុង​ការ​បោះឆ្នោត​បឋម​ជ្រើសរើស​បេក្ខជន​ប្រធានាធិ​អាមេរិក​ក្នុង​រដ្ឋ​ California កាល​ពី​ខែ​មិថុនា​កន្លង​ទៅ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ VOA នៅ​គេហដ្ឋាន​របស់​អ្នកស្រី​កកាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០១៦។ (សឹង សុផាត/VOA)
អ្នកស្រី កង សុផា អាយុ​៧០​ឆ្នាំ ជាពលរដ្ឋ​អាមេរិក​កំណើត​ខ្មែរនៅ​ក្រុង Oakland ដែល​បាន​បោះឆ្នោត​តាមប្រៃសណីយ៍​ក្នុង​ការ​បោះឆ្នោត​បឋម​ជ្រើសរើស​បេក្ខជន​ប្រធានាធិ​អាមេរិក​ក្នុង​រដ្ឋ​ California កាល​ពី​ខែ​មិថុនា​កន្លង​ទៅ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ VOA នៅ​គេហដ្ឋាន​របស់​អ្នកស្រី​កកាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០១៦។ (សឹង សុផាត/VOA)

នៅ​ពេល​ចាប់​ផ្តើម​ជីវិត​ថ្មី​នៅ​សហរដ្ឋ​អាមេរិក អ្នក​ស្រីមិន​មាន​ពេល​វេលា​ដើម្បី​ទៅ​បោះឆ្នោត​ ដោយ​សារ​អ្នក​ស្រី​រវល់​ធ្វើ​ការ​ច្រើន​ម៉ោង​ដើម្បី​ចិញ្ចឹម​ក្រុម​គ្រួសារ។

នៅ​ក្នុង​សង្គម​ថ្មី ដែល​ប្រើ​រថយន្តជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ចាំ​បាច់​នោះ អ្នក​ស្រី​ បែរ​ជា​មិន​ចេះ​បើក​បរ។

ថ្លែងប្រាប់ VOA នៅ​គេហដ្ឋាន​របស់​អ្នកស្រី​នៅ​ជាយ​ទីក្រុង Oakland អ្នកស្រី កង សុផា មាន​ប្រសាសន៍​ថា អ្នកស្រី ​ក៏​ជួប​ការ​លំបាកខាង​ភាសា​និង​វប្បធម៌​នៅ​ក្នុង​ទី​ក្រុង​មួយ​ដែល​មិន​មាន​សមាគម​ខ្មែរ​រឹងមាំ​ ដែលអាច​ជួយអ្នកស្រី​ក្នុងកិច្ចការ​បោះឆ្នោត​នេះ​ផង​ដែរ។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​វ័យ​ចំណាស់​ជា​ច្រើន​នៅ​តំបន់​ក្រុង Oakland ថ្លែង​ប្រាប់ VOA ថា ពួក​គេ​ជួបបញ្ហាដូច​អ្នកស្រី កង សុផា ដែរ ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​បាន​ចូល​រួម​ការ​បោះឆ្នោត។

ប៉ុន្តែ​ពួក​គេ​និយាយ​ថា ប្រសិនបើ​ពួក​គេ​អាច​គ្រាន់​តែ​ផ្ញើ​សន្លឹក​ឆ្នោត​ដែល​គូស​ហើយ​តាម​ប្រៃសណីយ៍ ដែល​ជា​វិធី​បោះឆ្នោត​តាម​ប្រៃសណីយ៍ (vote by mail) ​នោះ ពួក​គេ​នឹង​ចង់​ចូល​រួម​ការ​បោះឆ្នោត​ជាង​មុន។

មេដឹកនាំ​សហគមន៍​ខ្មែរនិង​អ្នក​ធ្វើ​ការ​ខាង​កិច្ចការ​បោះឆ្នោត​នៅ​ក្រុង Oakland ជឿ​ថា​ ប្រព័ន្ធ​បោះឆ្នោត​តាម​ប្រៃសណីយ៍អាចជួយជំរុញ​ឲ្យចំនួន​អ្នក​បោះឆ្នោត​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ មាន​ការ​កើន​ឡើង​ខ្លាំង។

ដើម្បី​អាច​បោះឆ្នោត​តាម​ប្រៃសណីយ៍​បាន​ អ្នក​បោះឆ្នោតជា​ដំបូង​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាមុន​សិន។ ការណ៍​នេះ​ អាច​ជា​ការ​លំបាក​មួយ​សម្រាប់​អ្នក​បោះឆ្នោត​នៅ​ Oakland ដោយ​សារ​អ្នក​ស្រុក​នៅ​ទី​នេះ​ និយាយ​ថា ទីក្រុង​នេះ​មិន​មាន​សមាគម​ខ្មែរ​រឹងមាំ។

អ្នកស្រី ហូ ម៉ាឡែនី គឺ​ជា​មន្ត្រីបណ្ដុះបណ្ដាល​អ្នក​បោះឆ្នោត​ខ្មែរនិយាយ​ពីរ​ភាសា​នៃ​ការិយាល័យ​បោះឆ្នោត​ស្រុក Alameda នៃ​ក្រុងOakland​នេះ។

អ្នកស្រី ហូ ម៉ាឡែនី អាយុ​២៦ ឆ្នាំ មន្ត្រី​បណ្តុះបណ្តាល​អ្នក​បោះឆ្នោត​ខ្មែរនិយាយ​ពីរ​ភាសា​នៃ​ការិយាល័យ​បោះឆ្នោត​ស្រុក Alameda ដែល​រួមបញ្ចូល​ក្រុង Oakland។ (សឹង សុផាត/VOA)​
អ្នកស្រី ហូ ម៉ាឡែនី អាយុ​២៦ ឆ្នាំ មន្ត្រី​បណ្តុះបណ្តាល​អ្នក​បោះឆ្នោត​ខ្មែរនិយាយ​ពីរ​ភាសា​នៃ​ការិយាល័យ​បោះឆ្នោត​ស្រុក Alameda ដែល​រួមបញ្ចូល​ក្រុង Oakland។ (សឹង សុផាត/VOA)​

អ្នក​ស្រី​ពន្យល់ប្រាប់​ VOA ថា ក្រោយពេលចុះ​ឈ្មោះ​ហើយ អ្នក​បោះឆ្នោត​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​ដែល​ត្រូវ​ផ្ញើ​តាម​ប្រៃសណីយ៍ ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​គូស​សន្លឹក​ឆ្នោត​នៅ​គេហដ្ឋាន​របស់​ពួក​គេ​ផ្ទាល់តែ​ម្តង។

«ដល់​ពេល​បោះ​មែនទែន ខាង​ការិយាល័យ​នឹង​ផ្ញើ​ក្រដាស​សន្លឹក​ឆ្នោត​និង​ស្រោម​សំបុត្រ​ទៅ​ឲ្យ​ពួក​គាត់។ ពួក​គាត់​គ្រាន់​តែ​គូស​នូវ​សន្លឹក​ឆ្នោត​ដែល​ពួក​ខ្ញុំ​ផ្ញើ​ទៅ​ឲ្យ​គាត់​ តែ​កុំ​ភ្លេច​ស៊ីញេ​នៅ​ស្រោម​សំបុត្រ​ផង‍»។

ប្រព័ន្ធ​បោះឆ្នោត​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​នេះ ក៏​អនុញ្ញាត​ឲ្យ​អ្នកដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហើយ ​អាច​បោះឆ្នោត​តាម​ប្រៃសណីយ៍បាន​ជា​រៀង​រហូត

ប៉ុន្តែ ​ប្រព័ន្ធ​បោះឆ្នោត​តាម​ប្រៃសណីយ៍​នេះ ​មិន​មែន​សុទ្ធ​តែ​ងាយស្រួល សម្រាប់​ជន​អន្តោប្រវេសន៍​ខ្មែរ​នៅ​ក្រុង Oakland ​នេះ​ទេ។

អ្នកស្រី លី សំបូរ អ្នក​គ្រប់​គ្រងការ​បកប្រែ​ភាសា​នៃ​កម្មវិធី​សុខភាព​សម្រាប់​ជន​ភៀស​ខ្លួន​នៅមន្ទីរពេទ្យ​មួយ​នៅ​ស្រុក Alameda County ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មាន​វ័យ​ចំណាស់​នៅ​តែ​មិន​ទាន់​បាន​ជ្រាប​អំពីជម្រើស​នៃ​ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍។

អ្នកស្រី​ថ្លែង​ថា ខណៈ​ដែល​ការ​បោះឆ្នោត​តាម​ប្រៃសណីយ៍​អាច​ជួយ​ជនជាតិ​ខ្មែរ​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ច្រើន​ជាង​មុន បញ្ហា​ធំ​ជាង​គេ​របស់​ប្រព័ន្ធ​នេះ​សម្រាប់​ជន​អន្តោប្រវេសន៍​ គឺ​បញ្ហា​មិន​ចេះ​ភាសា​និង​ការ​មិន​ទុក​ចិត្ត​ក្រុម​គ្រួសារ។

អ្នក​នាង លី សំបូរ អ្នក​គ្រប់​គ្រងការ​បកប្រែ​នៃ​កម្មវិធី​សុខភាព​សម្រាប់​ជន​ភៀស​ខ្លួន​នៅមន្ទីរពេទ្យ​មួយ​នៅ​ស្រុក Alameda County។ (សឹង សុផាត/VOA)
អ្នក​នាង លី សំបូរ អ្នក​គ្រប់​គ្រងការ​បកប្រែ​នៃ​កម្មវិធី​សុខភាព​សម្រាប់​ជន​ភៀស​ខ្លួន​នៅមន្ទីរពេទ្យ​មួយ​នៅ​ស្រុក Alameda County។ (សឹង សុផាត/VOA)

អ្នកស្រី លី សំបូរ ពន្យល់​ប្រាប់​ VOA ថា៖

«បើ​យើង​បោះ​ឆ្នោត​តាម​ផ្ទះ​ តើ​សន្លឹក​ឆ្នោត​ហ្នឹង​ជា​ភាសា​អី ប្រសិន​បើ​ជា​ភាសា​អង់គ្លេស​សុទ្ធ ​ក៏​គាត់​អាច​មាន​បញ្ហា។ ជា​ភាសា​ខ្មែរ​ក៏​គាត់​អាច​មាន​បញ្ហា​ ព្រោះ​គាត់​ខាន​អាន​អក្សរ​ខ្មែរយូរ​ហើយ​ព្រោះ​គាត់​អាច​ភ្លេច។ ហើយ​ចាស់ៗ​គាត់​អាច​មើល​ខ្មែរ​ក៏​អត់​បាន មើល​អង់គ្លេស​ក៏​អត់​បាន។ កូន​គាត់​អាច​ជួយ​បាន​ប៉ុន្តែ​អាច​ដូច​ថា​ផ្ដល់​យោបល់ ហើយ​ការ​ជ្រើសរើស​របស់​គាត់​មិន​ពី​ចិត្ត​គាត់​សុទ្ធ។»

នៅ​«វត្ត​ថ្មី‍»​ក្នុង​ក្រុង​ Oakland ​នេះ លោក ថាច់ ឈីវ ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​កំណើត​ខ្មែរ​ក្រោម ​ថ្លែង​ថា​ លោក​មិន​ដែល​ធ្លាប់​ឮ​អំពី​ប្រព័ន្ធ​បោះឆ្នោត​តាម​ប្រៃសណីយ៍​នេះ​ទេ ប៉ុន្តែ​ភាព​ងាយ​ស្រួល​នៃ​ការបោះឆ្នោត​តាម​សំបុត្រ​នេះ​ធ្វើ​ឲ្យ​លោក​ចាប់​អារម្មណ៍។

