ប្រទេសអ៊ីស្រាអែលបានអំពាវនាវនៅថ្ងៃអង្គារនេះឱ្យមានការដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ នៅក្នុងផ្នែកមួយនៃការឆ្លើយតបចំពោះវាយប្រហារតាមអាកាសមិនធ្លាប់មានពីមុនមករបស់យោធាអ៊ីរ៉ង់និងសម្ព័ន្ធមិត្តអ៊ីរ៉ង់លើអ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz បានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញថា លោកបានទាក់ទងទៅកាន់ប្រទេសជាង ៣០ ឱ្យជំរុញឱ្យមានការដាក់ទណ្ឌកម្មលើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់និងឱ្យប្រកាសថាកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) គឺជាអង្គការភេរវកម្ម។
សហរដ្ឋអាមេរិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលបានចាត់ទុកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថាជាក្រុមភេរវកម្ម។ តាំងពីខែតុលាឆ្នាំមុនមក សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាច្រើនដងសំដៅលើកម្មវិធីមីស៊ីលបាល្លីស្ទិករបស់អ៊ីរ៉ង់នៅពេលដែលទណ្ឌកម្មរបស់អង្គការសហប្រជាជាតិបានផុតកំណត់។
អ៊ីស្រាអែលក៏មើលទៅហាក់ដូចជាបានតាំងចិត្តរួចរាល់ក្នុងការទាមទារឱ្យមានវិធានការសងសឹកបែបយោធា ទោះបីជាមានការអង្វរករពីមេដឹកនាំនានានៅលើពិភពលោកឱ្យមានការបន្ធូរបន្ថយស្ថានការណ៍នេះក៏ដោយ។
មន្ត្រីយោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់ត្រូវតែទទួលរងផលវិបាកសម្រាប់ការបាញ់ស្រោចមីស៊ីលនិងដ្រូន ៣៥០ គ្រាប់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនលើអ៊ីស្រាអែល ដែលភាគច្រើនគឺបាញ់ចេញពីទឹកដីរបស់អ៊ីរ៉ង់។
វោហារសាស្ត្រតឹងតែងរបស់អ៊ីស្រាអែលនេះបានធ្វើឡើងបើទោះបីជាសហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រខ្លាំងក្លាលើអ៊ីស្រាអែលបានជំរុញឱ្យអត់ធ្មត់ក៏ដោយ ដោយសហរដ្ឋអាមេរិកបានអះអាងថាការបរាជ័យនៃការបាញ់ស្រោចដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់ដែលមិនបណ្ដាលឱ្យមានការខូចខាតច្រើននេះគឺជាជ័យជម្នះដ៏ធំធេងមួយរួចទៅហើយសម្រាប់អ៊ីស្រាអែល៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន Reuters។
វេទិកាបញ្ចេញមតិ