ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា​ថ្កោល​ទោស​ការ​បង្ហោះ​អត្ត​សញ្ញាណ​អ្នក​កាសែត​ The Cambodia Daily​


រូបភាព​មួយ​ដែល​ត្រូវ​ចែកចាយ​តាម​​បណ្តាញ​ Twitter បង្ហាញ​ពី​​គណនី​ហ្វេសប៊ុក​របស់​​រដ្ឋមន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​ បាន​បង្ហោះ​រូបថត​លិខិត​ឆ្លង​ដែន​របស់​អ្នក​សារព័ត៌មាន​បរទេស​ម្នាក់​នៃ​កាសែត​ The Cambodia Daily។ (រូបថត​ពី​ Twitter)
រូបភាព​មួយ​ដែល​ត្រូវ​ចែកចាយ​តាម​​បណ្តាញ​ Twitter បង្ហាញ​ពី​​គណនី​ហ្វេសប៊ុក​របស់​​រដ្ឋមន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​ បាន​បង្ហោះ​រូបថត​លិខិត​ឆ្លង​ដែន​របស់​អ្នក​សារព័ត៌មាន​បរទេស​ម្នាក់​នៃ​កាសែត​ The Cambodia Daily។ (រូបថត​ពី​ Twitter)

ការ​ថ្កោល​ទោស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​លោក​ ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​បង្ហោះ​លើ​ទំព័រ Facebook របស់​លោក​នូវ​​រូបថត​និង​ព័ត៌មាន​ផ្ទាល់ខ្លួន​​ក្នុង​លិខិត​ឆ្លងដែន​របស់​អ្នក​កាសែត The Cambodia Daily ម្នាក់​គឺ​លោក Zsombor Peter។​

ក្លឹប​អ្នក​កាសែត​បរទេសនៅ​កម្ពុជា​ (Overseas Press Club of Cambodia) ​នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ​ដោយ​បានថ្កោលទោស​ការ​បង្ហោះ​អត្តសញ្ញាណ​របស់​អ្នក​កាសែត​បរទេស​មួយ​រូប​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។​ ការ​បង្ហោះ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​អ្នក​សារព័ត៌មាន​ពីរ​រូប​របស់​កាសែត​ The Cambodia Daily ​រង​ការ​ប្ដឹងផ្ដល់​ចំពោះ​ការ​ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នក​ភូមិ​ក្នុង​ខេត្ត​រតនគិរី​អំពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់។​

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ក្លឹប​អ្នក​កាសែត​បទេស​នៅ​កម្ពុជា បាន​ហៅ​សកម្មភាព​ការ​បង្ហោះ​លិខិតឆ្លងដែន​របស់​អ្នក​សារ​ព័ត៌មាន​បរទេស​ម្នាក់​លើ​បណ្តាញ​សង្គម​ Facebook ថា​ អាច​បង្ក​គ្រោះ​ថ្នាក់​និង​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​ដល់​អ្នក​សារព័ត៌មាន។​

ការ​ថ្កោល​ទោស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក​ ខៀវ កាញារីទ្ធ បាន​បង្ហោះ​លើ​ទំព័រ Facebook [មិន​អាច​បើក​បាន​ពេល​នេះ] របស់​លោក​នូវរូបថត​និង​ព័ត៌មាន​ផ្ទាល់ខ្លួនក្នុង​លិខិត​ឆ្លងដែន​របស់​អ្នក​កាសែត The Cambodia Daily ម្នាក់​គឺ​លោក Zsombor Peter។​

​ក្លឹប​អ្នក​កាសែត​បរទេសនៅ​កម្ពុជា ក៏​បាន​ទទូច​ឲ្យ​មាន​ការ​លុបចោល​នូវ​ព័ត៌មាន​ទាំង​នោះ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​លើក​ឡើង​ថា​ ការ​បង្ហោះ​របស់លោក​ ​ខៀវ កាញារីទ្ធ​នេះ ​អាច​បង្ក​គ្រោះថ្នាក់​ និង​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ដល់​អ្នក​កាសែត​បាន។

​ការ​បង្ហោះ​អត្តសញ្ញាណ​អ្នក​សារព័ត៌មាន​បរទេស​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ក្រុម​អ្នក​ស្រុក​ក្នុង​ខេត្ត​រតនគិរី​ ​ចំពោះ​អ្នក​សារព័ត៌មាន​បរទេស​រូប​នេះ​ដែល​ចុះ​យក​ព័ត៌មាន​ស្ដីពី​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់។​

លោក​ ​ខៀវ កាញារីទ្ធ ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​បង្ហោះ​រូបថត​នៃ​ពាក្យ​បណ្ដឹង​របស់​អ្នក​ស្រុក​អូរយ៉ាដាវនិង​លិខិត​ឆ្លងដែន​របស់​អ្នក​កាសែត​បរទេស​លោក​ Zsombor Peter​ ដោយ​ភ្ជាប់​ជាមួយ​សារ​ខ្លី​ថា​ «សូម​អ្នក​កាសែត​ទាំងអស់​រៀន​ច្បាប់​បោះឆ្នោត​ និង​ក្រម​សីលធម៌​ក្នុង​ពេល​បោះឆ្នោត​អោយ​បាន​ខ្ជាប់ខ្ជួន​ ចៀសវាង​ការ​ចោទ​ប្រកាន់​នានា»។

​ពាក្យ​បណ្ដឹង​សរសេរ​ដោយ​ដៃ​ដែល​លោក​ ​ខៀវ កាញារីទ្ធ​ ​បង្ហោះ​នោះ​ បាន​លើក​ឡើង​ថា​អ្នក​កាសែតThe Cambodia Daily​ ២​រូប​គឺ​លោក​ Zsombor Peter ​និង​លោក​ អូន ភាព​ ​បាន​ដើរ​សួរ​ប្រជាពលរដ្ឋ​អំពី​ការ​បោះឆ្នោតថា​ តើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ បាន​បោះឆ្នោត​ឲ្យ​គណបក្ស​មួយ​ណា​កាល​ពី​ឆ្នាំ​២០១២។​

ពាក្យ​បណ្ដឹង​ដែល​សរសេរ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរយ៉ាដាវខេត្ត​រតនគិរី ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា​នេះ ​អះអាង​ថា​ សកម្មភាព​របស់​អ្នក​កាសែត​ទាំង​២​រូប​គឺ​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត​ដែល​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប)។​

VOA មិន​អាច​ទាក់ទង​លោក​ ខៀវ កាញារីទ្ធ និង​លោក​ អ៊ុក គឹមសេង​ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​បានទេ នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ដើម្បី​សុំ​ក្ដី​អធិប្បាយ​ចំពោះ​ករណី​នេះ​បាន។​

​យ៉ាងណា​ក៏​ដោយ​ អាជ្ញាធរ​ក្នុង​ខេត្ត​រតនគិរី​ អះអាង​ថា​ ពួកគេ​មិន​ទទួល​បាន​ពាក្យ​បណ្ដឹង​អ្វី​នោះ​ទេ ហើយ​ពួកគេ​ថា​ពាក្យ​បណ្ដឹង​នោះ​គឺ​ប្ដឹង​ទៅ​គ.ជ.ប​ប៉ុណ្ណោះ។

​លោក​ ម៉ា វិចិត្រ​ អភិបាល​ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី​ប្រាប់​ ​VOA​ ​ថា​ ​ពាក្យ​បណ្ដឹង​នោះ​គឺ​ប្ដឹង​ទៅ​គ.ជ.ប​ ​និង​តុលាការ។​ លោក​ថា ប៉ូលិស​ស្រុក ​គ្រាន់​តែ​មាន​តួនាទី​សួរនាំ​ និង​ប្រមូល​ព័ត៌មាន​ប៉ុណ្ណោះ។

​«ដីកា​អត់មាន​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ទេ។​ ​ពេល​ដែល​មាន​បាតុភាព​អី​មួយ​ ប្រជាពលរដ្ឋ​ប្រាប់​អីចឹង​ទៅ​ យើង​ទៅ​សួរ​នាំ​ថា​គាត់​មក​ពី​ណា។​ ​ប៉ូលិស ​មិន​មាន​សិទ្ធិ​ប្ដឹង​អី​ទេ។ ការ​ប្ដឹង​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ»។

​លោក​ ម៉ា វិចិត្រ​ អភិបាល​ស្រុក​អូរយ៉ាដាវ​ប្រាប់​ VOA​ ​បន្ថែម​ថា​ សមត្ថកិច្ច​បាន​សួរ​នាំ​អ្នក​សារព័ត៌មាន​ The Cambodia Daily​ ទាក់ទិន​នឹង​ករណី​នេះ​ដែរ​ ប៉ុន្តែ​មិន​មាន​ការ​ឃាត់​ខ្លួន​ណា​មួយ​នោះ​ទេ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២២​កន្លង​មក។

​ខណៈ​ដែល​ ​VOA​ ​មិន​អាច​ទំនាក់ទំនង​សុំ​ក្តី​អធិប្បាយ​ពី​តុលាការ​ខេត្ត​រតនគិរី​ លោក​ ​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ ឲ្យ​ដឹង​ថា​ពាក្យ​បណ្ដឹង​នោះ​ គឺ​ប្ដឹង​ទៅ​អាជ្ញាធរ​ មិន​មែន​គ.ជ.ប​នោះ​ទេ​ ហើយ​លោក​ថា​ មក​ទល់​ពេល​នេះ គ.ជ.ប ក៏​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ផ្លូវការ​ណា​មួយ​នៅឡើយ​ដែរ។​

