ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​គណបក្ស​រាជានិយម​ឈ្នះ​៥​អាសនៈ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​​អាសនៈ​លើស​លប់


រូប​ឯកសារ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រា​វុធ​ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច​ បាន​ចូលរួមដង្ហែ​​​ក្បួន​ឃោសនា​ការបោះឆ្នោតឃុំសង្កាត់​អាណត្តិ​ទី៥ នៅក្រុងតាខ្មៅ​ នៃខេត្តកណ្តាល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២២​។ (លាស់​ លីប​លីប/វីអូអេ)
រូប​ឯកសារ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រា​វុធ​ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច​ បាន​ចូលរួមដង្ហែ​​​ក្បួន​ឃោសនា​ការបោះឆ្នោតឃុំសង្កាត់​អាណត្តិ​ទី៥ នៅក្រុងតាខ្មៅ​ នៃខេត្តកណ្តាល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២២​។ (លាស់​ លីប​លីប/វីអូអេ)

ក្រោយការបោះ​ឆ្នោត​ថ្នាក់​ជាតិ​អាណត្តិ​ទី ៧ កាល​ពី​ថ្ងៃ​អាទិត្យ បាន​បញ្ចប់​ទៅ គណបក្ស​រាជា​និយម​ចាស់​វស្សា​មួយ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អះ​អាង​ថា ខ្លួនទទួល​បាន​អាសនៈ​តំណាង​រាស្ត្រ​ប្រមាណ ៥ អាសនៈ ក្នុង​ចំណោម​ ១២៥ ​អាសនៈ​នៅ​រដ្ឋសភា​ជាតិ​។ នេះ​បើ​តាម​លទ្ធផល​បោះឆ្នោត​ក្រៅផ្លូវការ។

រីឯ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ បាន​ឈ្នះ​អាសនៈ​នៅ​សល់​ចំនួន​ ១២០ ដែល​ជា​ចំនួន​ភាគច្រើន ក្នុង​ការ​បោះឆ្នោត​ដែល​អវត្តមាន​គណបក្ស​ជំទាស់​ដ៏​ធំ គឺ​គណបក្ស​ភ្លើង​ទៀន បន្ទាប់​ពី​គណបក្ស​នេះ​ត្រូវ​បាន​បដិសេធ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត។

​អាសនៈ​ទាំង​៥ ​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​បាន​ រួមមាន​មណ្ឌល​ភ្នំពេញ ១​អាសនៈ​ ដែល​ព្រះអង្គ​ម្ចាស់​ នរោត្តម​ ចក្រាវុធ​ ជា​ព្រះ​ប្រធាន​គណបក្សហ៊្វុន​ស៊ិនប៉ិច និង​ជា​បុត្រា​របស់​ព្រះអង្គ​ម្ចាស់​ក្រុម​ព្រះ ឈរជា​តំណាង​រាស្ត្រ​លេខ​រៀង​ទី ១ ​មណ្ឌល​ខេត្ត​កំពង់ចាម ១​អាសនៈ ខេត្ត​កំពង់ធំ ​១អាសនៈ​ ខេត្ត​កណ្តាល​ ១​អាសនៈ និង​មណ្ឌល​ខេត្ត​ព្រៃវែង​ ១​អាសនៈ។ នេះ​បើ​តាម លោក​ ញឿន រ៉ាដែន ​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

លោក​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តួលេខ​នៃ​លទ្ធផល​ដែល​គណបក្ស​ទទួល​បាន​៥​ អាសនៈ​នេះ​ គឺជាតួ​លេខ​ដែល​គណបក្ស​ផ្ទៀង​ផ្ទាត់​ជាមួយតួលេខរបស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត។ លោក​បន្ត​ថា​ គណបក្ស​នឹង​ចាំ​មើល​លទ្ធផល​ផ្លូវការ​បន្ត​ទៀត។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ​គណបក្ស​ទទួល​បាន​សំឡេង​គាំទ្រ​នេះ ដោយ​សារតែ​ប្រជាប្រិយភាព និង​ «បារមី» របស់​ព្រះអង្គ​នរោត្តម​ចក្រាវុធ​ ដែល​ជា​ព្រះ​ប្រធាន​បក្ស។ លោក​ ញឿន រ៉ាដែន បានអរគុណ​ម្ចាស់​ឆ្នោត​ដែល​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​លោក​ផង​ដែរ។

លោក​ថ្លែង​ថា៖ «បាទ​ជាការ​ពិតណាស់!​ ព្រះអង្គ​ជា​បញ្ញវន្ត ​ហើយ​ជា​ញាតិវង្ស​មួយ​ដែល​លេចធ្លោ​អាច​ជួយ​ប្រជារាស្ត្រ​បាន ហើយ​ជាពិសេស​អនាគត លោក​អាច​ធ្វើ​យ៉ាងណា ជួយ​ប្រទេស​ជាតិ​យើង។ តាម​រយៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះ គឺ​អាច​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជា​រាស្ត្រ​យើង​មាន​ជីវភាព​ថ្លែថ្នូរ ដូច​អ្វី​ដែល​គោល​នយោបាយ​របស់​យើង​បាន​ដាក់​ចេញ។ បូក​រួម​គោល​នយោបាយ និង​ប្រជាប្រិយភាព​របស់​ព្រះអង្គ ធ្វើ​ឱ្យ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​ទទួល​បាន​ការ​គាំទ្រ ជាពិសេស​សន្ទុះ​នៃ​សំឡេង ទោះ​បី​ជា​ខេត្ត​មួយ​ចំនួន​មិន​ទាន់​ទទួល​បាន ប៉ុន្តែ​មាន​ការ​កើន​ឡើង​ប្លែក​ខុស​ពី​អាណត្តិ​កន្លង​ទៅ»។

លោក ញឿន ​រ៉ាដែន ​លើក​ឡើង​ថា​ ដំណើរ​ការ​បោះ​ឆ្នោត​នេះ​មាន​បញ្ហា​តិច​តួច ប៉ុន្តែ​មិន​មែន​ជា​បញ្ហា​ធំដុំ​ ដែល​គណបក្ស​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។

​លោក​បន្តថា៖ ​«ក្នុង​នាម​ខ្ញុំ​ជា​តំណាង​គណបក្ស​ យើង​អត់​មាន​បញ្ហា​អ្វី​ទេ។ ទោះបីជា​បញ្ហា​តិច​តួច​វា​បាន​កើត​ឡើង​ ត្រូវ​បាន​ដោះ​ស្រាយ​ ដូច​អត់​មាន​អី​ធ្ងន់​ធ្ងរ​ទេ»។

​ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ លោក ​សុខ ​ឥសាន ក៏​បាន​អះ​អាង​ថា គណបក្ស​កាន់​អំណាចបាន​ឈ្នះ​ការបោះ​ឆ្នោត​នេះ​ដោយភ្លូក​ទឹក​ភ្លូក​ដី។
លោក​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ក្នុង​ ៨៤,៥៨%​នេះ ​គឺ​គណបក្ស​ប្រជាជនបាន​ពី​ ៧៨% ​ទៅ​ ៨០%។ អ៊ីចឹង​វា​អាច​មាន​គណ​បក្ស​ខ្លះ បាន​មួយ​ឬ​ពីរ​[អាសនៈ]»។

លោក សុខ ឥសាន​ ចាត់​ទុកការបោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ដំណើរ​ការ​ទៅ​ដោយ​គោរព​ទៅតាមឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា៖ «ហើយ​ការ​បោះ​ឆ្នោត​នេះ ​ជា​ការ​បោះ​ឆ្នោត​សម្តែង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ដែល​ចង់បាន​សន្តិភាព​ ចង់​បាន​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ»។

ដោយ​ឡែក​ ​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោតបាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់​ពី​បិទ​បញ្ចប់​កា​រ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​គេ​ឃើញ​មន្ត្រី​របស់គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ម្នាក់​ គឺ​លោក ​វ៉ាន់ នីសា បាន​សំណូមព​រ​ទៅ​កាន់​ស្ថាប័ន​ គ.ជ.ប ​មិន​ឱ្យ​ផ្តល់​សិទ្ធិ​ទៅកាន់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហៅ​កាត់​ថា ​ស.ស.យ.ក ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន ម៉ានី កូនប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ព្រោះ​បង្ហាញ​រូបភាព​លម្អៀង។ ស្ថាប័ន​មួយ​នេះ​បាន​ដាក់​អ្នក​សង្កេតការណ៍​ច្រើន​ជាង​គេ គឺ​រហូត​ទៅ​ដល់​ ៣៦.០០០​នាក់។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សូម​ខាង​ គ.ជ.ប ជួយ​សម្រួល ពាក់ព័ន្ធ​ជាមួយ[ការ] ​កុំផ្តល់​សិទ្ធិ​ទៅដល់​ខាង​ ស.ស.យ.ក ​ដើម្បី​មាន​ភាព​ងាយ​ស្រួលក្នុ​ងការ​ឱ្យ​អ្នក​សង្កេតការណ៍​ពី​គណបក្ស​នយោបាយ​គាត់បាន​ចូលរួមក្នុង​ការ​សង្កេត​ការណ៍​ ពី​ព្រោះ​អ្វី​ដែល​ខ្ញុំ​ឃើញ គាត់​មិន​មែន​ឈរ​នៅ​កណ្តាល គឺ​គាត់​ឈរ​លម្អៀង​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា»។

