ជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះបានបង្កការប៉ះពាល់ដល់ផ្លូវជាតិ និងតំបន់មួយចំនួនក្នុងខេត្តផ្សេងៗនៅទូទាំងប្រទេសកម្ពុជា រហូតឈានដល់បិទផ្លូវមិនឱ្យមានចរាចរណ៍រថយន្តធំៗ។ នេះបើតាមមន្ត្រីពាក់ព័ន្ធ។
លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ និងជាអ្នកនាំពាក្យ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ភ្លៀងធ្លាក់ខ្លាំងនាំឱ្យមានការជន់លិចផ្លូវ ខណៈអាជ្ញាធរបានបិទផ្លូវជាតិលេខ៦នៅម្តុំស្រុកស្ទោង មិនអនុញ្ញាតឱ្យរថយន្តធំៗចរាចរណ៍បានឡើយ។ លោកបន្តថា ឆ្នាំនេះមានភ្លៀងធ្លាក់ខ្លាំងប្លែកពីឆ្នាំមុនៗ។
លោកថ្លែងថា៖ «ស្ថានភាពទឹកភ្លៀងចេះតែធ្លាក់ មិនដឹងយ៉ាងម៉េច។ ឆ្នាំនេះវាខុសពីឆ្នាំទៅ»។
ចំណែកលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងជាអ្នកនាំពាក្យ លើកឡើងថា នៅក្នុងខេត្តសៀមរាប និងស្រុកមួយចំនួនក៏មានទឹកជន់លិចដែរ ប៉ុន្តែវាមិនមានអ្វីធ្ងន់ធ្ងរនៅឡើយទេ។
ទោះជាយ៉ាងណា លោកបន្តថា ទឹកជំនន់បានធ្វើឱ្យលិចសាលារៀន វត្តអារាម មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត នៅតាមបណ្តាស្រុក ដូចជាស្រុកក្រឡាញ់ ស្រុកស្រីស្នំ និងស្រុកអង្គរជុំ។ លោកបន្ថែមថា ភ្លៀងធ្លាក់ច្រើនឆ្នាំនេះដែលវាខុសប្លែកពីឆ្នាំមុន។
លោកថ្លែងថា៖ «នៅក្នុងខេត្ត យើងក៏បានចេញសេចក្តីជូនដំណឹងបិទផ្លូវមួយចំនួនដែលវាលិច។ ផ្លូវឆ្លងកាត់ទៅភូមិ ឆ្លងកាត់ទៅស្រុកមួយទៅស្រុកមួយ ឃុំមួយទៅឃុំមួយ»។
អ្នកនាំពាក្យរូបនេះអះអាងថា ទឹកភ្លៀងជន់លិចបែបនេះ ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលនាំឱ្យមានភ្លៀងធ្លាក់មិនទៀងទាត់ផងដែរ។
លោកនិយាយថា៖ «អាហ្នឹងជាទូទៅហើយបរិបទពិភពលោក។ [ព្យុះ] កេតសាណា ក៏ប្រែប្រួលអាកាសធាតុ ភ្លៀងតិចភ្លៀងខុសរដូវ។ ហ្នឹងក៏មកពីការប្រែប្រួលអាកាសធាតុ ព្យុះច្រើន»។
លោក សុខ លី មេឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ប្រាប់វីអូអេថា ឃុំរបស់លោកក៏រងគ្រោះដោយសារទឹកជន់លិចដែរ ប៉ុន្តែវាបានស្រកទៅវិញនៅក្នុងរយៈពេល២ទៅ៣ម៉ោង។ លោកបន្តថា ទឹកជន់នេះមិនមែនកើតឡើងតែនៅក្នុងឃុំរបស់លោកឡើយ តំបន់ផ្សេងទៀតក៏មានដែរ។ មេឃុំរូបនេះអះអាងថា ភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញស្រូវដែលទើបស្ទូង និងទ្រព្យសម្បត្តិផ្សេងៗ។ លោកក៏បានត្រៀមចំណាត់ការជាស្រេចនៅក្នុងការជម្លៀសប្រជាជនចេញពីតំបន់ទឹកលិច។
លោកនិយាយថា៖ «ខ្ញុំបានត្រៀមដែរហើយទាក់ទងទៅនឹងការជម្លៀសពលរដ្ឋចេញពីតំបន់ទឹកលិច។ ទឹកលិចនេះ ពិនិត្យស្ថានភាពទៅវាស្រកមកវិញ។ អ៊ីចឹងអត់អីទេ។ ពីល្ងាចមិញបានជម្លៀសបងប្អូនមួយចំនួននៅភូមិទំនប់ត្រកួនមកទីទួល»។
