អ្នកសារព័ត៌មានពីររូបរបស់កាសែត The Cambodia Daily ត្រូវបានតុលាការខេត្តរតនគិរីកោះហៅឲ្យចូលបំភ្លឺជាលើកទីពីរ បន្ទាប់ពីពួកគេមិនបានចូលបំភ្លឺតាមការកោះហៅលើកទី១ កាលពីខែមិថុនាកន្លងទៅ។ ការកោះហៅអ្នកកាសែតឲ្យចូលឆ្លើយបំភ្លឺនៅតុលាការពាក់ព័ន្ធនឹងការសួរសំណួរទៅកាន់ប្រជាពលរដ្ឋដើម្បីទទួលបានព័ត៌មានពីការបោះឆ្នោតនេះ ត្រូវបានអ្នកជំនាញខាងសារព័ត៌មានលើកឡើងថា នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
សាលាដំបូងខេត្តរតនគិរី ចេញដីកាកោះជាលើកទី២ ដល់អ្នកសារព័ត៌មានកាសែត The Cambodia Daily ចំនួនពីររូបឲ្យចូលបំភ្លឺនៅថ្ងៃទី២០ ខែកក្កដា ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការ «ញុះញង់និងគំរាមកំហែង» អ្នកបោះឆ្នោត កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅ។ នេះបើតាមការលើកឡើងរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។
លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ប្រាប់ VOA នាល្ងាចថ្ងៃសុក្រថា លោកបានចេញដីកាជាលើកទី២ កាលពីថ្ងៃទី២៨ ខែមិថុនា ដោយកោះហៅអ្នកសារព័ត៌មានរបស់កាសែត The Cambodia Daily ទាំងពីររូបឲ្យចូលឆ្លើយបំភ្លឺនៅថ្ងៃទី២០ ខែកក្កដាខាងមុខ។ លោកបន្ថែមថា លោកបានចេញដីកាកោះហៅឲ្យអ្នកកាសែតទាំងពីររូបនោះចូលបំភ្លឺនៅថ្ងៃទី២៧ ខែមិថុនាម្តងរួចមកហើយ ប៉ុន្តែលោកថា អ្នកទាំងពីរនោះមិនបានចូលឆ្លើយបំភ្លឺតាមការកោះហៅ។
លោក ជា ពេជ្រ មិនបានបញ្ជាក់ថា តុលាការនឹងមានចំណាត់ការបែបណាជាបន្ត ប្រសិនបើអ្នកកាសែតទាំងពីររូបនោះមិនចូលបំភ្លឺជាលើកទីពីរនោះទេ ដោយលោកគ្រាន់តែប្រាប់ថា៖
«ប្រសិនបើមានព័ត៌មានណាមួយថា គាត់បានទទួល មានភស្តុតាងណាមួយគាត់ថា គាត់បានទទួលហើយ គាត់មិនបានចូលបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការទេ នោះលទ្ធផលនៃចំណាត់ការខ្ញុំមិនទាន់ជម្រាបជូនបានទេ។ ខ្ញុំមិនទាន់គិតដល់ចំណុចហ្នឹង»។
កាលពីពាក់កណ្តាលខែឧសភានេះ ពោលគឺមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ អ្នកសារព័ត៌មានពីររូបរបស់កាសែត The Cambodia Daily រួមមានលោក Zsombor Peter ជនជាតិកាណាដា និងលោក អូន ភាព បានដើរសួរប្រជាពលរដ្ឋនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អំពីការបោះឆ្នោតឃុំ-សង្កាត់ ថា តើប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ បានបោះឆ្នោតឲ្យគណបក្សមួយណាកាលពីឆ្នាំ២០១២។
បន្ទាប់ពីការសួរនាំរបស់អ្នកកាសែតទាំងពីររូបនោះ បណ្ដឹងមួយពីមេឃុំ និងពលរដ្ឋនៅឃុំប៉ាតេ ត្រូវបានដាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវកាលពីថ្ងៃទី២២ ខែឧសភា។ ពាក្យបណ្ដឹងបានចោទថា សកម្មភាពរបស់អ្នកសារព័ត៌មានទាំង២រូប គឺផ្ទុយពីច្បាប់បោះឆ្នោត ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកកាសែត The Cambodia Daily និងអ្នកទទួលខុសត្រូវក្នុងស្ថាប័នព័ត៌មានរបស់ពួកគេបានទេ រហូតដល់ល្ងាចថ្ងៃសុក្រនេះ។
អត្ថបទជាភាសាអង់គ្លេសរបស់កាសែត The Cambodia Daily ចេញនៅព្រឹកថ្ងៃសុក្រនេះផ្សាយថា ការិយាល័យកាសែត The Cambodia Daily ទទួលបានដីកាមួយពីតុលាការខេត្តរតនគិរីកាលពីថ្ងៃព្រហស្បតិ៍ ដោយមានព្រះរាជអាជ្ញាឈ្មោះ ជា ពេជ្រ កោះហៅឲ្យអ្នកសារព័ត៌មានរបស់ពួកគេ២រូប ចូលឆ្លើយបំភ្លឺនៅតុលាការនាថ្ងៃទី២០ ខែកក្កដានេះ។ អ្នកចាត់ការទូទៅនៃកាសែត The Cambodia Daily លោក Douglas Steele ត្រូវបានដកស្រង់សម្តីក្នុងអត្ថបទដដែលថា៖ «ពួកយើង ជាការពិត នឹងទៅពិភាក្សាជាមួយនឹងព្រះរាជអាជ្ញា និងបញ្ចេញយោបល់ជាសាធារណៈ នៅពេលដ៏សមស្របមួយ»។
យោងតាមបណ្តឹងដែលគេចែកចាយតាមបណ្តាញសង្គមនាចុងខែឧសភា ឲ្យដឹងថា បណ្ដឹងចុះថ្ងៃទី២២ ខែឧសភា មេឃុំប៉ាតេ លោក រម៉ាម យួត មកពីគណបក្ស សម រង្ស៊ី និងអ្នក ភូមិឈ្មោះ សេវ បន និងបុរសម្នាក់ទៀតឈ្មោះ រចំ យ៉ិ រស់នៅក្នុងឃុំនេះ បានចោទអ្នកយកព័ត៌មានទាំងពីរនាក់របស់កាសែត The Cambodia Daily គឺលោក Zsombor Peter ជនជាតិកាណាដា និងលោក អូន ភាពពីបទ «ញុះញង់ឲ្យគាំទ្រគណបក្សប្រឆាំង» និងរំលោភសិទ្ធិស្វ័យសម្រេច តាមរយៈការសួរសំណួរថា តើប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សណានៅក្នុងឆ្នាំ ២០១២?
