ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​កាន់​ទុក្ខ​ប្រធានាធិបតី​ដែល​បាន​ស្លាប់


ម្ឃូស​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Ebrahim Raisi ត្រូវបាន​ហែរ​នៅក្នុង​ពិធី​ហែរ​សព​របស់​លោក​ នៅ​ទីក្រុង Tabriz ប្រទេស​អ៊ីរ៉ង់ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ (Iranian Presidency / AFP)
ម្ឃូស​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Ebrahim Raisi ត្រូវបាន​ហែរ​នៅក្នុង​ពិធី​ហែរ​សព​របស់​លោក​ នៅ​ទីក្រុង Tabriz ប្រទេស​អ៊ីរ៉ង់ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ (Iranian Presidency / AFP)

ប្រជាជន​អ៊ីរ៉ង់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​នៅក្នុង​ទីក្រុង Tabriz ភាគ​ពាយ័ព្យ​ប្រទេស​ដើម្បី​កាន់ទុក្ខ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Ebrahim Raisi ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​អាទិត្យ​ នៅក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅក្នុង​តំបន់​នោះ។

ហ្វូងមនុស្ស​ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​តាមផ្លូវ​បាន​លើក​សញ្ញា​និង​បដា ​ដែល​មាន​រូបថត​លោក Raisi ជាមួយ​នឹង​អ្នក​ផ្សេង​ទៀត​ដែល​បាន​ស្លាប់​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ ដែល​ក្នុង​នោះ​រួម​ទាំង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Hossein Amirabdollahian ផងដែរ។

ពិធី​បុណ្យសព​នេះ​គឺជា​ពិធី​មួយ​ក្នុង​ចំណោម​ពិធី​ជាច្រើន​ដែល​កំពុង​ធ្វើឡើង​នៅ​សប្ដាហ៍​នេះ នៅ​ពេល​ដែល​អ៊ីរ៉ង់​កាន់ទុក្ខ ៥ ថ្ងៃ។

ពិធី​នានា​ក៏​ត្រូវបាន​កំណត់​ធ្វើឡើង​សម្រាប់​ទីក្រុង Qom និង​ទីក្រុង​តេហេរ៉ង់​ផងដែរ​ នៅ​មុន​ពិធី​បញ្ចុះ​សព​លោក Raisi ចុងក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​ នៅ​ក្នុង​តំបន់​ទីក្រុង Mashhad ដែល​ជា​ស្រុក​កំណើត​របស់​លោក។

មន្ត្រី​អ៊ីរ៉ង់​មិន​ទាន់​បាន​បញ្ជាក់​ជា​សាធារណៈ​នៅឡើយទេ​អំពី​មូលហេតុ​នៃ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ។ ឧទ្ធម្ភាគចក្រ​នេះ​បាន​ធ្លាក់​កាលពី​ថ្ងៃ​អាទិត្យ​នៅក្នុង​តំបន់​ភ្នំ​មួយ​កន្លែង​ក្នុង​អំឡុង​ធាតុអាកាស​ចុះ​អ័ព្ទ​នៅ​ពេល​ដែល​គណៈប្រតិភូ​អ៊ីរ៉ង់​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​មកពី​ចូលរួម​ពិធី​សម្ពោធ​គម្រោង​ទំនប់​វារីអគ្គិសនី​មួយ​កន្លែង​នៅ​ព្រំដែន​រវាង​អ៊ីរ៉ង់​និង​អាស៊ែបៃហ្សង់។

អតីត​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif មាន​បំណង​ចង់​រិះគន់​សហរដ្ឋ​អាមេរិក​និង​ទណ្ឌកម្ម​របស់​អាមេរិក​លើ​អ៊ីរ៉ង់។ លោក Zarif បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP ថា សហរដ្ឋ​អាមេរិក «ដាក់​ទណ្ឌកម្ម​លើ​ការ​លក់​យន្តហោះ​និង​គ្រឿង​បន្លាស់​យន្តហោះ​ដល់​ប្រទេស​អ៊ីរ៉ង់ ហើយ​មិន​អនុញ្ញាត​ឱ្យ​ប្រជាជន​អ៊ីរ៉ង់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ហោះហើរ​ល្អ​នោះទេ»។

សហរដ្ឋ​អាមេរិក​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អ៊ីរ៉ង់ «បាន​ប្រើ​យន្តហោះ​របស់​ខ្លួន​ដើម្បី​ដឹក​ជញ្ជូន​ឧបករណ៍​ទៅ​គាំទ្រ​អំពើ​ភេរវកម្ម»។

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ali Khamenei បាន​តែងតាំង​អនុ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Mohammad Mokhber ជា​ប្រធានាធិបតី​បន្ទាប់ពី​លោក Raisi បាន​ស្លាប់។ ការ​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​គ្រោង​នឹង​ធ្វើឡើង​ក្នុង​រង្វង់ ៥០ ថ្ងៃ​ខាងមុខ។

អនុ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Ali Bagheri Kani ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ស្ដីទី​នៃ​ក្រសួង​ការបរទេស៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG