ឯកអគ្គរដ្ឋទូតចិននៅក្នុងទីក្រុងភ្នំពេញនិយាយថា សហភាពអឺរ៉ុបមិនត្រូវយកបញ្ហានយោបាយលាយឡំជាមួយពាណិជ្ជកម្មនៅពេលដែលខ្លួនត្រិះរិះដកឋានៈអនុគ្រោះពន្ធដ៏សំខាន់របស់កម្ពុជាសម្រាប់ចូលទីផ្សារអឺរ៉ុប នៅក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចូលក្នុងរបបផ្តាច់ការ។
សហភាពអឺរ៉ុបទើបតែបានបញ្ចប់បេសកកម្មស្វែងរកការពិតនៅកម្ពុជាដើម្បីកំណត់ថាតើភាពអនុគ្រោះខាងពាណិជ្ជកម្មដែលហៅថា «រាល់គ្រប់មុខទំនិញលើកលែងតែអាវុធឬ (EBA)» ត្រូវដកដោយសារសកម្មភាពដូចជាការរំលាយគណបក្សមួយផ្សេងទៀតមុនការបោះឆ្នោតសាកលនៅខែនេះ។
បន្ទាប់ពីធ្វើសុន្ទរកថាជាសាធារណៈអំពីកិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់មួយនិងផ្លូវមួយរបស់រដ្ឋាភិបាលក្រុងប៉េកាំងទៅពួកនិស្សិតកាលពីថ្ងៃអង្គារនៅឯសាកលវិទ្យាល័យភ្នំពេញ លោកឯកអគ្គរដ្ឋទូត Xiong Bo បានសង្កត់បញ្ជាក់ថា ពាណិជ្ជកម្មសេរីមិនត្រូវរងផល ប៉ះពាល់ដោយលក្ខខណ្ឌនយោបាយជាមុននៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីឋានៈភាពរាល់គ្រប់មុខទំនិញលើកលែងតែអាវុធឬ (EBA)។
លោកឯកអគ្គរដ្ឋទូតចិនបាននិយាយតាមរយៈអ្នកបកប្រែថា៖ «ដូច្នេះ ខ្ញុំគិតថា ចំពោះទំនាក់ទំនងខាងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងកម្ពុជា ខ្ញុំគិតថា ទំនាក់ទំនងពាណិជ្ជកម្មទាំងនោះត្រូវតែធ្វើឡើងស្របទៅតាមច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក៏ប៉ុន្តែ ទំនាក់ទំនងពាណិជ្ជកម្មទាំងនោះមិនត្រូវផ្លាស់ប្តូរស្របទៅតាមមូលហេតុខាងនយោបាយទេ»។
លោកឯកអគ្គរដ្ឋទូតចិនបាននិយាយទៀតថា៖ «មិនថាសហភាពអឺរ៉ុបនឹងធ្វើអ្វីនោះទេ ចិននឹងគាំទ្រយ៉ាងខ្លាំងនៅក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យទាំងអស់របស់យើងជាមួយកម្ពុជា ជាពិសេសក្នុងទំនាក់ទំនងខាងពាណិជ្ជកម្មនិងសេដ្ឋកិច្ច»។
ចិនបានចាក់ប្រាក់រាប់ពាន់ដុល្លារចូលក្នុងប្រទេសកម្ពុជាតាមរយៈការវិនិយោគទុនប្រាក់កម្ចីសម្បទាន និងជំនួយក្នុងរយៈពេលប៉ុន្មានឆ្នាំៗថ្មីនេះ ដែលកំពុងធ្វើឲ្យអន្តរាយដល់ឥទ្ធិពលរបស់មហាអំណាចលោកខាងលិចនៅក្នុងប្រទេសនោះ។
លោក Xiong បាននិយាយទៀតថា សហភាពអឺរ៉ុបបានប្រកាសខ្លួនឯងជាអ្នកគាំទ្រដ៏ខ្លាំងដល់ពាណិជ្ជកម្មសេរី ដែលជាមនោសញ្ចេតនាមួយដែលលោកសង្ឃឹមថា សហភាពអឺរ៉ុបនឹងប្រកាន់ខ្ជាប់ លោកបាននិយាយទៀតថា លោកមិនជឿថា រដ្ឋទាំងអស់ជាសមាជិកនឹងគាំទ្រចំណាត់ការដើម្បីដកឋានៈអនុគ្រោះពន្ធរាល់គ្រប់មុខទំនិញលើកលែងតែអាវុធឬ (EBA)នោះទេ។
រាល់ការសម្រេចដើម្បីដកឋានៈអនុគ្រោះពន្ធរាល់គ្រប់មុខទំនិញលើកលែងតែអាវុធឬ (EBA)ចេញពីកម្ពុជា នឹងតម្រូវឲ្យមានការមូលមតិក្នុងចំណោមសមាជិកសហភាពអឺរ៉ុប។