ឃុំប៉ាតេ គឺជាឃុំតែមួយគត់នៅក្នុងខេត្តរតនគិរី ដែលគណបក្សប្រឆាំងបានឈ្នះធ្វើជាមេឃុំ កាលពីប្រាំឆ្នាំមុន។ ប៉ុន្តែក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤កាលពីពេលថ្មីៗនេះ ឃុំប៉ាតេ ត្រូវបានមេឃុំថ្មីរបស់គណបក្សកាន់អំណាចដែលជាអតីតមន្រ្តីការពារសិទ្ធិមនុស្សមួយរូប ដណ្តើមបានយកមកគ្រប់គ្រង។
ភ្លាមៗបន្ទាប់ពីមានករណីប្តឹងអ្នកកាសែតទាំងពីររូបនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន បានបង្ហោះលើទំព័រ Facebook របស់លោកនូវរូបថត និងព័ត៌មានផ្ទាល់ខ្លួនក្នុងលិខិតឆ្លងដែនរបស់អ្នកកាសែត The Cambodia Daily ម្នាក់គឺលោក Zsombor Peter។
ក្រោយការបង្ហោះរបស់លោក ខៀវ កាញារីទ្ធ ក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា (Overseas Press Club of Cambodia) បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយថ្កោលទោសការបង្ហោះអត្តសញ្ញាណរបស់អ្នកកាសែតបរទេសរបស់កាសែត The Cambodia Daily លើបណ្ដាញសង្គមហ្វេសប៊ុក។ ក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា បានទទូចឲ្យមានការលុបចោលនូវព័ត៌មានទាំងនោះពីប្រព័ន្ធអ៊ីនធឺណិត ដោយលើកឡើងថា ការបង្ហោះរបស់លោក ខៀវ កាញារីទ្ធ នេះអាចបង្កគ្រោះថ្នាក់ និងធ្វើឲ្យខូចឈ្មោះដល់អ្នកកាសែតបាន។ លោក ខៀវ កាញារីទ្ធ ក្រោយមកបានលុបចោលការបង្ហោះនោះ។
ពាក់ព័ន្ធនឹងករណីប្តឹងអ្នកកាសែតដែលបានសួរសំណួរពាក់ព័ន្ធនឹងការបោះឆ្នោតនេះ លោក មឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលើកឡើងថា ប្រជាពលរដ្ឋ ជាពិសេសអ្នកសារព័ត៌មាន មានសិទ្ធិក្នុងការសួរព័ត៌មានគ្រប់បែបយ៉ាងស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ លោកបន្ថែមថា អ្នកសារព័ត៌មានអាចត្រូវប្រឈមមុខច្បាប់ លុះត្រាតែសំណួរដែលពួកគេសួរ គឺជាសំណួរដែលមានលក្ខណៈចាប់បង្ខំ ឬគំរាមកំហែងផ្សេងៗ។
លោក មឿន ឈានណារិទ្ធ មានប្រសាសន៍ប្រាប់ VOA ថា៖
«ការសួរសំណួរគឺជាអាជីពមួយរបស់អ្នកសារព័ត៌មាន ហើយត្រង់ថា អ្នកផ្តល់ព័ត៌មានគាត់ឆ្លើយមិនឆ្លើយនោះជាសិទ្ធិរបស់គាត់។ អញ្ចឹងខ្ញុំគិតថា ការចោទប្រកាន់របស់អ្នកភូមិហ្នឹងដូចជាធ្ងន់ធ្ងរពេក ព្រោះអីគ្រាន់តែសួរព័ត៌មានទូទៅ ទោះបីជាសួរព័ត៌មានពាក់ព័ន្ធនឹងអ្វីក៏ដោយ ក្នុងតួនាទីជាអ្នកសារព័ត៌មាន មិនគួរមានទោសទេ មិនគួរត្រូវបានតុលាការកោះហៅទៅសាកសួរអញ្ចឹងទេ»។
លោក មឿន ឈានណារិទ្ធ បន្ថែមថា ការកោះហៅអ្នកសារព័ត៌មានទៅសាកសួរពាក់ព័ន្ធនឹងករណីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការធ្វើការងាររបស់អ្នកសារព័ត៌មាន និងសិទ្ធិក្នុងការបញ្ចេញមតិជាទូទៅ។
កាសែត The Cambodia Daily គឺជាស្ថាប័នព័ត៌មានបោះពុម្ពផ្សាយជាភាសាខ្មែរ និងអង់គ្លេសជិត ៣០ឆ្នាំមកហើយ។ ជារឿយៗកាសែតនេះ បានរិះគន់ធ្ងន់ៗទៅលើភាពអវិជ្ជមានរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចអស់រយៈពេលជាង៣០ឆ្នាំ។ នេះមិនមែនជាលើកទី១ទេ ដែលអ្នកសារព័ត៌មានរបស់កាសែត The Cambodia Daily រងការចោទប្រកាន់ពីតុលាការដែលគេដឹងថា មានភាពជិតដិតជាមួយគណបក្សកាន់អំណាចនោះ៕