​លោក​ ​ហង្ស ពុទ្ធា​ យល់​ថា​ មាន​មូល​ហេតុ​២​ដែល​អាច​បង្ក​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​រតនគិរី​សម្រេច​ចិត្ត​ប្ដឹង​អ្នក​សារព័ត៌មាន​នេះ។ លោក​បញ្ជាក់​ថា៖​

​«ហេតុ​អី​បាន​ប្ដឹង?​ ទី១​ ប្រជាពលរដ្ឋ​គាត់​ភ័យខ្លាច​បាន​គាត់​ប្តឹង។​ ទី២ ​ទាក់ទង​នឹង​ការ​សួរនាំ​ត្រង់​តែ​ម្ដង​ បោះឆ្នោត​ឲ្យ​គណបក្ស​ណា?​ ​ហេតុ​អី​បោះ​ឲ្យ​អ្នក​នេះ​បោះ​ឲ្យ​អ្នក​នោះ? គឺជា​សំណួរ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឲ្យ​បាត់បង់​ការ​សម្ងាត់​របស់​សន្លឹក​ឆ្នោត។ ប៉ុន្តែ​ បើ​គាត់​មិន​សួរ​ ប្រជា​ពលរដ្ឋ​ឆ្លើយ​តែ​ម្ដង គាត់​អត់​ខុស​ទេ»។​

នា​ល្ងាច​ថ្ងៃ​ពុធ​នេះ​ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ​លើក​ឡើង​ថា ​សកម្មភាព​របស់​អ្នក​កាសែត​ទាំង​២​រូប​របស់​ The Cambodia Daily​ ​នេះ​ «ត្រូវ​ចាត់​ទុក​ថា​ រំលោភ​សិទ្ធិ​ឯកជន​ខាង​នយោបាយ​ និង​ជា​ការ​រំលោភ​លើ​ការ​សម្ងាត់​នៃ​ការ​បោះឆ្នោត»។​

កាសែត​ The Cambodia Dailyគឺ​ជា​ស្ថាប័ន​ព័ត៌មាន​បោះពុម្ពផ្សាយ​ជា​ភាសាខ្មែរនិង​អង់គ្លេស​ ​ដែល​ជា​រឿយៗ​រិះគន់​ធ្ងន់ៗ​ទៅ​លើ​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​ដែល​កាន់អំណាច​អស់​រយៈពេល​ជាង​៣០ឆ្នាំ។

​កាល​ពី​ថ្ងៃ​អង្គារ​ លោក ​Douglas Steele​ ​អ្នក​គ្រប់គ្រង​ទូទៅ​របស់​កាសែត​ The Cambodia Daily បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​កាសែត​ The Cambodia Daily នេះ​ដូចជា​មិន​សម​ហេតុផល​នោះ​ទេ​ ដោយសារ​តែថា ការ​សួរ​សំណួរ​របស់​អ្នក​កាសែត​ទាក់ទង​នឹងនយោបាយ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ គ្រាន់​តែជា​ផ្នែក​មួយ​នៃ​ការងារ​របស់​អ្នក​សារ​ព័ត៌មាន​ប៉ុណ្ណោះ។​

លោក​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

​«ការ​សួរ​សំណួរ គឺ​គ្រាន់តែ​ជា​ផ្នែក​ដំបូង​នៃ​ការងារ​របស់​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ។ ពួកគេ​នៅ​ត្រូវ​ការ​សរសេរ​អត្ថបទ​ កែ​អត្ថបទ និង​បោះពុម្ពផ្សាយ​អត្ថបទ។​ ​ច្បាប់បោះឆ្នោត​កម្ពុជា​ ពិត​ជា​តឹងរ៉ឹង​ចំពោះ​អ្វី​ដែល​អាច​បោះពុម្ព​ផ្សាយ​ទាក់ទង​នឹង​ការ​បោះឆ្នោត​ពិតមែន។​ ​ក៏ប៉ុន្តែ​ ថា​តើ​វា​អាច​រំលោភ​ច្បាប់​ដែរ​ទេ ​នៅ​ពេល​ដែល​អត្ថបទ​នោះ ​មិន​ទាន់​ទាំង​បាន​សរសេរ​ និង​បោះពុម្ព​ផ្សាយ​ផង​នោះ?»

នៅ​ក្នុង​ការ​ឆ្លងឆ្លើយសារ​អេឡិចត្រូនិក​ជាមួយ​ VOA ​លោក ​Douglas Steele អ្នក​គ្រប់គ្រង​ទូទៅ​របស់​កាសែត​ The Cambodia Daily ​លើក​ឡើង​ថា​ ​ស្ថាប័ន​របស់​លោក​នៅ​តែ​បន្ត​ធ្វើ​ការងារ​ដូច​ដែល​ពួកគេ​បាន​ធ្វើ​អស់​រយៈពេល​២៤ឆ្នាំ​មក​នេះ​ គឺ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ និង​មិន​លម្អៀង៕

XS
SM
MD
LG