​ប៉ុន្តែ​ភ្លាមៗ​នោះ មន្ត្រីគណបក្ស​ប្រជា​ជន​កម្ពុជា ​លោក ចាន់​ សុខ​សាន ​ចេញមុខ​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​លោក វ៉ាន់ នីសា។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ទទួល​យក​បាន​ឡើយ​ ចំពោះ​ការ​លើក​ឡើង​បែប​នេះ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា​ នេះ​គ្រាន់​តែ​ការ​យល់ឃើញ​ និង​វាយ​តម្លៃ​សម្រាប់​ខ្លួន​គាត់​ទេ។ រឿង​ការ​បំពេញ​កាតព្វកិច្ច​ ការ​ចូល​រួម​សង្កេត​ការណ៍​បោះ​ឆ្នោត ការ​យល់ឃើញ​យ៉ាង​ម៉េច​របស់​អង្គ​ការ​សង្គម​ស៊ីវិល អាហ្នឹង​ជា​រឿង​របស់​គាត់។ ប៉ុន្តែ​បើ​ជា​ការ​វាយ​តម្លៃ​ដែល​គ្មាន​អំណះអំណាង ឬ​ភស្តុតាង​ណាមួយ​ សម្រាប់​គណបក្ស​ប្រជាជន​គឺ​មិន​អាច​ទទួល​យក​បាន»។

ក្នុងសន្និសីទ​សារព័ត៌មាន​ដដែល​នោះ​ លោក​ ទេព នីថា អគ្គលេខាធិការ គ.ជ.ប បញ្ជាក់​ថា អ្នកសង្កេតការណ៍ គឺ​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​បា​នចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ដូច្នេះ​ គ.ជ.ប ​មិន​មាន​សិទ្ធិ​ហាម​មិន​ឱ្យ​ចូលរួម​សង្កេតការណ៍​នោះ​ទេ។

លោក​ថ្លែង​ថា៖ «គឺ​យើង​អនុញ្ញាត​ឱ្យ​អង្គការ​ដែល​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ទៅ​តាមច្បាប់ នៅ​ក្រសួង​មហាផ្ទៃ​ ដើម្បីសង្កេត​មើល​ការ​បោះ​ឆ្នោត។ អ៊ីចឹង​យើង​គ្រាន់តែ​អនុវត្ត​តាម​ច្បាប់​ ហើយ​អង្គការ​ដែល​ដាក់​មក​យើង​ពិនិត្យ​មើល​មាន​ឈ្មោះ​ត្រឹមត្រូវ មាន​ឯកសារ​ត្រឹម​ត្រូវ គឺ​យើង​យល់​ព្រម។ ហើយ គ.ជ.ប ក៏​គ្មាន​សិទ្ធិបដិសេធអ្នក​ណា​ដែល​គេ​អនុវត្ត​ស្រប​ច្បាប់​ដែរ»។

ចំណែក​សន្លឹក​ឆ្នោត​មិនបាន​ការ​នៃ​ការបោះឆ្នោត​នេះ មាន​ជាង​ ៤០ ម៉ឺន​សន្លឹក​ឬ​ប្រមាណ​ ៥%​ នៃ​សន្លឹក​ឆ្នោត​សរុប ​ដែល​សន្លឹក​ឆ្នោត​មិន​បាន​ការ​នេះ មាន​ចំនួន​តិច​ជាង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៦ ​ដែល​មានប្រមាណ​ ៩%។ នេះ​បើ​តាម​លទ្ធផល​ក្រៅ​ផ្លូវ​ការ។ ​ប្រជា​ពលរដ្​ឋដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ​មាន​ចំនួន​ជាង​ ៨លាន​ ២សែន​នាក់ ស្មើ​ ៨៤​,៥៨% ​នៃចំនួន​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក ប្រាជ្ញ ចន្ទ ​ប្រធាន គ.ជ.ប គូស​បញ្ជាក់​ ការ​ប្រកាសលទ្ធផល​ផ្លូវ​ការ​នៃ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី ​៧ ​នេះ ​នឹង​ធ្វើ​ឡើងចន្លោះ​ថ្ងៃ​ទី​ ៩ ​ខែ​សីហា ​ដល់​ថ្ងៃ​ទី​ ៤ ​ខែកញ្ញា​ ឆ្នាំ​២០២៣៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG