ស្របពេលដែលការបោះឆ្នោតឃុំ-សង្កាត់ និងថ្នាក់ជាតិខិតជិតមកដល់ស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនក្នុងប្រទេសកម្ពុជា រងការគាបសង្កត់នឹងបណ្តឹងនានា។ អ្នកឃ្លាំមើលសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មានយល់ថា ការគាបសង្កត់ដល់ស្ថាប័នព័ត៌មានឯករាជ្យទាំងនេះ អាចប៉ះពាល់ដល់ការសម្រេចចិត្តរបស់ម្ចាស់ឆ្នោត និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសដ៏ក្រីក្រមួយនេះ។
ថ្មីៗនេះ ករណីអ្នកសារព័ត៌មាន ២រូបនៃកាសែត The Cambodia Daily ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ និងគំរាមកំហែងដល់អ្នកបោះឆ្នោតនៅខេត្តរតនគិរី ស្ថិតនៅភាពស្រពិចស្រពិល បន្ទាប់ពីបណ្តឹងលើកទី២ នៅតុលាការខេត្តរតនគិរី។ បណ្តឹងដែលប្តឹងទៅលោក Zsombor Peter ជាការីនិពន្ធជនជាតិកាណាដា និងលោក អូន ភាព ជាអ្នកយកព័ត៌មាន កើតមានឡើងក្រោយពេលអ្នកព័ត៌មានទាំងពីររូបចុះយកព័ត៌មានទាក់ទិននឹងការបោះឆ្នោតឃុំ-សង្កាត់។
មុននេះមួយខែ គឺនៅចុងខែមេសា លោក ជុន ច័ន្ទបុត្រ នាយករងផ្នែកផ្សាយជាខេមរភាសានៃវិទ្យុអាស៊ីសេរី ក៏ត្រូវបានតុលាការកោះហៅចូលទៅសាកសួរក្នុងនាមជា «ជនសង្ស័យ» ក្រោយអាជ្ញាធរចោទលោកថា លោកបាន«ផ្ដល់សេចក្ដីប្រកាសដោយភូតកុហក និងបន្លំខ្លួនចូលពន្ធនាគារ» ហើយថា វាខុសនឹងច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា ច្បាប់ស្តីពីពន្ធនាគារ និងក្រមព្រហ្មទណ្ឌកម្ពុជា។ ការណ៍នេះធ្វើឲ្យមានដីកានាំខ្លួនលោក ជុន ច័ន្ទបុត្រ ខណៈដែលលោកចាកចេញពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិកវិញ។
ករណីអ្នកសារព័ត៌មានទទួលរងបទចោទប្រកាន់តាមផ្លូវច្បាប់ កើតឡើងជាបន្តបន្ទាប់ ពេលដែលការបោះឆ្នោតជើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខិតជិតមកដល់ក្នុងរយៈពេលខ្លីខាងមុខ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។ អ្នកតាមដានការវិវត្តក្នុងវិស័យសារព័ត៌មាននៅកម្ពុជាយល់ថា ដំណើរការនៃបេសកកម្មដើម្បីផ្តល់ព័ត៌មានច្បាស់លាស់និងត្រឹមត្រូវជូនប្រជាពលរដ្ឋខ្មែរ ត្រូវបានរំខានដោយចំណាត់ការនានា ដោយក្រុមអាជ្ញាធរនិងរដ្ឋាភិបាលលោក ហ៊ុន សែន។ ការណ៍នេះវាអាចប៉ះពាល់ដល់ការសម្រេចចិត្តរបស់ពលរដ្ឋកម្ពុជាក្នុងការជ្រើសរើសថ្នាក់ដឹកនាំនាពេលខាងមុខ និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសដ៏ក្រីក្រនេះ។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថ្លែងប្រាប់ VOA នាថ្ងៃពុធថា បរិយាកាសនយោបាយបច្ចុប្បន្ន បានបន្លាចអ្នកសារព័ត៌មាននៅកម្ពុជា ហើយពួកគេទំនងអាចជាពិបាកក្នុងការសម្រេចចិត្តបញ្ចេញព័ត៌មានដែលប៉ះពាល់សុវត្ថិភាពខ្លួន។
