ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សហជីព​បារម្ភ​ចំពោះ​ការ​បាត់បង់​គម្រោង​អនុគ្រោះ​ពន្ធ​សហភាព​អឺរ៉ុប EBA​ ​ក្រោយ​ការ​បោះឆ្នាត


បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)
បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)

សហជីព​ទាំងឡាយ​ក្នុង​ប្រទេស​កម្ពុជា​បារម្ភ​ ​ចំពោះ​ការ​បាត់បង់​គម្រោង​អនុគ្រោះ​ពន្ធ​សហភាព​អឺរ៉ុប​ ​EBA​ ​ក្រោយ​ការ​បោះឆ្នាត​កាល​ពី​ថ្ងៃទី​២៩​ ខែ​កក្កដា ដែល​បស្ចិម​ប្រទេស​រិៈគន់​ថា​ខ្វះ​ភាព​ដែល​អាច​ជឿ​ទុកចិត្ត​បាន។

ក្រុម​មេដឹកនាំ​ ​និង​មន្ត្រី​សហជីព​សំខាន់ៗ​ ​មិន​ទាន់​មាន​ការ​ជឿជាក់​ថា​ ​កម្ពុជា​នឹង​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំចេញ​ផលិតផល​កាត់​ដេរ​និង​ទំនិញ​ផ្សេង​ទៀត​ ​ទៅ​សហភាព​អឺរ៉ុប តាម​កម្មវិធី​ពាណិជ្ជកម្ម «អ្វីៗ​ទាំងអស់​វៀរលែង​តែអាវុធ»​ ​(Everything But Arms) ​ហៅ​កាត់​ថា​ ​EBA​ ​ក៏​ដូច​ជា​កម្មវិធី​អនុ​គ្រោះ​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​ (Generalized System of Preferences)​ ​ហៅ​កាត់​ថា​ ​(GSP)។

ពួក​គេ​បន្ត​សម្តែង​ការ​បារម្ភ​ថា​ ​វិធាន​ការ​ខាង​ពាណិជ្ជកម្ម​អាច​នឹង​ធ្វើ​ឡើង​ពីរ​សហគមន៍​ ​ប្រជាធិបតេយ្យ​ទាំងពីរ​ ​ប្រសិន​បើ​កម្ពុជា​ខកខាន​មិន​អាច​រក​ច្រក​ស្តារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ឡើង​វិញ​ ​ក្រោយ​ការ​បោះឆ្នោត​ដែល​គ្មាន​ការ​ចូលរួម​របស់​គណបក្ស​សង្គ្រោះជាតិ។

ក្រុម​សហជីព​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ​បន្ត​សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​បាត់​បង់​ការ​អនុ​គ្រោះ​ពន្ធ​សម្រាប់​ការ​នាំចេញ​ទំនិញ​កាត់ដេរ​កម្ពុជា​ ទៅ​សហភាព​អឺរ៉ុប​ ​ក្រោយ​ការ​បោះឆ្នោត​ដែល​បស្ចិម​ប្រទេស ​និង​សហភាព​អឺរ៉ុប​បាន​រិះគន់​ថា​ ​មិន​តំណាង​ឲ្យ​ឆន្ទៈ​ពលរដ្ឋ​ ​និង​ធ្វើឡើង​ពោរពេញ​ដោយ​ការ​គំរាម​កំហែង​ ​និង​ការ​ខ្ទប់មាត់​ក្រុម​ប្រឆាំង។

ឧស្សហកម្ម​កាត់​ដេរ​ បាន​ផ្តល់​ការងារ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ជាង​ ​៧០ម៉ឺន​នាក់​ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​មក​ពីជន​បទ​ ​ហើយ​ផលិតផល​ដែល​បាន​មក​ពី​ឧស្សាហកម្ម​នេះ​ គឺ​ពឹង​ផ្អែក​ខ្លាំង​លើ​ទីផ្សារ​សហភាព​អឺរ៉ុប​ ​សហរដ្ឋ​អាមេរិក​ ​កាណាដា​ ​និង​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងទៀត។

