ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​ទំនាក់​ទំនង​ជាមួយ​ចិន​ធ្លាក់​ចុះ​ អូស្ត្រាលី​ត្រៀម​​ចុះ​កិច្ចព្រមព្រៀង​​យោធា​ជាមួយ​ជប៉ុន


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga ប៉ះ​កែងដៃ​គ្នា ដើម្បី​ស្វាគមន៍​គ្នា​នៅ​មុន​កិច្ចប្រជុំ​ផ្លូវការ​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

អូស្ត្រាលី​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចែក​រំលែក​កម្លាំង​យោធា​ទៅ​វិញ​ទៅ​មកជាមួយ​នឹង​ប្រទេស​ជប៉ុន​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក ដើម្បី​អាច​ឲ្យ​យោធា​ភាគី​ទាំងសងខាង​អាច​រួម​កម្លាំង​គ្នា​ ប្រសិន​បើ​ចាំបាច់​ដើម្បី​តតាំង​ជាមួយ​នឹង​ចិន ដែល​បាន​ជាប់​ក្នុង​ជម្លោះ​ជាមួយ​អូស្ត្រាលី​អស់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ។

ភាគី​ទាំង​ពីរ​បាន​និយាយ​ថា បន្ទាប់​ពី​កិច្ចប្រជុំ​ជាន់ខ្ពស់​កាល​ពី​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​ ប្រទេស​ទាំង​ពីរសម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​ខាង​លើ​នៅ​ឆ្នាំ​ក្រោយ។ កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឲ្យ​កងកម្លាំងភាគី​ទាំងសងខាង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ដែនដី​របស់​ភាគី​ម្ខាងទៀត។ ការណ៍​នេះ​អាច​ឲ្យ​យោធា​អូស្ត្រាលី​ស្ថិត​នៅ​ជិត​យោធា​អាមេរិក​ ដែល​បាន​កំពុង​ឈរ​ជើង​រួច​ស្រាប់​ទៅ​ហើយ​នៅជប៉ុន។ ​

កិច្ចព្រមព្រៀង​យោធា​នេះនឹង​ជួយ​ឲ្យ​អូស្ត្រាលី​និង​ជប៉ុន​រួម​កម្លាំង​គ្នា​ក្នុង​ករណី​មាន​ជម្លោះ​ជាមួយនឹង​ចិន ដែល​ជា​គូប្រជែង​សង្គ្រាមត្រជាក់​ជាមួយ​ប្រទេស​លោក​ខាង​លិច​និង​ដែល​កំពុង​តែ​ពង្រឹងកម្លាំង​យោធា និង​សេដ្ឋកិច្ច​របស់ខ្លួន។

លោក Malcolm Davis អ្នក​វិភាគ​ជាន់ខ្ពស់​ផ្នែក​យុទ្ធសាស្ត្រ​និង​សមត្ថភាព​ការពារ​ជាតិ​នៅ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​យុទ្ធសាស្ត្រ​អូស្ត្រាលីនៅ​ក្រុង​កង់បេរ៉ា ​បាន​និយាយ​ថា៖ «នៅ​ពេល​ដែលយើង​ពង្រឹង​ទំនាក់ទំនង​ការពារ​ជាតិ​ និង​សន្តិសុខ​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ និង​ជាមួយ​នឹង​ដៃគូ​នៅ​ក្នុង​តំបន់ យើង​គិត​ច្រើន​អំពី​បែបផែន​ដែល​យើងត្រូវ​ឆ្លើយតប​ទៅ​នឹង​ប្រទេស​ចិន​ដែល​កាន់​តែ​មាន​គឃ្លើន និង​ដែល​មិន​ត្រឹមតែ​ព្យាយាម​ពង្រីក​ឥទ្ធិពល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​វាយប្រហារ​ពួកយើងនៅ​ក្នុង​បរិបទ​សង្គ្រាមនយោបាយ និង​ការ​បង្ខិតបង្ខំ​ផង​ដែរ»។ ​

អូស្ត្រាលីបាន​ធ្វើ​ចិន​ខឹងសម្បា​កាល​ពី​ខែ​មេសា​តាមរយៈ​ការ​កោះហៅ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូវីដ១៩​នៅ​ប្រទេស​ចិន។ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ ចិន​បាន​បង្អាក់​នាវា​ដឹក​ធ្យូង​អូស្ត្រាលី​ជាង​៥០គ្រឿង​នៅ​ជិត​កំពង់ផែ​របស់​ខ្លួន ហើយ​បាន​យកពន្ធ​លើ​ផលិតផល​កសិកម្ម​នាំចូល​ពី​អូស្ត្រាលី​មួយ​ចំនួន​និង​បាន​បញ្ចេញ​រូបភាព​តាម​បណ្តាញ​សង្គម​ ដោយ​បង្ហាញ​ថា ទាហាន​អូស្ត្រាលី​កំពុង​តែ​ធ្វើ​ឲ្យ​កុមារ​បាត់បង់​ជីវិត​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។

រូបឯកសារ៖ នាវា​ចម្បាំងHMAS Melbourne របស់​អូស្ត្រាលី ត្រូវ​បាន​ចត​នៅ​កំពង់ផែ​ស៊ីដនី​ ថ្ងៃ​ទី៦ ខែមីនា ឆ្នាំ២០១៥។
រូបឯកសារ៖ នាវា​ចម្បាំងHMAS Melbourne របស់​អូស្ត្រាលី ត្រូវ​បាន​ចត​នៅ​កំពង់ផែ​ស៊ីដនី​ ថ្ងៃ​ទី៦ ខែមីនា ឆ្នាំ២០១៥។

ជប៉ុន​គឺ​ជា​សម្ព័ន្ធ​មិត្តរបស់​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ប្រមាណ​៦០ឆ្នាំ​កន្លង​មក​នេះ និង​បាន​ជាប់​គាំង​ក្នុងជម្លោះ​ដែន​ទឹក​ជាមួយ​ចិន។ អូស្ត្រាលី​ ជប៉ុន សហរដ្ឋអាមេរិក និង​ឥណ្ឌាស្ថិត​នៅ​ក្នុង​ក្រុម​សម្ព័ន្ធមិត្ត​ដោយ​ឡែក​មួយ​ឈ្មោះ​ថា Quad ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៧ សម្រាប់​ការ​ចរចា ការ​ដោះដូរ​ព័ត៌មាន​និង​សមយុទ្ធ​យោធា។

ក្រសួង​ការបរទេស​ជប៉ុន​បាន​និយាយ​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​ថា រដ្ឋាភិបាល​ក្រុង​តូក្យូ​និង​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា បាន​ព្រមព្រៀង​ចរចាលើ​កិច្ច​ព្រមព្រៀង​ដោះដូរ​យោធារវាង​ជប៉ុន និង​អូស្ត្រាលី។ នាយករដ្ឋមន្ត្រី​អូស្ត្រាលីលោក Scott Morrison បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​តូក្យូ នា​គ្រា​នោះ​ដើម្បី​ជួប​ជាមួយ​នឹង​សមភាគី​ជប៉ុន ​លោក​នាយករដ្ឋមន្ត្រី​ Yoshihide Suga។ ជប៉ុន​មិន​មាន​កិច្ចព្រមព្រៀង​ដូចគ្នា​នេះ​ជាមួយ​នឹង​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្រៅ​ពី​សហរដ្ឋអាមេរិក​នោះ​ទេ។ ​

មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​ចេញសេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​មិន​បាន​សំដៅ​ទៅ​លើប្រទេស​ចិន​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​បាន​ថ្កោលទោស​សកម្មភាព​របស់​ប្រទេស​នេះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ទី​ដែល​រដ្ឋាភិបាល​ក្រុងប៉េកាំង​កំពុង​តែ​ព្យាយាម​យក​ប្រៀប​នៅ​ក្នុង​ជម្លោះ​ជាមួយ​នឹង​បណ្តា​ប្រទេស​ចំនួន​ប្រាំ​ដទៃ​ទៀត​ ក្រោយពី​ចាក់បំពេញ​កោះតូចៗ​សម្រាប់​ការ​ប្រើប្រាស់​យោធា​ចាប់តាំង​ពី​ឆ្នាំ ២០១៧​មក។

​សេចក្តីថ្លែងការណ៍​រួម​នោះ​បាន​សរសេរ​ថា៖«មេដឹកនាំប្រទេស​ទាំង​ពីរ​ព្រួយបារម្ភ​ពី​ការ​វិវត្ត​បែប​អវិជ្ជមាន​នា​ពេល​ថ្មីៗ​នេះ​និង​ឧបទ្ទវហេតុ​ធ្ងន់ធ្ងរ​នានានៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែលរួម​មាន​ការ​បន្ត​ដាក់​យោធា​នៅ​តំបន់​ដែន​ទឹក​មាន​ជម្លោះ​ ការ​ប្រើប្រាស់​នាវា​ល្បាត​ប្រកប​ដោយ​គ្រោះថ្នាក់​និង​ប្រកប​ដោយ​ការ​បង្ខិតបង្ខំ ​និង​«ការ​ប្រព្រឹត្ត​បែបក្រុម​សកម្ម​ប្រយុទ្ធ​នៅ​តំបន់​ដែនទឹក» ការ​បាញ់​គ្រាប់​មីស៊ីល​ផ្លោង​ និង​កិច្ចប្រឹងប្រែង​ដើម្បី​បង្អាក់​បណ្តា​ប្រទេស​ដទៃ​ទៀត​មិន​ឲ្យចូល​ទាញ​យក​ធនធាន​ផ្សេងៗ»។

អ្នកនាំពាក្យ​ក្រសួង​ការបរទស​ចិន​លោក Zhao Lijian បាន​បន្ទោស​សេចក្តី​ថ្លែងការណ៍​ខាង​លើ​ថា​ជា «ការលូកដៃ​ដ៏​គួរ​ឲ្យ​ខ្ពើម​ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន»។

ប៉ុន្តែ​លោក Oh Ei Sun អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ប្រចាំ​នៅ​វិទ្យាស្ថាន​កិច្ចការ​បរទេស​សិង្ហបុរី​បាន​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​អាច​ចាត់​ទុក​កិច្ចព្រមព្រៀង​រវាង​អូស្ត្រាលី​និង​ជប៉ុន​ថា​ជា ការ​ប្រឆាំង​នឹង​ខ្លួនទាំងស្រុង​នោះ​ទេ។

លោក​ Sun បាន​ថ្លែង​ថា៖ «ពិតណាស់​ ចិន​នឹង​មិន​ពេញចិត្ត​នោះ​ទេ ប៉ុន្តែ​ចិន​មិន​អាច​ប្រកែក​ថា កិច្ចព្រមព្រៀង​យោធា​នោះ​សំដៅ​មក​លើ​ខ្លួនដែរ។ ប្រទេស​ចំនួន​ពីរណាមួយ​ក៏​អាច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បែប​នេះ​ដែរ។ ហើយ​ប្រទេស​ទី​បី​មិន​អាច​និយាយ​ថា «កិច្ចព្រមព្រៀងនោះ​កំពុង​សំដៅ​មក​លើ​ខ្លួន» នោះ​ទេ»។

លោក Stephen Nagy សាស្ត្រាចារ្យ​ជំនួយ​ជាន់ខ្ពស់​ផ្នែក​នយោបាយ​និង​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ International Christian University ក្នុង​ទីក្រុង​តូក្យូ បាន​និយាយ​ថា ផ្ទុយ​ទៅ​វិញ មន្ត្រី​អាមេរិកប្រហែល​ពេញចិត្ត​នឹង​កិច្ចព្រមព្រៀង​រវាង​អូស្ត្រាលី​និង​ជប៉ុន ពីព្រោះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់ឲ្យ​ក្រុម​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ជួយ​ជ្រោមជ្រែង​បុព្វហេតុ​របស់សហរដ្ឋអាមេរិក​នៅ​អាស៊ី។

