នៅថ្ងៃចន្ទនេះក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជាប្រកាសឱ្យពលរដ្ឋកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងនៅចុងសប្តាហ៍នេះ ចំពេលដែលកម្ពុជាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។
តាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២៣ខែកញ្ញានេះឱ្យដឹងថាកម្ពុជារងឥទ្ធិពលនៃសម្ពាធខ្ពស់ពីភាគខាងលើដែលធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើននៅសប្តាហ៍នេះ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកដដែលបានបន្ថែមថាជំនន់ទឹកភ្លៀងអាចនឹងកើតមានឡើងនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩។
សេចក្តីប្រកាសបានសរសេរក្នុងន័យដើមយ៉ាងដូច្នេះ៖
«អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាននិងបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងដែលអាចកើតមាន ជាពិសេសនៅថ្ងៃទី២៦-២៩ខែកញ្ញា ឆ្នាំ២០១៩»។
សេចក្តីប្រកាសនេះធ្វើឡើងចំពេល ពលរដ្ឋកម្ពុជាគ្រោងនឹងប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ ដែលសាសនាដ៏ធំក្នុងចំណោមពិធីនានាក្នុងប្រទេសកម្ពុជា។ ពិធីបុណ្យរយៈពេលបីថ្ងៃនេះនឹងចាប់ពីថ្ងៃទី២៧ខាងមុខ ជាពេលពលរដ្ឋកម្ពុជាឈប់សម្រាកជួបជុំគ្រួសារនិងធ្វើដំណើរកម្សាន្ត។
ដោយឡែកទឹកជំនន់ទន្លេមេគង្គបានប៉ះពាល់ដល់ខេត្តចំនួនប្រាំពីរ និងបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ចំនួន១២នាក់ក្នុងនោះមានកុមារចំនួនប្រាំមួយនាក់។ នេះបើតាមព័ត៌មានដែល VOA ទទួលបានកាលពីសប្តាហ៍កន្លងទៅ។ ក្រុមមន្ត្រីកម្ពុជាក៏បានបញ្ជាក់ផងដែរថា កម្ពស់ទឹកទន្លេមេគង្គនឹងអាចឡើងបន្តឡើងទៀតដោយសារតែភ្លៀងបន្តធ្លាក់នៅខាងលើអាងទន្លេមេគង្គ៕