ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ប៉ោយប៉ែត​មិន​ព្រម​ចេញ​ឯកសារ​ឲ្យ​អ្នកស្រុក​​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត


រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។
រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។

លោក ​ហង្ស ​ពុទ្ធា​ អ្នក​នាំ​ពាក្យ​ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ គ.ជ.ប​ លើក​ឡើង​ថា​ ភាព​ចម្រូង​ចម្រាស​នេះ​ អាច​កើត​មាន​ឡើង​ដោយសារ​ការ​មិន​យល់​ច្បាស់​ពី​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត ឬ​អាច​ពាក់ព័ន្ធ​នឹង​ចេតនា​មិន​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​អជ្ញាធរ​មូលដ្ឋាន។

យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ជាង​២០​នាក់​ មក​ពី​ឃុំ​អូបី​ជាន់ ​និង​ឃុំ​ប៉ោយ​ប៉ែត​ ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ បដិសេធ​មិន​ព្រម​ចេញ ​ឯកសារ​បញ្ជាក់​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ដោយអាជ្ញាធរ​មូលដ្ឋាន ​សំអាង​ថា​ ពលរដ្ឋ​ទាំង​នោះ​មិន​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់។​ នេះ​បើយោង​តាមការ​ឲ្យ​ដឹង​ពី​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ខុមហ្វ្រែល (​Comfrel)​ នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​ កន ​សាវាង្ស​ ជា​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​របស់​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ Comfrel​ ឲ្យ​ដឹងថា​ ក្រុម​ការងារ​របស់​លោក ​នឹង​ជំរុញឲ្យ​ពលរដ្ឋ​ទាំង​នោះ​ ដាក់​ពាក្យ​បណ្តឹង​ទៅ​មន្ត្រី​គ.ជ.ប​ ឲ្យ​សិក្សា​លើ​ករណី​នេះ​ ដើម្បី​ឲ្យ​មាន​ការ​ដោះស្រាយ​ និង​ធ្វើ​អន្តរាគមន៍​ ជៀសវាង​មាន​ភាព​អសកម្ម​ជុំ​វិញ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ។

យ៉ាង​ណា​ក៏​ដោយ​ លោក ​ហង្ស ​ពុទ្ធា​ អ្នក​នាំ​ពាក្យ​ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ គ.ជ.ប​ លើក​ឡើង​ថា​ ភាព​ចម្រូង​ចម្រាស​នេះ​ អាច​កើត​មាន​ឡើង​ដោយសារ​ការ​មិន​យល់​ច្បាស់​ពី​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត ឬ​អាច​ពាក់ព័ន្ធ​នឹង​ចេតនា​មិន​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​អជ្ញាធរ​មូលដ្ឋាន។

លោក ​ហង្ស ​ពុទ្ធា ​អះអាង​ថា​ គ.ជ.ប​ កំពុង​សិក្សា​ចំពោះ​ករណី​នេះ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ អាច​នឹង​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់​ ប្រសិន​បើ​រកឃើញ​ថា​អាជ្ញាធរ​ទាំង​នោះ​ មាន​ចេតនា​រំខាន​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលរដ្ឋ។

ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កំព្យូទ័រ​ថ្មី បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី១​ ខែ​កញ្ញា​នេះ​ ហើយ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ខាង​មុខ។

គិត​ត្រឹម​ថ្ងៃទី​១០​ ខែ​តុលា​ ឆ្នាំ​២០១៦​នេះ​ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជាង​៥លាន​នាក់​ហើយ៕

XS
SM
MD
LG