ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​អឺរ៉ុប​កំពុង​ពិចារណា​ឋានៈ​អនុគ្រោះ​ពន្ធ​កម្ពុជា


លោកស្រី Cecilia Malmstrom ​ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំមួយនៅទីស្នាក់ការ​កណ្តាលរបស់សហភាព​អឺរុប កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨។
លោកស្រី Cecilia Malmstrom ​ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំមួយនៅទីស្នាក់ការ​កណ្តាលរបស់សហភាព​អឺរុប កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨។

ក្រុម​មន្ត្រី​ពាណិជ្ជកម្ម​នៃ​គណៈ​កម្មការ​សហ​ភាព​អឺរ៉ុប​ (Department of Trade of European Commission)​ ​និង​សេវា​កិច្ចការ​បរទេស​របស់​អឺរ៉ុប​ ​(European External Action Service)​ ​បាន​ទៅ​ធ្វើ​បេសក​កម្ម​ស្វែង​រក​ការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា​ពី​ថ្ងៃទី​៥ ​ដល់​ថ្ងៃទី​១១​ ខែ​កក្កដា។

សហគមន៍​អឺរ៉ុប​កំពុងពិចារ​ណា​ថា​ តើ​ត្រូវ​បន្ត​ផ្តល់​ឋានៈ​អនុគ្រោះពន្ធ​ដល់​ប្រទេស​កម្ពុជា​ទៀត ​ឬ​លុបចោលបន្ទាប់​ពី​បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​កាលពី​ដើម​សប្តាហ៍​នេះ។

លោកស្រី Cecilia Malmstrom ​ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖

«បន្ទាប់ពី​បេសកកម្ម​ស្វែងរក​ការណ៍​ពិត​នេះ​ យើង​នឹង​វិភាគ​ការណ៍​ពិត​ដោយ​លម្អិត​និង​ពិចារណា​ពី​វិធានការ​បន្ទាប់​ទៀត។ ការ​ដក​កម្ពុជា​ចេញពី​គម្រោង​អនុគ្រោះពន្ធ​នេះ​គឺ​ជា​ជម្រើស​ចុងក្រោយ​ ប្រសិន​បើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​មិន​បាន​ដោះស្រាយ​ការ​ព្រួយបារម្ភ​នានា​ទេ‍»។

​សេចក្តី​ប្រកាស​ព័ត៌មានបាន​បញ្ជាក់​ថា ​ការពិចារណា​គឺផ្តោត​លើ​របាយការណ៍​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​កម្ពុជា ​អង្គការ​ពលកម្ម​អន្តរជាតិ និង​អង្គការ​មួយ​ចំនួន​ទៀត​ដែល​មាន​ភារៈកិច្ច​តាមដាន​មើល​ការ​អនុវត្ត​នានា​ពាក់​ព័ន្ធ​នឹង​គម្រោង​«គ្រប់មុខ​ទំនិញ​លើកលែង​តែអាវុធ‍»​ (EBA) ដែល​ជា​គម្រោង​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​របស់​កម្ពុជា​សម្រាប់​នាំចូល​ទីផ្សារ​សហគមន៍​អឺរ៉ុប។

ក្រុម​មន្ត្រី​ពាណិជ្ជកម្ម​នៃ​គណៈ​កម្មការ​សហ​ភាព​អឺរ៉ុប​ (Department of Trade of European Commission)​ ​និង​សេវា​កិច្ចការ​បរទេស​របស់​អឺរ៉ុប​ ​(European External Action Service)​ ​បាន​ទៅ​ធ្វើ​បេសក​កម្ម​ស្វែង​រក​ការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា​ពី​ថ្ងៃទី​៥ ​ដល់​ថ្ងៃទី​១១​ ខែ​កក្កដា។​ ​បេសក​កម្ម​នេះ​ធ្វើ​ឡើង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ ​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​ និង​បាត់​បង់​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ។​

លោកស្រី Cecilia Malmstrom បាន​បញ្ជាក់​បន្ថែម​ថា៖

«ការពិភាក្សា​និង​ព័ត៌មាន​ទទួលបាន​ក្នុង​អំឡុង​ពេល​បេសកកម្ម​សហគមន៍​អឺរ៉ុប​បាន​ផ្តោត​លើ​ការធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ខាងផ្នែក​សិទ្ធិ​នយោបាយ​និង​ការបោះឆ្នោត​ ក៏ដូចជា​ការទប់​ស្កាត់​សកម្ម​ភាព​សង្គម​ស៊ីវិល‍។ មាន​ការ​ខ្វះខាត​ខាង​ផ្នែក​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ និង​មាន​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ក្នុងការ​ធ្វើ​សមាគម​និង​សិទ្ធិ​ចរចា​រួមគ្នា‍»។

កាលពី​ចុងខែ​មិថុនា​ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​ក្រុម​អ្នក​ចរចា​ទៅ​សហភាព​អឺរ៉ុប​ដើម្បី​ពន្យល់​ពី​ស្ថានភាព​កម្ពុជា​ក្នុង​គោល​បំណង​មិន​ឱ្យ​ផ្តាច់​ឋានៈ​អនុគ្រោះ​នេះ។

ក្នុង​ឆ្នាំ​២០១៧​ប្រទេស​កម្ពុជា​បាន​នាំ​ផលិតផល​ទៅ​សហគមន៍​អឺរ៉ុប​សរុប​ជិត​៦ពាន់លាន​ដុល្លារ​ក្រោម​គម្រោង​អនុគ្រោះ​ពន្ធ​នេះ​ ដែល​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ជាច្រើន៕

XS
SM
MD
LG