ការតវ៉ាដែលបានធ្វើឡើងនៅជាច្រើនកន្លែង និងនៅតែបន្តធ្វើនៅឡើយ ដើម្បីទាមទារយុត្តិធម៌ពូជសាសន៍នោះ បានធ្វើឲ្យមានការដកចោលនូវរូបសំណាកដែលពាក់ព័ន្ធនឹងការប្រកាន់ពូជសាសន៍ បានធ្វើឲ្យទីក្រុងមួយចំនួនដាក់បម្រាមមិនឲ្យប៉ូលិសសង្កត់កជនដែលស្ថិតនៅក្រោមសមត្ថកិច្ចខ្លួន និងបានជំរុញឲ្យមានការទទួលស្គាល់កាន់តែខ្លាំងឡើងនូវទិវា ១៩ មិថុនា ឬ ហៅថា Juneteenthដែលជាទិវាកត់សម្គាល់ថ្ងៃដែលពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក បានរួចផុតពីទាសភាព កាលពី ១៥៥ ឆ្នាំមុន។
ក៏ប៉ុន្តែ តើចលនា Black Lives Matter ដែលមានន័យថា ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃនោះ បានទាក់ទាញអ្នកដែលមានការប្តេជ្ញាចិត្តឲ្យបានគ្រប់គ្រាន់ទេ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរទូលំទូលាយ និងកំណែទម្រង់មូលដ្ឋាន នៅក្នុងប្រទេសមួយដែលបានវិលត្រឡប់រកសភាពធម្មតាវិញ នៅពេលការតវ៉ាបានថមថយនោះ?
លោក Jay Brown អ្នកតវ៉ាម្នាក់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជឿថា ចម្លើយទៅនឹងសំណួរខាងលើនេះ គឺពិតជាអាចទៅរួច។
លោក Jay Brown ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកមួយរូប បានប្រាប់វីអូអេ នៅក្នុងអំឡុងពេលតវ៉ានៅទីលានមួយកន្លែង ដែលត្រូវបានដាក់ឈ្មោះថ្មីថា «Black Lives Matter Plaza» ស្ថិតនៅក្បែរសេតវិមាននោះ ក្នុងសម្តីដើមយ៉ាងដូច្នេះថា៖ «ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកដូចខ្ញុំនេះ នឹងងើបឈរឡើង ហើយនឹងបន្តប្រយុទ្ធ»។
ទីលាន «Black Lives Matter Plaza» នេះ គឺជាចំណុចសំខាន់នៃការធ្វើបាតុកម្មតវ៉ានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ចាប់តាំងពីថ្ងៃទី ២៥ ខែឧសភាមក គឺចាប់ពីពេលដែលលោក George Floyd ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់ បានស្លាប់នៅពេលដែលលោកស្ថិតនៅក្រោមសមត្ថកិច្ចប៉ូលិសនៅទីក្រុងMinneapolis រដ្ឋ Minnesota ដែលនោះជាឧប្បត្តិហេតុមួយ ដែលបានដាស់មនសិការរបស់ប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ ហើយបានធ្វើឲ្យអ្នកដែលសោកសង្រេង និងមានកំហឹង ចេញទៅតវ៉ានៅតាមដងផ្លូវនានានៅក្នុងសហរដ្ឋអាមេរិក។
លោក Jay Brown បានថ្លែងបន្តក្នុងសម្តីដើមទៀតថា៖ «នេះគឺជាចលនាជាតិមួយ ដែលនឹងនាំឲ្យមានច្បាប់ថ្មី ដើម្បីការពារប្រជាពលរដ្ឋដែលមិនមែនជាជាតិសាសន៍ស្បែកស»។