ឋានៈអនុគ្រោះពន្ធរាល់គ្រប់មុខទំនិញលើកលែងតែអាវុធឬ (EBA) ផ្តល់ឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជានូវចំនួនកូតាដោយមិនយកពន្ធលើទំនិញចូលទីផ្សារសហភាពអឺរ៉ុប។
ការចូលទីផ្សារនេះជាលក្ខខណ្ឌត្រូវអនុវត្តទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិមួយចំនួនហើយប្រទេសខ្លះបានទទួលរងការដាក់ទណ្ឌកម្ម ព្រោះមិនបានបំពេញទៅតាមលក្ខខណ្ឌទាំងនោះ។
សហភាពអឺរ៉ុបជាទីផ្សារដ៏ធំបង្អស់របស់កម្ពុជាដោយបានស្រូបយកការនាំចេញប្រហែលពាក់កណ្តាលរបស់ប្រទេសនោះ។
កាលពីថ្ងៃចន្ទ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជាបាននិយាយថា បេសកកម្មស្វែងរកការពិតរបស់គណៈកម្មការអឺរ៉ុបពិនិត្យមើលសិទ្ធិមនុស្សនិងសិទ្ធិការងារក្នុងបរិបទនៃឋានៈអនុគ្រោះពន្ធរាល់គ្រប់មុខទំនិញលើកលែងតែអាវុធឬ (EBA)បានបញ្ចប់ហើយឥឡូវនេះនឹងរាយការណ៍ទៅអ្នកធ្វើការសម្រេចរបស់សហភាពអឺរ៉ុប។
កាលពីសប្តាហ៍មុន លោកស្រី Cecilia Malmstrom ប្រធានគណៈកម្មការផ្នែកពាណិជ្ជកម្មសហភាពអឺរ៉ុប បាននិយាយថា ការដកឋានៈអនុគ្រោះរាល់គ្រប់មុខទំនិញលើកលែងតែអាវុធឬ (EBA)ជាជម្រើសចុងក្រោយបង្អស់ ប្រសិនបើ ការខំប្រឹងប្រែងផ្សេងទៀតរបស់យើងបានបរាជ័យមិនអាចដោះស្រាយការព្រួយកង្វល់របស់ប្លុកនោះ។ ការព្រួយកង្វល់ដ៏ចម្បងបំផុតមួយក្នុងចំណោមការព្រួយកង្វល់ទាំងនោះគឺការដាក់លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិក្នុងពន្ធនាគារកាលពីខែកញ្ញាហើយនឹងការរំលាយគណបក្សរបស់លោកកាលពីខែវិច្ឆិកា។
ក្នុងរឿងក្តីទាំង២ គេបានសំអាងលើការចោទប្រកាន់ពីការពាក់ព័ន្ធនៅក្នុងការរួមគំនិតដែលមានការគាំទ្រពីអន្តរជាតិដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេល៣៣ឆ្នាំ។
អង្គការសិទ្ធិមនុស្សនិងរដ្ឋាភិបាលបរទេសរួមមានសហភាពអឺរ៉ុបបានរិះគន់ចំណាត់ការទាំងនេះថា ជាឧបាយកលដ៏ច្បាស់ក្រឡែតរបស់លោក ហ៊ុន សែន ដើម្បីបង្ក្រាបអ្នកប្រឆាំងរបស់លោកមុនពេលការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មរួចហើយលើមេបញ្ជាការកងអង្គរក្សរបស់លោក ហ៊ុន សែន «ចំពោះការប្រព្រឹត្តិការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរប្រឆាំងនឹងពលរដ្ឋកម្ពុជា»។
រដ្ឋាភិបាលកម្ពុជាបាននិយាយថា ប្រទេសទាំងនោះកំពុងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
កាលពីខែមិថុនា លោក ហ៊ុន សែន បានបញ្ជូនទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោកគឺលោក សុខ ស៊ីផាន់ណា ទៅកាន់ទីក្រុងប្រ៊ុចសែល ដើម្បីបញ្ចុះបញ្ចូលសហភាពអឺរ៉ុបកុំឲ្យដកឋានៈអនុគ្រោះពន្ធរាល់គ្រប់មុខទំនិញលើកលែងតែអាវុធឬ (EBA)។
