ភ្ញៀវទេសចរបរទេសដែលដើរកាត់ឧទ្យានមួយនៅទីក្រុងហូជីមិញ អាចជួបប្រទះនឹងព្រឹត្តិការណ៍មួយ គឺជនចម្លែកវ័យក្មេងម្នាក់ ចូលមកជិតពួកគេ។ ជនចម្លែកនោះ គឺក្មេងស្រីជនជាតិវៀតណាមម្នាក់ ដែលនាងនឹងសួរភ្ញៀវទេសចរថា តើនាងអាចហាត់និយាយភាសាអង់គ្លេសជាមួយពួកគេបានដែរ ឬ ទេ។ នៅក្នុងប្រទេសដែលប្រជាពលរដ្ឋប្រមាណជា ៨៥ ភាគរយមានជាតិសាសន៍តែមួយ ដែលភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនានោះ វិស័យទេសចរណ៍ គឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីឲ្យពលរដ្ឋក្នុងប្រទេសនេះ អាចជួបជាមួយនឹងមនុស្សដែលមានវប្បធម៌ផ្សេងៗ។
ចំនួនភ្ញៀវទេសចរមកដល់ប្រទេសវៀតណាមឡើងខ្ពស់
ចំនួនភ្ញៀវទេសចរបរទេសដែលទៅលេងប្រទេសវៀតណាមកំពុងតែឈានដល់កម្រិតខ្ពស់បំផុត ដែលនេះ ជាដំណឹងល្អសម្រាប់អ្នករៀនភាសាអង់គ្លេសវ័យក្មេង។ ចំនួននៃការមកដល់របស់ភ្ញៀវទេសចរបរទេសមាន ១៥ លាននាក់ក្នុងឆ្នាំ ២០១៨ ដែលនេះបង្ហាញឲ្យឃើញនូវអត្រាកើនឡើងទ្វេដងបើប្រៀបទៅនឹងកាលពី ៦ ឆ្នាំមុន។ នេះបើយោងតាមការស្រាវជ្រាវរបស់ធនាគារ HSBC ដែលជាធនាគារផ្តល់សេវាកម្មផ្សេងៗ និងការវិនិយោគ។ ភ្ញៀវទេសចរទាំងនោះបាននាំមកជាមួយពួកគេនូវឱកាសប្តូរវប្បធម៌គ្នា ក៏ដូចជាប្រាក់ចំណូល ផ្នែកទេសចរណ៍ ដែលប្រទេសវៀតណាមស្វែងរក គ្រាដែលសេដ្ឋកិច្ចរបស់ខ្លួន កំពុងតែផ្លាស់ប្តូរ។
អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ គឺមិនត្រឹមតែជាប្រាក់ចំណូលដែលសណ្ឋាគាររកបាននៅពេលភ្ញៀវចំណាយចំពោះការស្នាក់នៅរបស់ពួកគេប៉ុណ្ណោះទេ។ គិតទៅដល់សេដ្ឋកិច្ចទូទៅរបស់ប្រទេសវៀតណាម៖ ដោយសារប្រទេសនេះទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក និងពីពាណិជ្ជកម្មជាទូទៅនោះ ការណ៍នេះ កំពុងជំរុញឱ្យវៀតណាមផ្តោតការយកចិត្តទុកដាក់លើការនាំចេញទំនិញ។ ក៏ប៉ុន្តែ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ មិនចង់ពឹងផ្អែកលើការនាំចេញទំនិញទេ ហើយនោះមានន័យថា ប្រទេសនេះ កំពុងបោះជំហានឈានទៅរកសេដ្ឋកិច្ចដែលផ្អែកលើសេវាកម្ម ដែលក្នុងនោះរួមមានសេវាកម្មផ្នែកទេសចរណ៍ផងដែរ។
មានឱកាសសម្រាប់កែលំអក្នុងការស្វាគមន៍ភ្ញៀវទេសចរ
អ្នកស្រី Yun Liu សេដ្ឋវិទូនៃធនាគារ HSBC បានសរសេរនៅក្នុងសន្និសីទសារព័ត៌មានស្តីពីទេសចរណ៍ថា «ទោះបីជា មានលទ្ធផលល្អនៅក្នុងវិស័យទេសចរណ៍ក៏ដោយ ក៏វិស័យទេសចរណ៍របស់ប្រទេសវៀតណាមនៅតែចាញ់ប្រទេសជាច្រើនក្នុងតំបន់។ ក្រលេកមើលចំនួនភ្ញៀវទេសចរសរុបក្នុងឆ្នាំ ២០១៨ ឃើញថាវៀតណាមនៅមានសក្តានុពលខ្លាំង ក្នុងការបង្កើនចំនួនភ្ញៀវទេសចរនេះបើប្រៀបធៀបទៅនឹងប្រទេសថៃ ដែលចំនួនភ្ញៀវទេសចរទៅលេងមានរហូតដល់ ៣៨ លាននាក់»។ អ្នកស្រីបានបន្ថែមថា ប្រទេសវៀតណាមអាចធ្វើឲ្យសេវាកម្មផ្នែកទេសចរណ៍របស់ខ្លួន មានលក្ខណៈចម្រុះ។
ទស្សនៈវិស័យទេសចរណ៍ថ្មី
