ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​និង​សហរដ្ឋអាមេរិក សន្យា​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដោយ​ផ្តោត​លើ​ប្រទេស​ចិន


រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​ឥណ្ឌា​លោក Rajnath Singh ដើរ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Lloyd Austin មុន​ពេល​ពិនិត្យ​មើល​ឆ្មាំ​កិត្តិយស​នៅ​ទីក្រុង New Delhi កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

ឥណ្ឌា​និង​សហរដ្ឋអាមេរិក ​បាន​សន្យា​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​កាលពី​ថ្ងៃសៅរ៍ ​ទី២០ ​ខែមីនា របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​លោក​ Lloyd Austin ទៅ​កាន់​ទីក្រុង​ញូវដេលី។

ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ដោយ​មន្ត្រី​កំពូល​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden ទៅ​កាន់​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា​នេះ​ ធ្វើ​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បោះ​ជំហាន​ទៅ​មុខ​ដើម្បី​បង្កើត​សម្ព័ន្ធមិត្ត​នៃ​ប្រទេស​ដែល​អាច​ចាត់​វិធានការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​នៅ​ពេល​ដែល​ឥណ្ឌា​បង្កើន​ចំណង​ទាក់ទង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​សហរដ្ឋអាមេមរិក​ចំ​ពេល​មាន​ក្តីបារម្ភ​កាន់​តែ​ខ្លាំង​អំពី​ភាព​គឃ្លើន​របស់​ចិន។

ប្រទេស​ទាំង​ពីរ​ បាន​យល់​ព្រម​ពង្រឹង​កិច្ចសហការ​លើ​វិស័យ​ការពារ​ប្រទេសឲ្យ​កាន់​តែ​ស៊ី​ជម្រៅ ​ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់ និង​ភស្តុភារ ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃសៅរ៍ ​រវាង​លោក​រដ្ឋមន្ត្រី Austin និង​សមភាគី​របស់​លោក ​គឺ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឥណ្ឌា លោក Rajnath Singh។

លោក​រដ្ឋមន្ត្រី Austin បាន​ហៅ​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក ​និង​ឥណ្ឌា ​គឺ​ជា «មូលដ្ឋាន​រឹងមាំ​នៃ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ប្រកប​ដោយ​សេរីភាព និង​បើក​ចំហ»។

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​ បាន​ថ្លែង​បន្ទាប់​ពី​កិច្ចពិភាក្សា​របស់​លោក​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី Singh ថា «ប្រទេស​ឥណ្ឌា​ជា​ដៃគូ​កាន់​តែ​សំខាន់​នៅ​ក្នុង​បរិបទ​អន្តរជាតិ​ដែល​មាន​ការ​ផ្លាស់ប្តូរ​លឿន​ក្នុង​ពេល​សព្វថ្ងៃ​នេះ។ ខ្ញុំ​បញ្ជាក់​ម្តង​ទៀត​ពី​ការ​ប្តេជ្ញា​របស់​យើង​ចំពោះ​ភាព​ជា​ដៃគូ​ការពារ​ប្រទេស​ដែល​យើង​ទន្ទឹង​រង់ចាំ និង​មាន​ភាព​ទូលំទូលាយ​ជាមួយ​ឥណ្ឌា ក្នុង​នាម​ជា​សសរ​ស្តម្ភ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​របស់​យើង​ចំពោះ​តំបន់​ឥណ្ឌូបាស៊ីហ្វិក»។​

លោក​បាន​ថ្លែង​បន្ត​ថា ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សាអំពីឱកាស​ក្នុង​ការ​ជំរុញ​ភាព​ជា​ដៃគូ​ការពារ​ប្រទេស​ដ៏​សំខាន់​រវាង​សហរដ្ឋអាមេរិក និង​ឥណ្ឌា ដែល​លោក​បាន​ហៅ​ថា​ជា«ការងារ​អាទិភាព» នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden និង​លោកស្រី​អនុប្រធានធិបតី Harris។ លោក​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «យើង​នឹង​ធ្វើ​កិច្ចការ​នេះ​តាមរយៈ​កិច្ចសហការ​សន្តិសុខ​ថ្នាក់​តំបន់ និង​ទំនាក់ទំនង​យោធានិង​យោធា និង​ពាណិជ្ជកម្ម​គ្រឿង​សព្វាវុធ»។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឥណ្ឌា​ លោក ​Singh បាន​ថ្លែង​ថា​ កិច្ចពិភាក្សា​ក៏បាន​ផ្តោត​ទៅ​លើ​ការ​ពង្រីក​កិច្ចសហការ​រវាង​យោធា និង​យោធា។ លោក​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «យើង​ប្តេជ្ញា​សម្រេច​ឱ្យ​បាន​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​សាកល ​ដែល​មាន​ភាព​ទូលំទូលាយ​ក្នុង​កម្រិត​ខ្ពស់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។ លោក​ក៏​បាន​ជំរុញ​ឱ្យ​ឧស្សាហកម្ម​សហរដ្ឋអាមេរិក​វិនិយោគ​នៅ​ក្នុង​វិស័យ​ការពារ​របស់​ឥណ្ឌា​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ Austin ទៅ​កាន់​ទីក្រុង​ញូវដេលី​ធ្វើ​ឡើង​មួយ​សប្តាហ៍​ក្រោយ​ពី​មេដឹកនាំ​សហរដ្ឋអាមេរិក​ ឥណ្ឌា ​អូស្ត្រាលី ​និង​ជប៉ុន​សន្យា​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ពី​ប្រទេស​ចិន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ជា​លើក​ដំបូង​នៃ​ក្រុម​ប្រទេស Quad។

ប្រទេសឥណ្ឌា​ជា​ទីតាំង​យុទ្ធសាស្រ្ត​ស្ថិត​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ដែល​កំពុង​ក្លាយ​ជា​តំបន់​មាន​ក្តីកង្វល់​សម្រាប់​ប្រទេស​នានា​ដែល​បារម្ភ​ពី​ភាព​គឃ្លើន​របស់​ចិន។ កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ រដ្ឋាភិបាល​ក្រុង​ញូវដេលី​ បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​សមយុទ្ធ​កងទ័ព​ជើង​ទឹក​រួម​គ្នា​របស់​ប្រទេស Quad ទាំង​បួន​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា។​

នៅ​ក្នុង​ក្រុង​ញូវដេលី ​ការ​ជាប់​គាំង​ផ្នែក​យោធា​ជាមួយ​ចិន​រយៈពេល​៩ខែ​នៅ​ក្នុង​តំបន់​ហិម៉ាឡៃ ​ដែល​បង្ក​ឡើង​ដោយ​ការ​ប៉ះទង្គិច​ដ៏​ប្រល័យ​កាលពី​ខែមិថុនា ​ឆ្នាំមុន ​បូក​រួម​នឹង​ជម្លោះ​ព្រំដែន​ជាមួយ​ចិន​ផង​នោះ​ បាន​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ឥណ្ឌា​ក្នុង​តំបន់ ​អាស៊ី​។ ទោះបី​ជា​ប្រទេស​ទាំង​ពីរ​បាន​ដក​ទាហាន​ទៅ​វិញ​ក្តី ភាព​រកាំរកូស​ខ្លាំង​ក្នុង​ចំណង​ទាក់ទង​ជាមួយ​នឹង​ចិន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ញូវដេលី​ពន្លឿន​ការ​រឹតបន្តឹង​ចំណង​ទាក់ទង​ជាមួយ​នឹង​សហរដ្ឋអាមេរិក និង​ដៃគូ​ក្នុង​ក្រុម​ប្រទេស Quad ផ្សេង​ទៀត។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក លោក Austin ក៏​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ផង​ដែរ។ បន្ទាប់​ពី​កិច្ចប្រជុំ​នោះ មេដឹកនាំ​ឥណ្ឌា​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ Twitter ថា «ឥណ្ឌា និង​សហរដ្ឋអាមេរិក​ប្តេជ្ញា​ចំពោះ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង​ដែល​ជា​កម្លាំង​សម្រាប់​កិច្ចសហការ​ដ៏ល្អ​ជា​សាកលមួយ»។​

នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ឥណ្ឌា លោក Austin បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​ពីរ​របស់​សហរដ្ឋអាមេរិក​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

អ្នក​វិភាគ​នៅ​ក្រុង​ញូវដេលី​បាន​និយាយ​ថា ការ​ឈប់​សំចត​របស់​លោក Austin នៅ​ក្នុង​ប្រទេស​ឥណ្ឌា​មាន​សារៈសំខាន់​ណាស់។

អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មូលនិធិ​ស្រាវជ្រាវ​របស់​អ្នក​អង្កេតការណ៍​ក្នុង​ក្រុង​ញូវដេលី អ្នកស្រី Rajeswari Pillai Rajagopalan បាន​និយាយ​ថា «វា​បង្ហាញ​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden កំពុង​បន្ត​ផ្តោត​លើ​ប្រទេស​ចិន។ ការ​ណ៍​ដែល​ឥណ្ឌា​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​របស់​លោក​ជា​លើក​ដំបូងនេះ ​មាន​ន័យ​ថា រដ្ឋាភិបាល​ក្រុង​ញូវដេលី​ជា​ធាតុ​ដ៏​សំខាន់​នៅ​ក្នុង​ភាព​ជា​ដៃគូ​សន្តិសុខ​ជាច្រើន​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី Biden នឹង​ព្យាយាម​បណ្តុះបណ្តាល​ឡើង​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ពិភពលោក»៕

ប្រែសម្រួលដោយ​អ្នកស្រី ស៊ូ ពេជ្រចិន្តា

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG