ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ប្រឆាំង​សម្រេច​មិន​ចូល​ប្រជុំ​សភា​ដោយ​​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន

  • ហ៊ាន សុជាតា

គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សន្និសីទ​សារព័ត៌មាន​បកស្រាយ​ពី​មូលហេតុ​ដែល​គណបក្ស​នេះ​សម្រេច​មិន​ចូល​ប្រជុំ​សភា​ នៅឯ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​ នៅ​រាជធានីភ្នំពេញ​ កាលពី​ថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ២០១៦។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក​ យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់ ​លើក​ឡើង​ថា​ ការ​សម្រេច​​មិន​ចូល​ប្រជុំ​សភា​នា​ព្រឹក​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​មិន​បាន​ព្រាង​ទុក​នោះ​ទេ។

ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​សម្រេច​មិន​ចូលរួម​ប្រជុំ​សភា​ជាតិ​ ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​ដោយសារ​បារម្ភ​ពី​សន្តិសុខ​ផ្ទាល់​ខ្លួន​ ហើយ​គណបក្ស​នេះ​អះអាង​ថា​ គណបក្ស​កាន់​អំណាច​មិន​បាន​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​បញ្ហា​នយោបាយ​ជាមួយ​ខ្លួន។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក​ យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់ ​លើក​ឡើង​ថា​ ការ​សម្រេចមិន​ចូល​ប្រជុំ​សភា​នា​ព្រឹក​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​មិន​បាន​ព្រាង​ទុក​នោះ​ទេ។ ​លោក​ថា​ ការ​សម្រេច​ចិត្ត​នេះ​ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ​ទទួល​បាន​ការ​គំរាមកំហែង​លើ​សុវត្ថិភាព​ និង​សន្តិសុខ​របស់​ក្រុម​តំណាងរាស្ត្រ​ និង​គណបក្ស​នេះ​យល់​ថា​ គណបក្ស​កាន់​អំណាច​មិន​បាន​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​បញ្ហា​នយោបាយ​ជាមួយ​ខ្លួន។

លោក យឹម​ សុវណ្ណ ​ថ្លែង​បញ្ជាក់​ថា៖

«យើង​ចង់​បាន​ដំណោះ​ស្រាយ​ជាក់​ស្តែង។​ យើង​បាន​បង្ហាញ​សុឆន្ទៈ​ទៅ​គណបក្ស​កាន់​អំណាច​ថា លោក​ប្រធាន​ស្តី​ទី​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​តំណាងរាស្ត្រ​ទាំង​អស់​នឹង​ទៅ​ចូលរួម​ប្រជុំ។ យើង​ចង់​បាន​ការ​ជួប​ជជែក​គ្នា​ ដោះស្រាយ​បញ្ហា​ការ​ចូលរួម​សកម្មភាព​នយោបាយ​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ សិទ្ធិ​សេរីភាព​សកម្មជន​គណបក្ស​ ក៏​ដូច​ជា​តំណាងរាស្ត្រ​ព្រឹទ្ធសភា​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ហើយ​នឹង​សកម្មជន​សិទ្ធិ​មនុស្ស​ គឺ​ជា​ដំណោះស្រាយ​ដែល​យើង​ចង់​បាន។ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ បក្ស​កាន់​អំណាច​មិន​បាន​បង្ហាញ​នូវ​ឆន្ទៈ​នយោបាយ​ណា​មួយ ដែល​ធ្វើ​ឲ្យ​ឈាន​ទៅ​រក​ភាព​ប្រក្រតី​វិញ​នោះ​ទេ»។

ដោយ​មិន​បាន​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ​ គណបក្ស​ជំទាស់​លើក​ឡើង​បន្ត​ថា​ ការ​គំរាម​កំហែង​នេះ​មាន​លក្ខណៈ​ដូចគ្នា​នឹង​ករណី​វាយ​ដំ​តំណាងរាស្ត្រ​បក្ស​ជំទាស់២​រូប​នៅ​ក្នុង​បរិវេណ​រដ្ឋសភា​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៥ដែរ។​ ហើយ​គណបក្ស​នេះ​ថា​ ការ​គំរាម​កំហែង​ថ្មី​ដែល​ទើប​នឹង​ទទួល​បាន​ថ្មី​ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​មុន​ទៀត។

នៅ​ក្នុង​សម័យ​ប្រជុំ​លើ​កទី៧​ នីតិកាល​ទី៥​ ដែល​មាន​តែ​តំណាងរាស្ត្រ​ពី​គណបក្ស​កាន់​អំណាច​ចូល​រួម​ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​បោះឆ្នោត​អនុម័ត​លើ​ច្បាប់​វិជ្ជាជីវៈ​សុខាភិបាល​ ដោយ​សំឡេង​៦៧​លើ​៦៧​ និង​អនុម័ត​ច្បាប់​ស្តី​ពី​ការងារ​ពាណិជ្ជកម្ម​សមាគម​អាស៊ាន។ រីឯ​កាល​បរិច្ឆេទ​នៃ​ការ​ប្រជុំ​សភា​លើក​ក្រោយ​ទៀត​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ។

