នៅថ្ងៃសុក្រនេះ ប្រធានបេសកកម្មការទូតសហភាពអឺរ៉ុបប្រចំានៅកម្ពុជាបានបញ្ជាក់ឲ្យដឹងថា លទ្ធផលដែលមកពីបេសកកម្មស្វែងរកការណ៍ពិតដែលមានរយៈពេលជិតមួយសប្តាហ៍នៅកម្ពុជា នឹងត្រូវយកមកធ្វើជាទុនសម្រាប់ការសម្រេចចិត្តទៅលើគម្រោងអនុគ្រោះពន្ធដល់ទំនិញរបស់ប្រទេសនេះនៅក្រោមក្របខណ្ឌ «អ្វីៗទាំងអស់វៀរលែងតែអាវុធ» Everything but Arms ឲ្យហៅកាត់ថា EBA។
ក្រុមមន្ត្រីធ្វើការក្នុងស្ថាប័នលើកស្ទួយសិទ្ធិមនុស្សនិងសិទ្ធិការងារនៅកម្ពុជា បានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងចំពោះលទ្ធភាពដែលកម្ពុជា អាចបាត់បង់ការអនុគ្រោះពន្ធដល់ទំនិញកម្ពុជា ជាពិសេសនោះ គឺផលិតផលក្នុងឧស្សាហកម្មកាត់ដេរ ដែលបានផ្តល់ការងារដល់ពលរដ្ឋខ្មែរ ដែលភាគច្រើនជាស្ត្រីប្រមាណ៧០ម៉ឺននាក់នៅទូទាំងប្រទេស។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់ VOA តាមសារអេឡិចត្រូនិក (email) នៅថ្ងៃសុក្រនេះថា បេសកកម្មស្វែងរកការណ៍ពិតបានជួបប្រាស្រ័យទាក់ទងជាមួយដៃគូសន្ទនាជាច្រើននាក់ មកពីខាងរដ្ឋាភិបាល សង្គមស៊ីវិល សហជីពការងារ វិស័យឯកជន និងសហគមន៍អន្តរជាតិ។
លោកបានសរសេរជាភាសាអង់គ្លេស និងប្រែសម្រួលក្នុងន័យដើមថា៖«គោលបំណងរបស់បេសកកម្មនេះ គឺដើម្បីសិក្សាបន្ថែមទៀតអំពីស្ថានភាពនៅប្រទេសកម្ពុជា ទាក់ទិនបញ្ហាសិទ្ធិមនុស្សនិងសិទ្ធិការងារ នៅក្នុងបរិបទនៃការបង្កើនទំនាក់ទំនងរបស់សហភាពអឺរ៉ុប ជាមួយប្រទេសកម្ពុជា ក្រោមការរៀបចំកម្មវិធីអ្វីៗទាំងអស់វៀរលែងតែអាវុធនោះ»។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានបន្ថែមក្នុងន័យដើមថា៖«ព័ត៌មានដែលប្រមូលបានពីបេសកកម្មនេះ នឹងត្រូវយកទៅដាក់ក្នុងដំណើរការសម្រេចចិត្តរបស់គណៈកម្មការសហភាពអឺរ៉ុប (European Commission) និងសេវាកិច្ចការបរទេសរបស់អឺរ៉ុប (European External Action Service)»។
បេសកកម្មរបស់ក្រុមមន្ត្រីពាណិជ្ជកម្មនៃគណៈកម្មការសហភាពអឺរ៉ុប (Department of Trade of European Commission) និងសេវាកិច្ចការបរទេសរបស់អឺរ៉ុប (European External Action Service) បានចាប់ផ្តើមកាលពីថ្ងៃទី៥ និងបញ្ចប់នៅថ្ងៃទី១១ ខែកក្កដា ដោយមានគោលដៅឆ្លើយតបទៅនឹងការដើរថយក្រោយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ពេលដែលគណបក្សប្រឆាំងធំមួយត្រូវបានដកចេញពីការបោះឆ្នោតខាងមុខនេះ។
បន្ថែមលើការអធិប្បាយរបស់លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានោះ អ្នកស្រី Cecilia Malmstrom ប្រធានគណៈកម្មាធិការពាណិជ្ជកម្មសហភាពអឺរ៉ុបបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការបិទបញ្ចប់បេសកកម្មនោះថា សហភាពអឺរ៉ុបនឹងវិភាគការណ៍ពិតដោយលម្អិតនិងពិចារណាពីវិធានការបន្ទាប់ទៀត។
ការដកកម្ពុជាចេញពីគម្រោងអនុគ្រោះពន្ធនេះ គឺជាជម្រើសចុងក្រោយ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបមិនបានដោះស្រាយការព្រួយបារម្ភនានាទេនោះ។
លោកស្រី Cecilia Malmstrom បានបញ្ជាក់បន្ថែមក្នុងសេចក្តីប្រកាសចេញផ្សាយកាលពីព្រហស្បតិ៍ថា៖
«ការពិភាក្សានិងព័ត៌មានទទួលបានក្នុងអំឡុងពេលបេសកកម្មសហគមន៍អឺរ៉ុបបានផ្តោតលើការធ្លាក់ចុះយ៉ាងខ្លាំងខាងផ្នែកសិទ្ធិនយោបាយនិងការបោះឆ្នោត ក៏ដូចជាការទប់ស្កាត់សកម្មភាពសង្គមស៊ីវិល។ មានការខ្វះខាតខាងផ្នែកយន្តការដោះស្រាយទំនាស់ដីធ្លី និងមានការគំរាមកំហែងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពក្នុងការធ្វើសមាគមនិងសិទ្ធិចរចារួមគ្នា»។
VOA នៅតែមិនអាចទាក់ទងសុំការអធិប្បាយបានពីក្រុមមន្ត្រីនៅផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រសួងពាណិជ្ជកម្មនាថ្ងៃសុក្រ។ ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច មិនលើកទូរស័ព្ទ នៅពេលដែលទូរស័ព្ទលោករោទិ៍។
យ៉ាងណាក៏ដោយ ក្រុមអ្នកធ្វើការក្នុងអង្គការក្រៅរដ្ឋាភិបាល ដែលមានបេសកកម្មលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងការពារសិទ្ធិកម្មករ ក៏ដូចជាក្រុមអ្នកវិភាគ មានក្តីបារម្ភកាន់តែខ្លាំងឡើង ចំពោះការណ៍ដែលកម្ពុជា អាចនឹងបាត់បង់កម្មវិធីអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ឥឡូវនេះ សហភាពអឺរ៉ុបបានប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីថ្លឹងថ្លែងលើការគោរពសិទ្ធិមនុស្សនិងកិច្ចអនុគ្រោះពន្ធនានាដល់ទំនិញរបស់កម្ពុជា បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះបានបើកការវាយបង្រ្កាបយ៉ាងដំណំ លើអ្នកការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិលដែលទទួលថវិកាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងការបិទទ្វាររបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
លោកមានប្រសាសន៍បន្តថា រដ្ឋាភិបាលមិនអាចប្រកែកនឹងអ្វីដែលក្រុមបេសកកម្មនោះបានរកឃើញ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស ដែលជាធាតុសំខាន់នៃការទទួលបានការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប។
«អ្វីដែលបានមកពីកន្លងមក មកដល់បច្ចុប្បន្ន នូវការប្រព័ន្ធអនុគ្រោះពន្ធនេះ គឺដោយសារតែ EU គឺគេអនុគ្រោះទៅលើប្រទេស ដែលងាយរងគ្រោះ ហើយពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ចទន់ខ្សោយអីហ្នឹង គឺគេបានចុះជួយជ្រោមជ្រែង ហើយក្នុងន័យហ្នឹង ជាលក្ខខណ្ឌ គឺឲ្យប្រទេស ដែលទទួលយកហ្នឹងត្រូវតែគោរពទៅលើសិទ្ធិមនុស្ស រួមទាំងខាងប្រទេសកម្ពុជាហ្នឹង ក៏ជាភាគីហត្ថលេខី ទៅលើគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្តរជាតិជាច្រើនដែរ ដូច្នេះគេមានកាតព្វកិច្ចក្នុងការតាមដាន ទៅលើអ្វីដែលគេបានផ្តល់ឲ្យហ្នឹង»។
មន្ត្រីសិទ្ធិមនុស្សរូបនេះលើកឡើងថា កម្ពុជាមិនអាចបន្ទោសសហភាពអឺរ៉ុបបានទេ ប្រសិនបើខ្លួនបាត់បង់កម្មវិធីអនុគ្រោះពន្ធ ឬ EBA នេះ ដោយហេតុតែខ្លួនមិនបានគោរពខ្ជាប់ខ្ជួនទៅតាមលក្ខខណ្ឌដែលសហភាពអឺរ៉ុបបានកំណត់ ទាក់ទិនការគោរពសិទ្ធិពលរដ្ឋខ្លួនទាំងសិទ្ធិការងារ សិទ្ធិនយោបាយ និងការចូលរួមប្រកួតប្រជែងការឈរបោះឆ្នោតដោយសេរីនោះ។
លោក ស៊ឹង សែនករុណា បញ្ជាក់ថា៖
«អីចឹងហើយបញ្ហាទាំងអស់នេះ មិន មិនៗបណ្តាលមកពីខាងសហភាពអឺរ៉ុបទេ គឺបណ្តាលមកពីប្រទេសកម្ពុជាយើងខ្លួនឯងហ្នឹង ដែលបានដើរតួនាទីផ្ទុយពីអ្វីដែលខ្លួនជាប់កាតព្វកិច្ច ប្តេជ្ញាថានឹងអនុវត្ត តែបើទាំងអស់នេះ បើសិនជាកម្ពុជា មិនអនុវត្តហ្នឹងហើយ ដែលគេបានមកពិនិត្យមើល និងចាត់វិធានការតាមគោលការណ៍នៃលក្ខខណ្ឌរបស់គេហ្នឹងបាទ»។
នៅក្នុងបញ្ហាក្របខ័ណ្ឌពាណិជ្ជកម្ម«អ្វីៗក៏បានវៀរលែងតែអាវុធ»នេះ ក្រសួងការបរទេសកម្ពុជាបានបញ្ជូនលោក សុខ ស៊ីផាណា បេសកជនពិសេសទៅកាន់សហភាពអឺរ៉ុបដើម្បីបញ្ចុះបញ្ចូល និងទប់ស្កាត់វិធានការព្យួរប្រព័ន្ធអនុគ្រោះពន្ធដដែលនេះពីប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ មិនមានសេចក្តីរាយការណ៍បញ្ជាក់ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក សុខ ស៊ីផាណា ដែលជាទីប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជានោះទេ។
VOA ព្យាយាមសុំការអធិប្បាយពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែទូរស័ព្ទលោករោទិ៍ គ្មានអ្នកទទួល។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃអង្គការសង់ត្រាល់ ថ្លែងថា រដ្ឋាភិបាលកម្ពុជា នៅមានពេលជជែកគ្នាជាមួយសហភាពអឺរ៉ុប ដើម្បីរក្សាបាននូវកិច្ចអនុគ្រោះពាណិជ្ជកម្ម តាមកម្មវិធីអ្វីៗក៏បានវៀរលែងតែអាវុធនោះ។
លោកថា រដ្ឋាភិបាលកម្ពុជាមិនអាចព្រងើយកន្ទើយនឹងលទ្ធភាពនៃការបាត់បង់កម្មវិធីអនុគ្រោះពន្ធដែលមានភាពចាំបាច់សម្រាប់ទំនិញកម្ពុជាឡើយ ប្រសិនបើរដ្ឋាភិបាលពិតជាចង់តម្កល់ទុកផលប្រយោជន៍កម្មករ និងសេដ្ឋកិច្ចជាតិជាធំ។
«រាជរដ្ឋាភិបាលគួរតែ ពិនិត្យពិចារណាឲ្យបានច្បាស់លាស់ ពីព្រោះថា ចំណុចនេះ គឺជាចំណុចមួយដែលសំខាន់វាអាចប៉ះពាល់ទៅដល់ការងាររបស់កម្មករនិយោជិត ហើយប៉ះពាល់ទៅនឹងកត្តាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា សំណួរសួរថា តើយើងអាចមានលទ្ធភាពនៅក្នុងការទ្រទ្រង់ ខណៈពេលដែលមានការដក ឬក៏ការត្រៀមខ្លួនទុកនៅក្នុងពេលអនាគត បើសិនជារាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរមិនដោះស្រាយនូវអ្វីដែលជាក្តីសេចក្តីបារម្ភរបស់សហភាពអឺរ៉ុបហ្នឹង»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម មានប្រសាសន៍ថា កម្ពុជាបានប្រើពេលជាច្រើនឆ្នាំ ដើម្បីបញ្ចុះបញ្ចូលឲ្យសហភាពអឺរ៉ុបផ្តល់ជូននូវកម្មវិធិអនុគ្រោះពន្ធនេះ។
លោកបន្តថា ការដកហូតកម្មវិធីអនុគ្រោះពន្ធ EBA នឹងមិនត្រូវបានធ្វើឡើងឆាប់ៗនោះឡើយ ព្រោះសហភាពអឺរ៉ុបនឹងបន្តតាមដានមើលដំណើរនៃការរៀបចំបោះឆ្នោតខាងមុខនេះ និងបញ្ហាពាក់ព័ន្ធនឹងសិទ្ធិសេរីភាពនិងសិទ្ធិនយោបាយរបស់ពលរដ្ឋ។ ទោះយ៉ាងណា លោកបានសង្កត់ថា ការបាត់បង់ កម្មវិធីអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប គឺជាគ្រោះថ្នាក់ខាងពាណិជ្ជកម្មមួយ ហើយក៏នឹងបង្កផលវិបាកដល់វិនិយោគទុនរបស់ចិនក្នុងប្រទេសកម្ពុជាផងដែរ។
«យើងដឹងហើយថា ពេលវេលាដែលត្រូវសុំ វាប្រើពេលយូរ ពីបីទៅប្រាំឆ្នាំ។ អីចឹងនៅក្នុងអំឡុងពេលនេះ បើសិនជារដ្ឋាភិបាលកម្ពុជាយើង មិនអាចមានសមត្ថភាពក្នុងការរកទីផ្សារឲ្យវិស័យវាយណភណ្ឌនាំចេញបានទៅប្រទេសណាទៀតទេនោះ អាហ្នឹងវាការវិនិយោគទុនរបស់ចិន នឹងត្រូវទទួលរងផលប៉ះពាល់បាទ។ ហើយយើងមិនដឹងថាតើ បើសិនជាមានការព្យួរអនុគ្រោះមែននោះ ថាតើវិនិយោគទុន គេដឹង គេនឹងនៅទ្រាំជាមួយនឹងយើងតទៅទៀត? ឬក៏គេដកទៅកាន់ប្រទេសដទៃទៀត ដែលមានការអនុគ្រោះជាងប្រទេសកម្ពុជាយើង»?
កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៧ សភាសហភាពអឺរ៉ុបបានបោះឆ្នោតទទួលយកការពិចារណាលើការព្យួរកម្មវិធីអនុគ្រោះពន្ធ ដែលមានឈ្មោះថា EBA នេះ ដើម្បីឆ្លើយតបទៅនឹង «ការប្រព្រឹត្តអាក្រក់ឡើងវិញនៃរបបផ្តាច់ការនៅកម្ពុជា»។ការពិចារណាររបស់សហភាពអឺរ៉ុបត្រូវបានធ្វើឡើងក្រោយពីមានការព្រមានដាក់ទណ្ឌកម្មនានារបស់សហរដ្ឋអាមេរិកចំពោះការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