បុរស​អាយុ​៦២​ឆ្នាំ​ ដែល​ទើប​ចាប់​ផ្ដើម​ពិការ​ភ្នែក​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ដែល​មិនធ្លាប់​បោះឆ្នោត​ពី​មុន​សោះ​នោះ បាន​ថ្លែង​ប្រាប់​ VOA នៅ​មុន​ពេល​ចូល​រួម​ប្រគេន​ចង្ហាន់​ពេល​ព្រឹក​ដល់​ព្រះសង្ឃ​នៅ​វត្ត​ថ្មី​នេះ​ថា៖

«ចាប់​អារម្មណ៍​ចង់​បោះ ចង់​ជួយ​ដែរ ត្រូវ​តែ​បោះ។ បើ​ថា ខ្ញុំឲ្យ​គេអាច​សរសេរ​តាម​គំនិត​របស់​ខ្ញុំ​ណា។ ហើយ​ខ្ញុំ​ស្រឡាញ់​បេក្ខជន​មួយ​ណា ឲ្យ​គេ​ចុះ​ឈ្មោះ​ឲ្យ​ខ្ញុំ​ទៅ ខ្ញុំ​ផ្ញើ​ទៅ​ឲ្យ​គេ អា​ហ្នឹង​ខ្ញុំ​ក៏​ចាប់​អារម្មណ៍​បោះ»។

ដោយ​មាន​ការ​ជួយ​និង​លើក​ទឹក​ចិត្ត​ពី​សកម្មជន​ក្នុង​សហគមន៍ នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​បទ​សម្ភាសន៍​នេះ លោក ថាច់ ឈីវ ត្រូវ​បាន​ចុះ​ឈ្មោះ​ឲ្យ​បោះឆ្នោត​តាម​ប្រៃសណីយ៍​នៅ​ក្នុង​ការ​បោះឆ្នោតជ្រើស​រើស​ប្រធានាធិបតី​ខាង​មុខ។

លោក ថាច់ ឈីវ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរក្រោម​នៅ​ក្រុង Oakland ដែល​ក្លាយ​ជា​ពិការ​ភ្នែក​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ VOA នៅ​វត្ត​ថ្មី​ជាយ​ក្រុង Oakland កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ (សឹង សុផាត/VOA)
លោក ថាច់ ឈីវ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរក្រោម​នៅ​ក្រុង Oakland ដែល​ក្លាយ​ជា​ពិការ​ភ្នែក​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ VOA នៅ​វត្ត​ថ្មី​ជាយ​ក្រុង Oakland កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ (សឹង សុផាត/VOA)

ដូច​លោក​ ថាច់ ឈីវ ​ដែរ អ្នកស្រី កង សុផា ថ្លែង​ថា អ្នក​ស្រី​មានទំនុក​ចិត្តទៅ​លើ​ប្រព័ន្ធ​បោះឆ្នោត​តាម​ប្រៃសណីយ៍​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​អ្នក​ស្រី​បារម្ភ​ថា ​ការ​មិន​ចេះ​ភាសា​អង់គ្លេស អាច​ជា​បញ្ហា​សម្រាប់​ក្រុម​គ្រួសារ​ខ្មែរ​អាមេរិកាំង​ដែល​មាន​និន្នាការ​នយោបាយ​ខុស​គ្នា​រវាង​ឪពុកម្ដាយ​និង​កូន។

«ពេល​ផ្ញើ​ mail (សន្លឹក​ឆ្នោត​ក្នុងសំបុត្រ) មក បើ​សិន​ជា​កូន​មិន​គូស​តាម​បេក្ខជនម៉ែ​ស្រឡាញ់​ បែរ​ជាទៅ​គូស​ឲ្យម្នាក់​នោះ​វិញ​ អា​ហ្នឹង​ក៏​មិន​ដឹង​ថា​ម៉េច​ដែរ។ ម៉ែ​ឪ​ទំនុក​ចិត្ត​លើ​កូន តែ​បើ​កូន​ហ្នឹង​ក្បត់​ពី​ឧត្ដមគតិ​ឪពុកម្ដាយ ​ក៏​គាត់​អត់​ដឹង​ធ្វើ​ម៉េច​ដែរ ព្រោះ​អត់​ចេះ។»