លោក​ ​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​បារម្ភ​បាន​បន្ត​កើត​មាន​ចំពោះ​វិបត្តិ​នៃ​ការ​បាត់បង់​ទីផ្សារ​សម្រាប់​ទំនិញ​កាត់ដេរ​របស់​កម្ពុជា​ក្រោម​គម្រោង​ពាណិជ្ជកម្ម «អ្វីៗ​ទាំងអស់​វៀរលែង​តែអាវុធ» (Everything But Arms)​ ​ហៅកាត់​ថា​ ​EBA​ ​នៅគ្រាមាន​ប្រទេស​មួយ​ចំនួន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ និង​ខ្លះ​ទៀត​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​បាន​ទាត់​ចោល​ការ​បោះឆ្នោត​ថ្ងៃ​អាទិត្យ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨។

​«បើសិន​ជា​ EBA​ ​នេះ​ ត្រូវបាន​ផ្តាច់​ វា​ផល​វិបាក​ដល់​កម្មករ​ ដល់​រដ្ឋាភិបាល​ ដល់​អ្នកជំនួញ។ ដូច្នេះ​វា​បញ្ហា។ ដូច្នេះ​ យើង​គឺ​នៅតែ​មាន​ការ​បារម្ភ​ដដែល»។

លោក​ ​រ៉ុង ឈុន​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ យល់​ថា ប្រជាពលរដ្ឋ​ខែ្មរ​ ​មន្ត្រី​រាជការ​ ​និង​កម្លាំង​ប្រដាប់​អាវុធ​ មុខនឹង​ប្រឈម​ផលវិបាក​ខ្លាំង​ខាង​សេដ្ឋកិច្ច​ និង​សង្គម​ ប្រសិនបើ​ប្រទេស​ដើរ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច​កម្ពុជា។

លោក​ប្រាប់​ ​VOA​ ​ថា​ កម្ពុជា​មិន​អាច​សហការ​តែ​ជា​មួយ​ប្រទេស​ចិន​ ហើយ​ជ្រើសរើស​យក​ភាព​ឯកោ​ខាង​ពាណិជ្ជកម្ម​ ជាមួយ​សហគមន៍​ប្រជាធិបតេយ្យ​ ​ដែល​បាន​ឆ្លើយតប​ខ្លាំងៗ​ជាមួយ​ការ​រិះគន់​ និង​ថ្កោល​ទោស​ទៅ​នឹង​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស់​នា​ពេល​ថ្មីៗ​នេះ។

«យើង​មិន​អាច​ឯកោ​នោះ​ទេ​ យើង​ត្រូវតែ​មាន​ទំនាក់​ទំនង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ហើយ​យើង​ដឹង​ហើយ​ថា​ សហគមន៍​អឺរ៉ុប​ ក៏ដូចជា​សហរដ្ឋ​អាមេរិក​ ជាទីផ្សារ​របស់​កម្ពុជា​ ដែល​ជា​ទីផ្សារ​ធំបំផុត​ ហើយ​បើសិន​ជា​យើង​លុបបំបាត់​ទីផ្សារ​ខ្លួន​យើង​ហើយ​ សួរថា​តើ​យើង​ទៅរំពឹង​អី? វេទនា​ទាំង​ប៉ូលិស​ ទាហាន​ មន្ត្រី​រាជការ​ហ្នឹង​ ក៏​វេទនា​ ​និយាយ​រួម​វេទនា​ទាំងអស់ បើសិន​ជា​គេដាក់​ទណ្ឌកម្ម​ គេឡោមព័ទ្ធ​សេដ្ឋកិច្ច​កម្ពុជាយើង»។

នៅ​ក្រោយ​ការ​បោះឆ្នោត​ដែល​គ្មាន​គណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​អាទិត្យ​ មានតែ​ក្រុមមន្ត្រីរបស់​ប្រទេស​ចិន​កុម្មុយនីស្ត​ដែល​ជា​សម្ព័ន្ធមិត្ត​ស្អិត​រមួត​កម្ពុជា​ ​ត្រូវគេ​រាយការណ៍​ថា បាន​អបអរ​ដល់​ការ​បោះ​ឆោ្នត​នៅកម្ពុជា​ ​ថា​ធ្វើឡើង​ជោគជ័យ។