នៅពេលដែលសួរថា តើសហរដ្ឋអាមេរិកបានឈានដល់ចំណុចផ្លាស់ប្តូរមួយនៅក្នុងការស្វែងរកយុត្តិធម៌ពូជសាសន៍ហើយឬនៅនោះ? លោក Jay Brown បានឆ្លើយថា «ប្រាកដណាស់! ប្រទេសនេះ ឈានដល់ចំណុចនេះហើយ»។
អ្នកសង្កេតការណ៍ជាច្រើនយល់ស្របទៅនឹងការយល់ឃើញរបស់លោក Jay Brown ដោយកត់សម្គាល់ថា ចលនា Black Lives Matter ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដើម្បីទាមទារឲ្យបញ្ឈប់អំពើឃោរឃៅរបស់ប៉ូលិស បានទទួលនូវសន្ទុះគាំទ្រគួរឲ្យកត់សម្គាល់ និងមានការគាំទ្រយ៉ាងទូលំទូលាយពីសង្គមអាមេរិក នៅក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក Allan Lichtman ប្រវត្តិវិទូផ្នែកនយោបាយនៃសាកលវិទ្យាល័យ American University បានប្រាប់វីអូអេក្នុងសម្តីដើមថា៖ «ការធ្វើបាតុកម្មទាមទារយុត្តិធម៌ពូជសាសន៍ទាំងនេះ មើលទៅ វាធ្វើឲ្យមានការផ្លាស់ប្តូរ ដូចការតវ៉ាទាមទារសិទ្ធិពលរដ្ឋនៅទសវត្សរ៍ ១៩៦០ ដែរ»។
លោក Lichtman កត់សម្គាល់ថា សកម្មភាពទាមទារជាបន្តបានផ្លាស់ប្តូរទស្សនៈសាធារណជន និងបានត្រួសត្រាយផ្លូវឲ្យមានច្បាប់ស្តីពីសិទ្ធិពលរដ្ឋនៅឆ្នាំ ១៩៦៤ ដោយច្បាប់នោះ បានចាត់ទុកការរើសអើងផ្អែកលើជាតិសាសន៍ ពណ៌សម្បុរ សាសនា ភេទ និងដើមកំណើតថា ជាអំពើខុសច្បាប់។
ក៏ប៉ុន្តែ អ្វីដែលពីដំបូងមើលទៅដូចជាការសម្រេចបាននូវការផ្លាស់ប្តូរដ៏ធំធេងនៅសហរដ្ឋអាមេរិកនោះ ជាញឹកញាប់ វាបរាជ័យក្នុងការផ្តល់លទ្ធផលជាក់ស្តែង ឬ យូរអង្វែង។
លោក Lichtman បានថ្លែងបន្តក្នុងសម្តីដើមថា៖ «ដូចដែលយើងបានរៀនសូត្រអំពីចលនាតវ៉ាទាក់ទិននឹងរឿងប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងកាំភ្លើងជាដើម គឺមិនមែនត្រូវការការគាំទ្ររបស់សាធារណជនតែមួយភ្លែតនោះទេ គឺត្រូវការលើសពីនេះ។ វាត្រូវការការគាំទ្រពីប្រជាពលរដ្ឋភាគច្រើន ដើម្បីឲ្យមានការផ្លាស់ប្តូរដ៏យូរអង្វែងមួយ»។
សំណួរអំពីថាតើចលនា Black Lives Matter និងអ្នកគាំទ្ររបស់ខ្លួន នឹងអាចបន្តទៅមុខ និងមានឥទ្ធិពលលើប្រព័ន្ធនយោបាយ ដើម្បីផ្លាស់ប្តូរច្បាប់ និងផ្លាស់ប្តូរមូលដ្ឋានគ្រឹះរបស់សង្គមអាមេរិកបានដែរ ឬក៏យ៉ាងណានោះ គឺមានតែពេលវេលាប៉ុណ្ណោះដែលអាចបញ្ជាក់បាន។
កាលពីដើមខែមិថុនាកន្លងទៅនេះ មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានរាយការណ៍អំពីការកើនឡើងនូវការគាំទ្រជាសាធារណៈចំពោះចលនានេះ ដោយមានពលរដ្ឋអាមេរិកាំងចំនួន ៦៧% គាំទ្រចលនានេះ ក្នុងកម្រិតណាមួយ ដែលក្នុងនោះរួមមានពលរដ្ឋស្បែកសចំនួន ៦០% ផងដែរ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់