«ការបន្លាចអ្នកសារព័ត៌មាននេះ ហាក់ដូចជាមិនថមថយទេ កាន់តែខ្ពស់ទៅៗ។ ការភ័យខ្លាចបង្ខំឲ្យគាត់ដកថយពីការផ្តល់ព័ត៌មានពិតខ្លះ។ ព័ត៌មានដែលមានលក្ខណៈផុយស្រួយ និងប៉ះពាល់សុវត្ថិភាពគាត់ ទោះបីព័ត៌មាននោះអាចមានប្រយោជន៍ដល់សាធារណៈក៏ដោយ គាត់អត់ហ៊ានឆ្លើយ អត់ហ៊ានផ្តល់ព័ត៌មានទៅសាធារណជន។ ហើយបើអ្នកសារព័ត៌មានបន្តធ្វើការរបៀបដោយភ័យខ្លាចរបៀបនេះ តិចឬច្រើន វាប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកបោះឆ្នោត»។
លោក Nathan Thompson ប្រធានក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា មានប្រសាសន៍ថា ការដាក់សម្ពាធលើអ្នកសារព័ត៌មានអំឡុងពេលបោះឆ្នោត អាចបង្កឱ្យមានហានិភ័យខ្លាំងដល់អ្នកសារព័ត៌មានផងដែរ។
«ខ្ញុំយល់ថា កំឡុងពេលបោះឆ្នោតនេះ វានឹងបង្កើនហានិភ័យដល់ទាំងអ្នកសារព័ត៌មានខ្មែរ និងបរទេស។ យើងសូមសម្តែងការគោរពអ្នកសារព័ត៌មានខ្មែរយ៉ាងខ្លាំង ពីព្រោះពួកគេកំពុងប្រថុយប្រថានជាងអ្នកសារព័ត៌មានបរទេសទៅទៀត»។
ក្រោយមានការប្តឹងផ្តល់អ្នកកាសែត The Cambodia Daily ពីសកម្មជននយោបាយ លោក ខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះពាក្យបណ្តឹង និងលិខិតឆ្លងដែនរបស់លោក Zsombor Peter ដែលជាអ្នកកាសែតជនជាតិកាណាដា តាមទំព័រហ្វេសប៊ុករបស់លោក និងក្រោយមកលុបចោលវិញ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានតួនាទីលើកស្ទួយសិទ្ធិសេរីភាពសារព័ត៌មានដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ ធ្លាប់បានថ្លែងទៅកាន់វិទ្យុអាស៊ីសេរីថា ប្រសិនបើអ្នកសារព័ត៌មានយល់ថា វាជាសំពាធទៅលើសេរីភាពក្នុងការរាយការណ៍ព័ត៌មាន ពួកគេគួរត្រឡប់ទៅស្រុកកំណើតវិញ ខណៈដែលតុលាការខេត្តរតនគិរីនៅបន្តចាត់វិធានការផ្លូវច្បាប់លើអ្នកសារព័ត៌មានពីររូបរបស់ការសែតឯករាជ្យមួយនេះនៅឡើយ។
VOA ពុំអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យ និងរដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន ដើម្បីបានព័ត៌មានបន្ថែមអំពីវិធានការនានាក្នុងការសម្របសម្រួលភាពស្រពិចស្រពិលលើករណីដាក់សម្ពាធអ្នកសារព័ត៌មានតាមផ្លូវច្បាប់ទាំងពីរករណីឡើយ។
នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន ព្យាយាមព្រមានដល់ស្ថាប័នព័ត៌មានឯករាជ្យក្នុងប្រទេស នៅមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីខែមេសាកន្លងទៅ ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍មួយដែលមានចំណងជើងថា «ប្រាប់ការពិត»។ មួយផ្នែកនៃសេចក្តីថ្លែងការណ៍នោះ គឺប្រឆាំងនឹងសារព័ត៌មានដែលរិះគន់រាជរដ្ឋាភិបាល ដោយសរសេរចំៗថា «មួលបង្កាច់តថភាព និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ» ដើម្បីបង្ហាញ «រូបភាពអវិជ្ជមានរបស់កម្ពុជា និងដាក់កំហុសរាជរដ្ឋាភិបាល» ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះបានសរសេរថា ស្ថាប័នព័ត៌មានទាំងនោះរួមមាន កាសែត The Cambodia Daily កាសែត Phnom Penh Post វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ជាដើម។ ហើយខ្លឹមសារអត្ថបទដែលរាយការណ៍ចេញពីស្ថាប័នទាំងនោះ ភាគច្រើនផ្សព្វផ្សាយពីភាពអវិជ្ជមាននៃការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ដូចជាអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងបញ្ហាសង្គមផ្សេងៗទៀត។
ស្របគ្នានោះដែរ នៅខែឧសភា ក្នុងសន្និសីទសារព័ត៌មានផ្សាយផ្ទាល់ទូទាំងពិភពលោកនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតយកវេទិកានេះស្តីបន្ទោសអ្នកសារព័ត៌មានដែលមកពីស្ថាប័នកាសែត The Cambodia Daily និងវិទ្យុអាស៊ីសេរីថា ស្ថាប័នព័ត៌មានដែលពួកគេកំពុងបម្រើការ គឺជាស្ថាប័នដែលបម្រើនិន្នាការបរទេសប្រឆាំងនឹងរូបលោក និងរាជរដ្ឋាភិបាលកម្ពុជា។ ហេតុការណ៍នេះ ត្រូវបានគេមើលឃើញថា ជាការព្រមានដល់អ្នកសារព័ត៌មានកម្ពុជាដែលធ្វើការជាមួយស្ថាប័នព័ត៌មានអន្តរជាតិ។
ក្នុងសន្និសីទសារព័ត៌មាននៃវេទិកាសេដ្ឋកិច្ចពិភពលោកដែលផ្សាយផ្ទាល់ទូទាំងពិភពលោក លោក ហ៊ុន សែន ថ្លែងថា៖
«សូមក្មួយៗទាំងពីរអ្នកដែលធ្វើការជាមួយវិទ្យុអាស៊ីសេរី និង Cambodia Daily សរសរឲ្យបានត្រឹមត្រូវ ព្រោះនេះកំពុងផ្សាយបន្តផ្ទាល់ច្រើនទូរទស្សន៍ណាស់ក្មួយ បើក្មួយយកទៅសរសរខុស អត្ថាធិប្បាយខុស នោះគេនឹងឃើញបានថា ពួកក្មួយៗដែលធ្វើការឲ្យបរទេស គឺពិតជាខ្ញុំបម្រើបរទេស ពិតប្រាកដហើយ។ ពូមិនចង់ឮពាក្យនេះទេ»។
ការណ៍នេះត្រូវបានគេមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងព្យាយាមបែងចែកក្រុមស្ថាប័នព័ត៌មានដែលគាំទ្រខ្លួននឹងក្រុមស្ថាប័នព័ត៌មានដែលរាយការណ៍ប្រឆាំងនឹងខ្លួន ហើយអាចធ្វើឱ្យមានការរើសអើងក្នុងវិជ្ជាជីវៈដ៏មានឥទ្ធិពលនេះ។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថ្លែងប្រាប់ VOA បន្ថែមថា៖
«នាយករដ្ឋមន្ត្រីមិនគួរបែងចែកអ្នកសារព័ត៌មានបរទេស ឬអ្នកសារព័ត៌មានក្នុងស្រុកទេ។ សំខាន់គឺជនជាតិណាក៏ដោយឲ្យតែអ្នកជាអ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រី គួរផ្ញើសារនៃការស្វាគមន៍ និងលើកទឹកចិត្តជាជាងផ្ញើសារព្រមានធ្វើឲ្យមានការភ័យខ្លាច»។
យ៉ាងណាក៏ដោយលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន ដែលដឹកនាំរាជរដ្ឋាភិបាលសព្វថ្ងៃ បានថ្លែងថា កម្ពុជាស្ថិតនៅក្នុងស្ថានភាពសន្តិភាពនៅអំឡុងពេលការបោះឆ្នោតកៀកជិតមកដល់ ហើយគ្មានទេការរឹតត្បិតសេរីភាពសារព័ត៌មាន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន៖
«គាត់ខ្លាចជារឿងគាត់ រដ្ឋាភិបាលមានបង្កលក្ខណៈអីឲ្យខ្លាច? រាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នមានសមត្ថកិច្ច មិនបានត្រួតពិនិត្យខ្លឹមសារអត្ថបទ ដែលយើងសរសរ ដែលយើងនិពន្ធមុននឹងការផ្សាយទេ»។
រដ្ឋាភិបាលកម្ពុជាបន្តអះអាងថា ខ្លួនផ្តល់សិទ្ធិសេរីភាពពេញលេញដល់សារព័ត៌មាន ដោយសំអាងទៅលើចំនួនស្ថាប័នសារព័ត៌មាន បើកដំណើរការថ្មីជាបន្តបន្ទាប់។
ក៏ប៉ុន្តែចំនួនច្រើននៃព័ត៌មាន ឬស្ថាប័នព័ត៌មានតែមួយមុខមិនអាចធានាអំពីគុណភាពនៃលិទ្ធិប្រជាធិបតេយ្យ ដែលអាចជួយដល់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្តត្រឹមត្រូវនោះទេ នេះបើតាមការលើកឡើងរបស់លោក មឿន ឈានណារិទ្ធិ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន។
«តែទោះជាយ៉ាងណាក៏ដោយ យើងមិនមែនត្រូវការតែបរិមាណទេ។ យើងត្រូវការគុណភាព និងលទ្ធភាពរបស់អ្នកសារព័ត៌មាន ថាតើគាត់អាចធ្វើការដោយឯករាជ្យ ដោយសុវត្ថិភាព និងធ្វើការប្រកបដោយវិជ្ជាជីវៈដែរ ឬក៏អត់។ បើសិនគាត់អាចធ្វើបានដោយឯករាជ្យ ដោយវិជ្ជាជីវៈ និងដោយសេរី ពេលហ្នឹងទើបចាត់ទុកថា ជាសង្គមដែលមានលទ្ធិប្រជាធិបតេយ្យ»។
ប្រទេសកម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ចំនួនបួនលេខ ដល់លេខរៀងទី១៣២ ក្នុងចំណោមប្រទេសជិត១៨០ដែលត្រូវបានសិក្សាដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនដែលមានមូលដ្ឋាននៅប្រទេសបារាំង។
កាលពីការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រអាណត្តិមុន គឺនៅឆ្នាំ២០១៣ រដ្ឋាភិបាលធ្លាប់ប្រកាសបិទការផ្សាយព័ត៌មានរបស់ស្ថាប័នព័ត៌មានអន្តរជាតិ ដូចជាវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមរិក និងវិទ្យុបារាំងជាដើម មុនថ្ងៃបោះឆ្នោត ហើយការប្រកាសនោះត្រូវបានលុបចោលវិញក្រោយប្រតិកម្មខ្លាំងពីសាធារណជន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបញ្ជាក់ថា រាជរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សរបស់លោកពុំមានគម្រោងធ្វើយ៉ាងដូច្នោះទៀតទេ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំនេះ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំក្រោយ «បើសារព័ត៌មាននោះគោរពវិជ្ជាជីវៈ និងក្រមសីលធម៌»៕