អ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ កំពុងសម្របខ្លួនទៅតាមតម្រូវការថ្មីៗ។ ប្រទេសវៀតណាមលែងជាកន្លែងសម្រាប់តែទស្សនាទីតាំងសង្រ្គាមចាស់ៗ ហើយនឹងបរិភោគហ្វឺរនៅតាមចិញ្ចើមផ្លូវទៀតហើយ។ ម្ចាស់អាជីវកម្ម បានបង្កើតជំរំ និងផ្ទះស្នាក់នៅ (bungalow) សម្រាប់អ្នកធ្វើដំណើរនៅលើភ្នំដាឡាត់។ និស្សិតសិក្សាផ្នែកអាជីវកម្មផ្តល់សេវាកម្ម ដោយដឹកភ្ញៀវតាមម៉ូតូ ទៅភ្លក់ម្ហូបអាហារនានា នៅក្រៅម៉ោងសិក្សារបស់ពួកគេ។ ម្ចាស់ផ្ទះខ្លះ បានចាប់ផ្តើមពីការជួលបន្ទប់ក្នុងផ្ទះរបស់ខ្លួនដល់ភ្ញៀវទេសចរ រហូតដល់ការដាក់ជួលផ្ទះរបស់ពួកគេ ដោយថែមទាំងផ្តល់អាហារពេលព្រឹក និងការជូនដើរកំសាន្តក្នុងទីក្រុងទៀតផង។ និន្នាការនេះ មានការកើនឡើងនៅក្នុងគេហទំព័រ Airbnb ដែលមានអ្នកចុះឈ្មោះប្រមាណជា ១ម៉ឺន ៦ពាន់ នៅក្នុងប្រទេសវៀតណាម។ ព្រឹត្តិការណ៍ប្រចាំឆ្នាំកំពុងទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែខ្លាំងឡើងៗ ដូចជាការរត់ម៉ារ៉ាតុងនៅដាណាងនិងសាប៉ា ឬ ការប្រណាំងកង់នៅ Hue ដែលជាអតីតរាជធានីជាដើម។ ការប្រណាំងកង់ Coupe de Hue ផ្តល់ឱកាសដ៏ល្អ ដើម្បីផ្សព្វផ្សាយ និងបង្ហាញពីសម្រស់ធម្មជាតិរបស់តំបន់Hue នេះ»។ នេះ បើតាមសម្តីរបស់ លោក Les Walters ដែលជានាយកគ្រប់គ្រងកម្មវិធីនានានៅរមណីយដ្ឋាន Laguna Lang Co resort។
ផលអវិជ្ជមាននៃការកើនឡើងភ្ញៀវទេសចរណ៍
មិនមែនគ្រប់គ្នាសុទ្ធតែយល់ដឹងថា គួរធ្វើយ៉ាងណានៅពេលដែលចំនួនភ្ញៀវទេសចរកើនឡើងដូចនេះទេ។ ចោរលូកហោប៉ៅ រីករាយពេលមានភ្ញៀវទេសចរច្រើន ប៉ុន្តែ ពួកគេអាចមិនដឹងទេថា វិធីរកប្រាក់ដ៏រហ័សរបស់ពួកគេ អាចធ្វើឱ្យខូចដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសវៀតណាមនោះ។ រីឯភ្ញៀវទេសចរវិញ ក៏បង្កការខូចខាតដែរ។ សំរាមត្រូវបានគេបោះចោលគរនៅតាមឆ្នេរតំបន់ Phu Quoc នៅក្នុងទឹកតំបន់ Ha Long Bay និងតំបន់សាប៉ាដែលដាំស្រូវជាថ្នាក់ៗ។ ជនជាតិវៀតណាមក្នុងស្រុកម្នាក់ ដែលចូលរួមការប្រណាំងកង់ នៅតំបន់ Hue បាននិយាយថា លោកចង់ឲ្យវៀតណាមអាចរក្សាតុល្យភាពឲ្យបាននូវអត្ថប្រយោជន៍ដែលទទួលបានពីវិស័យទេសចរណ៍ ដោយមិនបង្កហានិភ័យច្រើន។ ឧទាហរណ៍នៅក្នុងស្រុកកំណើតរបស់លោក លោកបានស្នើឱ្យថែរក្សាអតីតទឹកដីអធិរាជនៅភាគខាងជើងនៃទន្លេ Perfume គ្រាដែលអនុញ្ញាតឱ្យមានការអភិវឌ្ឍបន្ថែមទៀតនៅភាគខាងត្បូងនៃទន្លេនេះ។ ប្រសិនបើប្រទេសវៀតណាមនឹងធ្វើឲ្យមានតុល្យភាពនោះ ប្រទេសនេះ ចាំបាច់ត្រូវធ្វើឲ្យបានឆាប់។ ប្រទេសនេះ គ្រោងនឹងចាប់ផ្តើមជើងហោះហើរផ្ទាល់លើកដំបូងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួននៅដើមឆ្នាំក្រោយ គ្រាដែលចំនួនភ្ញៀវទេសចរបង្ហាញសញ្ញាថា នឹងបន្តកើនឡើងទៀត៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់