រូបភាពឯកសារ៖ កម្មករ កម្មការនី រោងចក្រកាត់ដេរក្រោយពេលចេញពីធ្វើការរោងចក្រ ក្នុងសង្កាត់ឬស្សីកែវ ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
រូបភាពឯកសារ៖ កម្មករ កម្មការនី រោងចក្រកាត់ដេរក្រោយពេលចេញពីធ្វើការរោងចក្រ ក្នុងសង្កាត់ឬស្សីកែវ ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ប៉ុន្តែ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ រួមមាន​សហរដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប បាន​សម្តែង​ការ​ខកចិត្ត​ និង​រិះគន់​ចំពោះ​ការ​បោះឆ្នោត​ដែល​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវបាន​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​រំលាយ​ចោល​កាល​ពីឆ្នាំមុន។ សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ចាត់​វិធានការ​ទិដ្ឋាការ​បន្ថែម​លើ​កម្ពុជា​ រីឯ​សហភាព​អឺរ៉ុប​បាន​ចាត់​ទុក​ថា​ ការ​បោះឆ្នោត​ថ្មីៗ​នេះ​ «ខ្វះ​ភាព​ដែល​អាច​ជឿ​ទុកចិត្ត​បាន»។

សហភាព​អឺរ៉ុប​ ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ ​ដែល​បាន VOA​ ​បាន​ទទួល​កាល​ពី​ថ្ងៃ​ចន្ទ​ថា កង្វះ​ការ​ប្រកួត​ប្រជែង​ដ៏​ពិតប្រាកដ​នៅ​ក្នុង​ការ​បោះឆ្នោត​ និង​អវត្តមាន​នៃ​ដំណើរ​ការ​ដាក់​បញ្ចូល​គណ​បក្ស​នយោបាយ​ទាំងអស់​នៅ​ក្នុង​ការ​បោះឆ្នោត​ ​មាន​ន័យ​ថា ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ​ ​មិន​បាន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​បោះឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។

ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​រួមមាន កាណាដា​ ​អូស្រា្តលី​ អាល្លឺម៉ង់​ ​និង​ប្រទេស​បារាំង​ ​ក៏​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ ​ក្តី​បារម្ភ​ ​និង​ការ​សោកស្តាយ​ចំពោះ​ការ​បោះឆ្នោត​ ដោយ​មិនមាន​ការ​ចូល​រួម​របស់​គណបក្ស​ប្រឆាំង។ រដ្ឋាភិបាល​បារាំង​ បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា​ ការ​បោះឆ្នោត​នេះ ​ត្រូវបាន​ធ្វើ​ឡើង​នៅក្នុង​បរិយាកាស​មួយ​ ដែល​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សង្គមស៊ីវិល​ ធ្វើ​ការ​ដោយ​មិនមាន​ការ​រាំងខ្ទប់។

លោក​ ​រ៉ុង ឈុន​ ​ថ្លែង​បន្ថែម​ថា​ ប្រទេស​ប្រជាធិបតេយ្យ​ទាំងឡាយ​ ​ដែល​រិះគន់​ចំពោះ​ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​ប្រាំ​មួយ​នេះ​ មិន​ទាន់​បិទ​ផ្លូវ​កម្ពុជា​ ​ឲ្យ​មាន​ការ​សម្រប​សម្រួល​ខាង​នយោបាយ​ ​ដើម្បី​ទាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ឲ្យវិល​មក​កាន់​សភាព​ដើម​វិញ​នោះ​ឡើយ។

«ខ្ញុំ​មើល​ឃើញ​ថា​ មកដល់​ពេលនេះ​ មិន​ទាន់​ជា​ហួសពេល​ទេ​ បើសិន​ជា​យើង​សម្រប​សម្រួល​ ហើយ​រក​ដំណោះស្រាយ​នយោបាយ​ទៅ​ ពេល​ហ្នឹង​វា​នឹង​ប្រសើរ​ឡើង​វិញ។ ហើយបើ​សិន​ជា​យើង​ ប្រកាន់​ជំហរ​ មិន​ស្តាប់​អន្តរជាតិ​ សហគមន៍​អន្តរជាតិ​ទេ​ កម្ពុជា​យើង​នឹង​ជួប​បញ្ហា​ កលយុគបាទ»។

លោក​ ​ឃុន ថារ៉ូ​ ​មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​អង្គការ​សង់ត្រាល់​ ​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​បរិបថ​មួយ​ ដែល​ត្រូវ​បំបែក​ភាព​ទាល់ច្រក​ខាងនយោបាយ​ និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ និង​មិន​អាច​បណ្តែត​បណ្តោយ​ឲ្យខ្លួន​រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ តួយ៉ាង​ការ​ដកហូត​វិញ​នូវ​កម្មវិធី​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប​មកលើ​ទំនិញ​កាត់ដេរ​កម្ពុជា​នោះ​ទេ។

«យើង​ត្រូវ​តែ​គិត​ថា​ យើង​មិន​អាច​គិត​ថា​ បញ្ហា​មួយ​ហ្នឹង​ គឺ​ជា​បញ្ហា​លេងសើច​ទេ​ ហើយ​ជា​ពិសេស​ ហ្នឹង​គឺ​រាជរដ្ឋាភិបាល​ត្រូវ​តែ​គិត​ឲ្យ​បាន​ល្អិត​ល្អន់​ ឲ្យ​បាន​វែង​ឆ្ងាយ​ ពីព្រោះ​ថា​កត្តា​សេដ្ឋកិច្ច​នេះ​ វា​ទាក់​ទង​ទៅនឹង​អា​កត្តា​ឆ្នាំង​បាយ​សំខាន់។ ហើយ​វា​ ជាពិសេស​ហ្នឹង​សម្រាប់​ប្រជាពលរដ្ឋ​ហ្នឹង។ ហើយ​អ្វី​ដែល​សំខាន់​បំផុត​ហ្នឹង​ យើង​ដឹង​ហើយ​បណ្តា​ប្រទេស​ ទាំង​សហភាព​អឺរ៉ុប​ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ មាន​សហរដ្ឋ​អាមេរិក​ មាន​អីហ្នឹង​ ហើយ​ជប៉ុន​ អីហ្នឹង យើង​ឃើញថា​ គេ​បាន​កសាង​នូវ​ថ្នាល​នៃលទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​ហ្នឹង​គឺ​ ច្រើន​ក្រាស់​ក្រែល​ហើយ​ទាំង​ជំនួយ​អភិវឌ្ឍន៍ ទាំង​ក្នុងនោះ​ជំនួយ​ នៅក្នុង​ការ​លើក​កម្ពស់​ឲ្យ​មាន​នូវ​ការ​តម្លាភាព​ ហើយ​ឲ្យ​មាន​នូវ​លើក​កម្ពស់​នូវ​លទិ្ធប្រជាធិបតេយ្យ។ ហ្នឹង​គឺ​វា​ជា​អ្វីដែល​គេបាន​ខិតខំ​ប្រឹង​ប្រែង​ ជាង​រយៈពេល​ ២៥​មកហ្នឹង»។

ទោះបី​ជា​យ៉ាង​ណាក្តី​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ហៅ​កាត់​ថា​ (គ.ជ.ប)​ តែង​តែ​ច្រាន​ចោល​ការរិះគន់​ជា​អន្តរជាតិ​នោះ​ហើយ​ថា​ ​អ្វីៗ​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា​ គឺ​ជា​ការ​ផ្តល់​អាទិភាព​លើ​ស្ថិរភាព​ ​ការ​អភិវឌ្ឍ​ និង​ការ​គោរព​ច្បាប់​ប្រទេស។

រហូតម​ដល់​ពេលនេះ​ ឯកអគ្គរដ្ឋ​ទូត​សហភាព​ប្រចាំ​កម្ពុជា​លោក​ ​ George Edgar ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នូវ​ដំណើរ​ពិចារណា​ការ​រក្សាទុក​ ឬក៏​ការ​ដកហូត​វិញ​នូវ​គម្រោង​ពាណិជ្ជកម្ម «អ្វីៗទាំង​អស់​វៀ​រលែង​តែ​អាវុធ»​ ដែល​ជា​ក្របខណ្ឌ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា។

​យោង​តាម​សេចក្តីរាយការណ៍​របស់​គេហទំព័រ Nikkei Asian Review បាន​ឲ្យដឹងថា​ ដោយសារ​តែ​មាន​ការ​អនុគ្រោះពន្ធ​លើ​ទំនិញ​នាំចេញ​នោះ​ ​៦១.១ភាគរយនៃ​ទំនិញ​កម្ពុជា​មានតម្លៃ​១០.១កោដិ​ដុល្លារ​សហរដ្ឋ​អាមេរិក​ ត្រូវនាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​នៅឆ្នាំ២០១៦។ ប្រទេស​ចិន​បាន​ទិញ​ទំនិញ​កម្ពុជា​តែ​៦ភាគរយ​ប៉ុណ្ណោះ៕

XS
SM
MD
LG