អ៊ីរ៉ង់ថ្លែងថា ការស្វែងរកឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីនិងមន្ត្រីជាន់ខ្ពស់នានារបស់ខ្លួនដែលបានធ្លាក់នៅភាគពាយ័ព្យប្រទេសអូសបន្លាយដល់យប់ថ្ងៃអាទិត្យ ខណៈជោគវាសនារបស់លោកប្រធានាធិបតី Ebrahim Raisi មានភាពមិនប្រាកដប្រជា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថ្លែងថា ឧទ្ធម្ភាគចក្រនោះបានធ្លាក់កាលពីព្រឹកថ្ងៃអាទិត្យដោយសារអាកាសធាតុអាក្រក់នៅខេត្ត East Azerbaijan។ ពួកគេបានថ្លែងថា ឧទ្ធម្ភាគចក្រនោះដឹកលោកប្រធានាធិបតី Raisi លោករដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian និងមន្ត្រីពីរនាក់ផ្សេងទៀតត្រឡប់មកអ៊ីរ៉ង់វិញក្រោយចូលរួមព្រឹត្តិការណ៍ក្បែរព្រំដែនប្រទេសអាស៊ែបៃហ្សង់ ទីដែលពួកគេបានជួបជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev ដើម្បីសម្ភោធគម្រោងទំនប់មួយ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានថ្លែងថា ឧទ្ធម្ភាគចក្រនោះស្ថិតក្នុងចំណោមឧទ្ធម្ភាគចក្រចំនួនបីដែលដឹកមន្ត្រីអ៊ីរ៉ង់ត្រឡប់ពីព្រឹត្តិការណ៍នោះវិញ ទីដែលពួកគេសម្ពោធរោងចក្រវារីអគ្គិសនី Khoda Afarin និង Giz Galasi តាមដងទន្លេ Aras ដែលកំណត់ព្រំដែនរវាងអ៊ីរ៉ង់និងអាស៊ែបៃហ្សង់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា លោក Raisi នឹងធ្វើដំណើរទៅកាន់តំបន់ព្រំដែនដើម្បីចូលរួមពិធីសម្ពោធនោះ។ ក្រោយការធ្លាក់នេះ លោកAliyev បានបង្ហោះសេចក្តីថ្លែងការណ៍នៅលើវេទិកា X ដោយនិយាយថា លោករន្ធត់ចិត្តយ៉ាងខ្លាំងចំពោះព័ត៌មាននៃការធ្លាក់ឧទ្ធម្ភាគចក្រ លោកRaisi ហើយបានធ្វើបន់ស្រន់ និងផ្តល់ជំនួយដល់ «ប្រទេសជាមិត្ត និងបងប្អូន»មួយនេះ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមទៅដល់កន្លែងធ្លាក់ឧទ្ធម្ភាគចក្រដោយថ្មើរជើង ដោយសារតែចុះអ័ព្ទខ្លាំងដែលធ្វើឱ្យពិបាកមើលឃើញ។
រដ្ឋធម្មនុញ្ញប្រទេសអ៊ីរ៉ង់ចែងថា ប្រសិនបើប្រធានាធិបតីទទួលមរណភាព ឬអសមត្ថភាព ប្រធានាធិបតីនឹងត្រូវជំនួសជាបណ្តោះអាសន្នដោយអនុប្រធានាធិបតីទីមួយ ដែលតួនាទីបច្ចុប្បន្នកាន់កាប់ដោយលោក Mohammad Mokhber រហូតដល់ការបោះឆ្នោតប្រធានាធិបតីថ្មីដែលនឹងធ្វើឡើងក្នុងរយៈពេល ៥០ថ្ងៃ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងតាមដានយ៉ាងដិតដល់នូវរបាយការណ៍អំពីការធ្លាក់ឧទ្ធម្ភាគចក្រអ៊ីរ៉ង់។ អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «យើងមិនមានការអធិប្បាយបន្ថែមទៀតទេនៅពេលនេះ»៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា
វេទិកាបញ្ចេញមតិ