ក្រុមមន្ត្រីបាននិយាយថា ពួកឧទ្ទាម៦នាក់និងទាហានម្នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រយុទ្ធគ្នានៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃអាទិត្យ ដែលបានធ្វើឱ្យមានការតវ៉ាដោយហិង្សារបស់អ្នកស្រុកដែលទាមទារឲ្យបញ្ចប់ការគ្រប់គ្រងរបស់ឥណ្ឌាលើតំបន់ដែលមានជម្លោះហើយដែលបានធ្វើឲ្យក្មេងប្រុសម្នាក់ស្លាប់និងមនុស្ស២០នាក់រងរបួស។
អ្នកនាំពាក្យកងទ័ពឥណ្ឌាលោកវរសេនីយ៍ឯក Rajesh Kalia បាននិយាយថាកងកម្លាំងឥណ្ឌាបានឡោមព័ទ្ធភូមិមួយនៅភាគខាងត្បូងតំបន់ Shopian កាលពីព្រឹកថ្ងៃអាទិត្យ ដែលនាំឱ្យមានការបាញ់គ្នាដែលក្នុងនោះក្រុមសកម្មប្រយុទ្ធ៦នាក់ត្រូវបានសម្លាប់។ លោកបាននិយាយថា ទាហានម្នាក់ត្រូវបានសម្លាប់និងម្នាក់ទៀតរងរបួសនៅក្នុងការប្រយុទ្ធគ្នានេះ។
ឧបទ្ទវហេតុនេះបានបង្កឱ្យមានបាតុកម្មប្រឆាំងឥណ្ឌានិងមានការប៉ះទង្គិចគ្នា ខណៈមនុស្សរាប់រយនាក់បានដើរក្បួននៅក្បែរកន្លែងកើតហេតុ ដោយបង្ហាញសាមគ្គីភាពជាមួយពួកបះបោរ ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតំបន់នោះ។
ប៉ូលិសនិងប្រជាពលរដ្ឋបាននិយាយថា ក្មេងប្រុសជំទង់ម្នាក់ត្រូវបានសម្លាប់និងមនុស្ស២០ នាក់បានរងរបួសនៅពេលដែលពួកទាហានបានបាញ់គ្រាប់កាំភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីទប់ទល់នឹងក្រុមអ្នកតវ៉ាដែលគប់ដុំថ្ម។ តំបន់កាស្មៀរត្រូវបានបែងចែកដោយផ្នែកខ្លះគ្រប់គ្រងដោយឥណ្ឌានិងផ្នែកខ្លះគ្រប់គ្រងដោយប៉ាគីស្ថានដែលជាគូប្រជែងនឹងគ្នា។ ហើយប្រទេសទាំងពីរអះអាងថា តំបន់កាស្មៀរទាំងមូលជារបស់ខ្លួន៕