លោក ​សុខ ​ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​លើក​ឡើង​ថា​ ការ​មិន​ចូល​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​នា​ព្រឹក​នេះ​ គឺ​ជា​ការ​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា និង​ជា​ការ​ប្រឆាំង​នឹង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា។ លោក ​សុខ ​ឥសាន យល់​ថា​ ការ​យក​សុវត្ថិភាព​របស់​តំណាងរាស្ត្រ​ជា​ហេតុផល​មិន​ចូល​សភា​នេះ​គ្រាន់​តែ​ជា​លេស​គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​ជំទាស់​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​ថ្លែង​ប្រាប់ VOA ថា៖

«សម្តេច ​ហ៊ុន​ សែន​ បាន​ផ្តើម​គំនិត​ធ្វើ​ឲ្យ​សភាពការណ៍​ល្អ​ប្រសើរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ។ គាត់​បាន​ចង្អុល​ណែនាំ​ថា​ បើ​ចង់​មាន​មតិ​អី​ ត្រូវ​ចូល​សភា​ទើប​មាន​ប្រសិទ្ធភាព​ជាង​ការ​និយាយ​នៅ​ក្រៅ។ ប៉ុន្តែ​ពាក្យ​ដែល​គាត់​និយាយ​ថា​ ​បន្ទន់​ឥរិយាបថ​នោះ​គឺ​ចង់​ឲ្យ​បក្ស​ប្រជាជន​ចូល​ប្រជុំ​ជាមួយ​គាត់ ដើម្បី​ដោះ​លែង​អ្នក​ជាប់​ទោស​របស់​គាត់​តែ​ប៉ុណ្ណោះ។ ចឹង​ទេ​ យើង​មិន​អាច​យក​រឿង​គណបក្ស​នយោបាយ​ រំលោភ​សមត្ថកិច្ច​តុលាការ​បាន​ទេ។​ ការ​ចង់​បាន​របស់​គាត់​នេះ​ មិន​អាច​ទៅ​រួច​ទេ​ យើង​មិន​អាច​យក​វប្បធម៌​និទណ្ឌភាព​មក​ជំនួស​ឲ្យ​នីតិរដ្ឋ​បាន​ទេ»។

លោក ​អ៊ូ វីរៈ​ អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ និង​ជា​ប្រធាន​នៃ​វេទិកា​អនាគត​ បង្ហាញ​ការ​សោក​ស្តាយ​ដែល​ស្ថានការណ៍​នយោបាយ​នៅ​មាន​ភាព​តាន​តឹង និង​មិន​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ដែល​អាច​ឲ្យ​គណបក្ស​ទាំង​២​អាច​ជជែក​គ្នា​ក្នុង​សភា​ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​បាន។

«ជា​រឿង​មួយ​សោក​ស្តាយ​ដែល​នយោបាយ​នៅ​មាន​ភាព​តានតឹង។ ​បក្ស​ទាំង​២គួរ​បន្ត​ជជែក​គ្នា​ទៀត​ទៅ​ ក្រែង​លោ​បើ​មិន​បាន​ចូល​ថ្ងៃ​នេះ ចូល​ថ្ងៃ​ក្រោយ។​ វា​ជា​រឿង​មួយ​ដែល​ប្រជាជន​ចង់​បាន​ទាំង​អស់​គ្នា​ តាម​ធម្មតា​រឿង​ប្រទេស​ជាតិ​ គាត់​អត់​ចង់​ឲ្យ​អ្នក​នយោបាយ​ឈ្លោះ​គ្នា​ទេ។​ ចំណាប់​អារម្មណ៍​រវាង​អ្នក​នយោបាយ​ មិន​គួរ​រវាង​គ្នា​ទៅវិញ​ទៅមក​ទេ​ គួរ​យក​ប្រជាជន​ជាធំ»។

លោក​ អ៊ូ វីរៈ​ បន្ថែម​ថា​ រដ្ឋាភិបាល​គប្បី​ធានា​សុវត្ថិភាព​តំណាងរាស្ត្រ​ពី​គ្រប់​គណបក្ស​ដើម្បី​បង្ក​ឲ្យ​បរិយាកាស​ចរចា​ក្នុង​សភា​មាន​ភាព​ប្រសើរ​ជាង​នេះ។​

បន្ទាប់​ពី​គណបក្ស​ជំទាស់​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​អស់​រយៈពេល​ជា​ច្រើន​ខែ ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​កន្លង​ទៅ​ ​សមាជិក​សភា​គណបក្ស​ប្រឆាំង​ បាន​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ជាមួយ​សមាជិក​សភា​គណបក្ស​កាន់​អំណាច។​ ក៏​ប៉ុន្តែ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​នោះ​ មិន​ទទួល​បាន​លទ្ធផល​អ្វី​ជាដុំ​កំភួន​នោះ​ទេ ក្រៅ​ពី​ការ​បន្ត​ជជែក​លើ​ការ​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​២រូប​នោះ​ទេ៕

XS
SM
MD
LG