សេចក្តីថ្លែងការណ៍របស់កម្ពុជានៅពេលនោះបានប្រាប់ឲ្យដឹងថា «ជាការគួរឲ្យសង្វែក និងមិនយុត្តិធម៌ទាល់តែសោះ នៅក្នុងរឿងក្តីធំៗមួយចំនួន រដ្ឋាភិបាលមានអារម្មណ៍ដូចជាជនរងគ្រោះដោយការចោទប្រកាន់គ្មានភ័ស្តុតាងនិងការវាយតម្លៃទូទៅហួសហេតុ»។ សេចក្តីថ្លែងការណ៍នោះបានសន្និដ្ឋានថា «មានសកម្មភាពឃុបឃិតនិងវៀចវេជាមួយនឹងមហាអំណាចបរទេសដើម្បីធ្វើការផ្លាស់ប្តូររបបតាមរយៈមធ្យោបាយមិនមែនបែបប្រជាធិបតេយ្យ។ តើការណ៍នេះនឹងកើតមានឡើងយ៉ាងដូចម្តេច?»។
លោក សុខ ស៊ីផាន់ណា ជាមេធាវីនិងទីប្រឹក្សាសេដ្ឋកិច្ចដែលបានដឹកនាំការចរចាឲ្យកម្ពុជាបានចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០១៣ មិនបានឆ្លើយតបទៅនឹងការសាកសួររបស់ VOA អំពីកិច្ចខំប្រឹងប្រែងបញ្ចុះបញ្ចូលនោះទេ។
លោក មាស នី អ្នកវិភាគនយោបាយបាននិយាយថា លោកមិនជឿថា លោក សុខ ស៊ីផាន់ណា បានទទួលជោគជ័យក្នុងបេសកកម្មរបស់លោកទេ។
លោកនិយាយថា៖ «បេសកកម្មកាលពីពេលថ្មីៗនេះដែលត្រូវបានបញ្ជូនដោយរដ្ឋាភិបាលកម្ពុជាមានការលំបាកសម្រាប់ប្រធានគណៈប្រតិភូដើម្បីធ្វើឲ្យសហគមន៍អឺរ៉ុបជឿ ពីព្រោះតែ ខ្ញុំគិតថា រហូតមកទល់ពេលនេះ អឺរ៉ុបមានព័ត៌មានមកពីគ្រប់ប្រភពទាំងអស់»។
លោក មាស នី និយាយបន្តទៀតថា វាបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលកម្ពុជាមិនបានធ្វើការផ្លាស់ប្តូរជំហររបស់ខ្លួនបណ្តាលមកពីការគំរាមកំហែងនៃការដកឋានៈអនុគ្រោះពន្ធរាល់គ្រប់មុខទំនិញលើកលែងតែអាវុធឬ (EBA)។
លោកបាននិយាយទៀតថា៖ «ក៏ប៉ុន្តែ ខ្ញុំបានគិតថា យើងអាចពិភាក្សាបញ្ហានេះយ៉ាងច្រើនថា រដ្ឋាភិបាលប្រហែលប្រឈមបញ្ហានៅថ្ងៃអនាគត ប្រសិនបើឋានៈអនុគ្រោះពន្ធរាល់គ្រប់មុខទំនិញលើកលែងតែអាវុធឬ (EBA)ត្រូវបានលុបចោលនោះ»។
លោក មាស នី និយាយថា បញ្ហាចម្បងមួយក្នុងចំណោមបញ្ហាចម្បងទាំងនោះគឺផលប៉ះពាល់ដោយប្រយោលលើផ្នែកមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាដោយសារការគ្មានការងារធ្វើក្នុងចំណោមកម្មកររោងចក្រកាត់ដេរ៧សែននាក់របស់កម្ពុជា ភាគច្រើននៃអ្នកទាំងនោះបានជំពាក់បំណុលយ៉ាងខ្លាំង។
កាលពីឆ្នាំទៅ លោក ប៉ាន់ សូរសក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មបានព្រមាននៅក្នុងលិខិតដែលបានបែកធ្លាយថា ប្រសិនបើ ឋានៈអនុគ្រោះពន្ធរាល់គ្រប់មុខទំនិញលើកលែងតែអាវុធឬ(EBA)បានត្រូវគេដក កម្ពុជានឹងត្រូវបង់ប្រាក់៦៧៦លានដុល្លារសម្រាប់ប្រាក់ចំណូលដែលប៉ាន់ស្មានថាមានតម្លៃ៦.២ពាន់លានដុល្លារមកពីការនាំចេញទំនិញទៅកាន់សហគមន៍អឺរ៉ុប៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន