សម្រាប់ស្ត្រីខ្លះ ដែលប្រឈមនឹងស្ថានភាពក្រីក្រ ការងារជាអ្នកទទួលភ្ញៀវនៅតាមក្លិបកម្សាន្តបានក្លាយជាឱកាសការងារផ្លូវការ និងមធ្យោបាយចិញ្ចឹមជីវិតរបស់ពួកគេ។ ហើយអ្វីដែលស្ត្រីទាំងនេះស្នើសុំគឺការទទួលស្គាល់ និងការគោរពពីសង្គមលើសេចក្តីសម្រេចចិត្តរបស់ពួកគេ។
ការព្រួយបារម្ភនេះកើតមានឡើងនៅពេលដែលក្រុមបញ្ចុះបញ្ចូលដ៏មានឥទ្ធិពលមួយនៅកម្ពុជាចង់លុបបំបាត់រាល់ការងាររកស៊ីផ្លូវភេទ និងការងារបម្រើភ្ញៀវនៅតាមក្លិបកម្សាន្តទាំងអស់ ដោយយល់ថា ការងារទាំងនេះមានជាប់ពាក់ព័ន្ធនឹងការជួយដូរមនុស្ស។
នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ប្រជាជនដែលជាស្ត្រីមានចំនួនលើសពី៥០ភាគរយនៃចំនួនប្រជាជនសរុប។ យ៉ាងណាមិញ វិសមភាពខាងយេនឌ័រក្នុងការទទួលបានការអប់រំ និងការងារក្នុងសង្គមបានកំហិតជម្រើសការងារដល់ស្រ្តីខ្មែរជាច្រើននាក់។
លោកស្រី Heidi Hoefinger ជាសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនៃមហាវិទ្យាល័យ Berkeley នៅទីក្រុងញូយ៉ក និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា«ការរួមភេទ ក្តីស្រឡាញ់ និងទឹកប្រាក់នៅកម្ពុជា៖ មិត្តស្រីអាជីព និងទំនាក់ទំនងបែបដោះដូរ» បានប្រាប់ VOA ថា នៅកម្ពុជាមានទស្សនៈដ៏មានឥទ្ធិពលមួយ ដែលថា ការងាររបស់ស្ត្រីនៅតាមក្លិបកម្សាន្តមានជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ លោកស្រី Hoefinger បានចំណាយពេលជាងមួយទសវត្សរ៍ធ្វើការស្រាវជ្រាវ និងនិយាយជាមួយនឹងស្ត្រីខ្មែរដែលធ្វើការនៅតាមហាងលក់គ្រឿងស្រវឹងរបស់ជនបរទេសនៅទីក្រុងភ្នំពេញ។
«ការងារដែលស្ត្រីទាំងនេះធ្វើនៅតាមហាងលក់គ្រឿងស្រវឹងតែងតែត្រូវគេយកទៅពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស។ ហើយមានការយល់ឃើញថា ស្ត្រីទាំងនេះគឺជាជនរងគ្រោះដែលត្រូវបានគេកេងប្រវ័ញ្ច ហើយថា ស្ត្រីទាំងនេះមិនបានសម្រេចចិត្តធ្វើការងារនេះដោយស្ម័គ្រចិត្តនោះទេ»។
លោកស្រីក៏បានបន្ថែមថា តាមពិតទៅ ស្រ្តីខ្លះបានធ្វើ«ការសម្រេចចិត្តដោយខ្លួនឯង» ដើម្បីចូលធ្វើការងារនេះ ដោយសារតែស្ថានភាពជីវភាពជាក់ស្តែងរបស់ពួកគេ។
«ការងារនៅតាមហាងលក់គ្រឿងស្រវឹងគឺជាឱកាសការងារសម្រាប់ស្ត្រីមួយចំនួន ដែលពួកគេបានជ្រើសយក ហើយអ្វីដែលពួកគេស្នើសុំនោះគឺការទទួលស្គាល់ និងការគោរពពីសង្គមសម្រាប់សេចក្តីសម្រេចចិត្តរបស់ពួកគេ»។
ក៏ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកអភិរក្សនិយមខ្លះ យល់ថា ការងាររបស់ស្ត្រីរកស៊ីផ្លូវភេទ និងស្ត្រីដែលបម្រើភ្ញៀវតាមក្លិបកម្សាន្តកំពុងតែបន្ទាបតម្លៃសីលធម៌ និងប្រពៃណីរបស់កម្ពុជា។ យ៉ាងណាមិញ តាមរយៈការស្រាវជ្រាវ លោកស្រី Hoefinger បានរកឃើញថា ស្ត្រីទាំងនេះទទួលបានការកោតសរសើរ នៅពេលដែលពួកគេអាចរកចំណូលមកចិញ្ចឹមក្រុមគ្រួសាររបស់ពួកគេ។
«ស្ត្រីទាំងនេះត្រូវប្រឈមនឹងសង្គមដែលផ្តល់តម្លៃពីរប្រទាំងប្រទើសគ្នា។ ពួកគេត្រូវបានចាត់ទុកថា ជាស្រីខូច និងជាឧក្រិដ្ឋជន។ តែស្របពេលជាមួយគ្នានោះដែរ ពួកគេបែរជាទទួលបានការកោតសរសើរពីក្រុមគ្រួសាររបស់ពួកគេ នៅពេលដែលពួកគេអាចជួយផ្គត់ផ្គង់ជីវភាពសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ»។
ធា បានប្រាប់ VOA ថា បា្រកដណាស់ បើសិនជាមានជម្រើសផ្សេងពីនេះ នាងនឹងមិនជ្រើសយកការងារជាស្ត្រីបម្រើភ្ញៀវនៅតាមក្លិបការ៉ាអូខេទេ។ សព្វថ្ងៃនេះ ធា គឺជាមេការគ្រប់គ្រងស្ត្រីបម្រើភ្ញៀវនៅក្លិបការ៉ាអូខេមួយនៅខេត្តសៀមរាប។ មុននោះ ធាធ្លាប់ធ្វើការជាស្រ្តីរកស៊ីផ្លូវភេទ។
«និយាយរួមទៅ កាលពេលខ្ញុំរត់ចេញពីផ្ទះមក ខ្ញុំមិនដឹងទៅណា។ ហើយយើងមិនសូវចេះអក្សរ មិនចេះអង់គ្លេសអី ហើយយើងមិនដឹងទៅណា។ ហើយគេហៅខ្ញុំមកធ្វើការងារអញ្ចឹងជាមួយគេ។ ហើយមកធ្វើទៅ ខ្ញុំបាន tips (លុយទឹកតែ) រកបានប្រាក់ខែបានអីហ្នឹងគេទៅ»។
សព្វថ្ងៃនេះ ធា អាចរកប្រាក់ចំណូលប្រមាណ២០០ដុល្លារក្នុងមួយខែ ដើម្បីចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃ។ ហើយការងារនេះបានក្លាយជាមធ្យោបាយចិញ្ចឹមជីវិតសម្រាប់ស្ត្រីមួយចំនួនដែលមិនចេញអក្សរ និងមិនមានជម្រើសការងារដែលផ្តល់ប្រាក់ចំណូលសមរម្យ។
«ធម្មតាគាត់ចូលទៅបម្រើភ្ញៀវក្នុងបន្ទប់ [ការ៉ាអូខេ] អញ្ចឹងទៅ គាត់រកបានប្រាក់២០ទៅ៣០ដុល្លារអញ្ចឹងទៅ ហើយនេះអាចជួយជីវភាពរបស់គាត់បានមួយថ្ងៃទៅ ឬក៏គាត់ផ្ញើទៅឲ្យម៉ែឪគាត់ និងឲ្យប្អូនគាត់រៀនអញ្ចឹងទៅ»។
នៅក្នុងបទសម្ភាសន៍ជាមួយនឹង VOA ធា បាននិយាយថា ការបៀតបៀនផ្លូវភេទ ការផឹកគ្រឿងស្រវឹងកំដរភ្ញៀវ និងការចរចារកសេវាបម្រើផ្លូវភេទគឺជារឿងកើតឡើងជាប្រចាំទៅហើយនៅតាមក្លិបកម្សាន្ត។
នាង ធា យល់ថា ការចរចានេះមិនមែនជាការជួញដូរផ្លូវភេទខុសច្បាប់នោះទេ ពីព្រោះនាងមានអំណាចក្នុងការសម្រេចចិត្តថា តើគួរតែទៅជាមួយភ្ញៀវ ឬក៏យ៉ាងណា។
«និយាយរួមទៅ នារីធ្វើការសម្រេចចិត្តខ្លួនឯង។ គេចង់ទៅ គេទៅ។ មិនចង់ទៅ គេមិនទៅ។ តាមចិត្តគេ។ ដូចខ្ញុំអញ្ចឹង ថ្ងៃណាខ្ញុំចង់ទៅ គេហៅខ្ញុំទៅ ខ្ញុំក៏ទៅ។ បើស្អែកខ្ញុំមិនចង់ទៅ គេហៅខ្ញុំធ្វើម៉េចក៏ខ្ញុំមិនទៅដែរ។ មិនមាននរណាមកបង្ខំខ្ញុំបានទេ»។
នៅពេលសួរថា បើមានជម្រើសផ្សេងទៀត តើនាងនឹងបោះបង់ចោលការងារនេះដែរឬទេ នាង ធា បានបញ្ជាក់ថា នាងនឹងរើសយកជម្រើសផ្សេង។
«មិនចង់ធ្វើការអញ្ចឹងទេ រាល់ថ្ងៃនេះ។ តែធ្វើយ៉ាងម៉េច យើងមិនដឹងធ្វើអី ហើយយើងនៅផ្ទះមិនមាននរណាចិញ្ចឹម។ យើងមិនមានមុខរបររកស៊ី និងមិនមានដើមទុនអី»។
យ៉ាងណាមិញ លោកស្រីសាស្ត្រាចារ្យ Hoefinger រំលឹកថា ចលនាលុបបំបាត់ការងាររកស៊ីផ្លូវភេទ សេវាទទួលភ្ញៀវនៅតាមក្លិបកម្សាន្តនៅកម្ពុជាអាចបង្កបញ្ហាដល់ស្ត្រីមួយចំនួន។ ចលនានេះគួរជួយរកដំណោះស្រាយ និងរកជម្រើសឲ្យពួកគេ ទើបអាចជួយដោះស្រាយបញ្ហាសង្គមបាន៕