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី​ កង សុផា អះអាង​ថា អ្នក​ស្រី នឹង​នៅ​តែចូល​រួមបោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ថ្មី​តាម​សំបុត្រ​ផ្ញើ​តាម​ប្រៃសណីយ៍​នេះ​ ដោយ​សារ​អ្នក​ស្រី​បាន​ជ្រើសរើស​វិធី​បោះឆ្នោត​ដែល​មាន​លក្ខណៈ​ងាយស្រួល​នេះ នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ម្ដង​ហើយ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។

អ្នកស្រី ហូ ម៉ាឡែនី មន្ត្រីបណ្ដុះបណ្ដាល​អ្នក​បោះឆ្នោត​ខ្មែរនិយាយ​ពីរ​ភាសា​នៃ​ការិយាល័យ​បោះឆ្នោត​ស្រុក Alameda នៃ​ក្រុងOakland​នេះ ថ្លែង​ថា​ដំណោះស្រាយ​មួយ​ដែល​អាច​ជួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​មិន​ចេះ​ភាសា​អង់គ្លេស ​គឺ​ការ​បញ្ចូល​ភាសា​ខ្មែរ​ទៅ​ក្នុង​សន្លឹក​ឆ្នោត។

ប្រព័ន្ធ​បោះឆ្នោត​តាម​ប្រៃសណីយ៍​នេះ​ មាន​ជា​ភាសា​៥​សំខាន់ៗ​រួច​ទៅ​ហើយ ហើយ​អ្នកស្រីសង្ឃឹម​ថាសន្លឹក​ឆ្នោត​នេះ​ នឹង​មាន​ជា​ភាសា​ខ្មែរ​មួយ​ទៀត​នៅ​ពេល​អនាគត ទោះបីជា​សន្លឹក​ឆ្នោត​ជា​ភាសា​ខ្មែរ​នេះ ​នឹង​មិន​ទាន់​មាន​ទេ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​ក៏​ដោយ។

អ្នកស្រី​ លី​ សំបូរ អ្នក​គ្រប់​គ្រងការ​បកប្រែ​ភាសា​នៃ​កម្មវិធី​សុខភាព​សម្រាប់​ជន​ភៀស​ខ្លួន​នៅមន្ទីរពេទ្យ​មួយ​នៅ​ស្រុក Alameda County ថ្លែង​ថា ដំណោះស្រាយ​មួយទៀត​ដែល​អាច​ជួយ​បាន ​គឺ​ការ​បង្កើតនូវការ​ណែនាំ​ដែល​មាន​បង្ហោះ​ជា​សំឡេង​នៅ​លើ​អ៊ីនធឺណិត។

ការ​បោះឆ្នោត​ជា​មុន​តាម​ប្រៃសណីយ៍​នេះ ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១០ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ ដែល​ជា​ថ្ងៃ​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សហរដ្ឋ​តែ​ម្តង។

អ្នកស្រី កង សុផា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ការ​ណែនាំ​នៅ​ក្នុង​សន្លឹក​ឆ្នោត ពិត​ជា​មាន​ជា​ភាសា​ខ្មែរ​ទៀត​នោះ វា​នឹង​រឹត​តែ​ជួយ​ច្រើន​ថែម​ទៀត​ដល់​អ្នក​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​ជា​លើក​ដំបូង​ដូចជា​អ្នកស្រី​ជា​ដើម។

អ្នក​ស្រី​ថ្លែង​ដោយ​ញញឹម​ថា៖

«(បើ​មាន​ជា​ភាសា​ខ្មែរ) ​ល្អ ខ្ញុំ​ជឿ​ថា ​អា​ហ្នឹង​ល្អ​ណាស់​ចាស៎។ ខ្ញុំ​ជឿ​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​ អាច​បោះ ដូច​ថា​ផ្ញើ​មក​ហើយ យើង​ស្រឡាញ់​ យើង​គូស​ហើយ​បត់​ស្រេច​ផ្ញើ​ទៅ​មិន​បាច់​ពឹង​កូន​ក៏​បាន​ដែរ»៕

XS
SM
MD
LG