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់វីអូអេថា ភ្លៀងធ្លាក់ច្រើនឆ្នាំនេះ ដែលខុសពីឆ្នាំមុន ដែលធ្វើឱ្យមានទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យជាដើម។
អ្នកនាំពាក្យរូបនេះបន្តថា កត្តាប្រែប្រួលអាកាសធាតុក៏ជាបច្ច័យនាំឱ្យមានភ្លៀងធ្លាក់ច្រើន និងខុសរដូវ។ លោកបន្ថែមថា ទឹកជន់លិចបានបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផងដែរ។
លោកថ្លែងថា៖ «ចំពោះផលប៉ះពាល់គឺភាគច្រើនគឺយើងប៉ះពាល់ទៅលើផលដំណាំ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួន ហើយនឹងប៉ះពាល់ទៅលើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែស្ថានភាពមិនធ្ងន់ធ្ងរទេ។ ក្នុងខេត្តខ្លះស្រាល មធ្យម ហើយមិនទាន់ឈានដល់ធ្ងន់ធ្ងរនៅឡើយ»។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) កត់សម្គាល់ថា ការប្រែប្រួលអាកាសធាតុបានក្លាយបញ្ហាចម្បងសម្រាប់ពិភពលោកជារួម និងកម្ពុជាដោយឡែក។ លោកបន្តថា កម្ពុជាជាប្រទេសតូចមិនបានរួមចំណែកច្រើននៅក្នុងការបំផ្លិចបំផ្លាញបរិយាកាសឡើយ។
ទោះជាយ៉ាងណា លោកយល់ថា កម្ពុជាខ្វះយន្តការគ្រប់គ្រាន់នៅក្នុងការរក្សាការពារគម្របព្រៃឈើ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
លោក ហេង គឹមហុង ជំរុញឱ្យរដ្ឋាភិបាលការពារថែរក្សានូវគម្របព្រៃឈើ និងទាញយកបន្ថែមនូវទីផ្សារកាបូនដើម្បីបញ្ចៀសកុំឱ្យបញ្ហាកាន់តែអាក្រក់កើតឡើងដោយសារការប្រែប្រួលអាកាសធាតុ។
លោកថ្លែងថា៖ «នៅពេលដែលបណ្តារដ្ឋទាំងអស់នាំគ្នាបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់បញ្ហាបម្រែបម្រួលអាកាសធាតុ យើងឃើញថា ផលប៉ះពាល់ហ្នឹងវាកើតឡើងជាបន្តបន្ទាប់។ ឧទាហរណ៍ដូចជាភ្លៀងលែងទៀងទាត់ដូចមុន ខ្យល់ព្យុះ ឬក៏កម្តៅសីតុណ្ហភាពភពផែនដីបានជះឥទ្ធិពលយ៉ាងខ្លាំងមែនទែន»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុថា ព្យុះឈ្មោះណូរុ ដែលកើតមាននៅភាគខាងកើតនៃប្រទេសហ្វីលីពីននឹងធ្វើឱ្យប្រព័ន្ធសម្ពាធ(ITCZ) ដែលអូសបន្លាយលើភាគខាងជើងកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់។ លក្ខណៈបែបនេះនឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ខ្លាំងនៅតាមបណ្តាខេត្តដូចជាខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងពោធិ៍សាត់។ ការណ៍នេះអាចបង្កឱ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកក្នុងភូមិសាស្ត្រនៃបណ្តាខេត្តទាំងនោះប្រឈមនឹងជំនន់ទឹកភ្លៀង និងជន់ដោយបរិមាណទឹកហួសកម្រិត។ នេះបើតាមក្រសួងធនធានទឹក៕