នៅ​ពេល​ខ្លះ​ ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​សប្បាយ​ចិត្ត​ដោយ​បានបញ្ជូន​នាវា​កង​ទ័ព​ជើង​ទឹក​ទៅ​កាន់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង និង​ផ្គត់ផ្គង់​សព្វាវុធ​ទៅ​ដល់​បណ្តា​ប្រទេស​នៅ​អាស៊ី​សម្រាប់​ការ​ការពារ​តតាំង​នឹង​ចិន​ជាដើម។ រដ្ឋាភិបាលក្រុងប៉េកាំង​មាន​កម្លាំង​យោធា​ខ្លាំង​ជាង​គេ​បង្អស់​ទី​បី​នៅ​លើ​ពិភពលោក។ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ចាត់​វិធាការ​ប្រឆាំង​នឹងចិន​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម លទ្ធភាព​ទទួល​បាន​បច្ចេកវិទ្យា និង​បញ្ហាកុងស៊ុល​ផងដែរ។ ​

លោក Nagy បាន​និយាយ​ថា៖ «ការណ៍​ដែល​យោធា​អាមេរិក​អាច​មក​និង​ដាក់​មូលដ្ឋាននៅ​ទីនេះ ហើយ​ចូលរួម​ក្នុង​សមយុទ្ធ​ទ្វេភាគី​ញឹក​ញាប់​ជាង​មុន​និង​ស៊ីជម្រៅ​ជាង​មុន​ជាមួយ​ជប៉ុន ហើយពិត ណាស់​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ គឺ​ពីព្រោះ​ថា សហរដ្ឋ​អាមេរិក​មាន​មូលដ្ឋាន​នៅ​ទី​នេះ​រួច​ស្រាប់​ទៅហើយ។​ ការណ៍​នេះនឹង​ជំរុញ​ឲ្យ​មាន​អន្តរ​ប្រតិបត្តិការ​ខ្លាំង​នេះ​មុន​ ក៏ដូចជា​បង្កើត​ឲ្យ​មាន​ភាព​ជា​ដៃគូ​ទ្វេភាគី និង​ពហុភាគី​ស្អិត​រមួត​ជាង​មុន​ដើម្បី​តតាំង​នឹង​ចិន​ផង​ដែរ»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា កិច្ចព្រមព្រៀង​ចែក​រំលែក​យោធា​ទៅ​វិញ​ទៅ​មក​ជា​ចម្បង​នឹង​ជួយ​សម្រួល​ដល់​សមយុទ្ធ និង​លំហាត់​ហ្វឹកហ្វឺន​យោធា​រវាង​បណ្តា​ប្រទេស​នានា​ ដែល​សហការ​គ្នា​ផ្នែក​យោធា​រួច​ទៅ​ហើយ។ យោធា​ជប៉ុនក៏ធ្លាប់​បាន​ធ្វើ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​ដើម្បី​ហ្វឹកហ្វឺន​យោធា​រួច​ទៅ​ហើយ។ ជា​ឧទាហរណ៍​ ការ​ធ្វើ​សមយុទ្ធ​យោធា​ដោយ​ការបាញ់​គ្រាប់​ Howitzer រយៈចម្ងាយ​ឆ្ងាយ​ជា​ដើម​កាល​ពី​ឆ្នាំ​មុន។

លោក​ Davis និយាយ​ថា ភាគី​ទាំងពីរ​អាច​រៀន​សូត្រពី​គ្នា​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ទាំងនៅ​លើ​ដី​គោក​និង​លើ​ទឹក ហើយ​ស្វែង​រក​វិធីសាស្ត្រ​ផ្សេងៗ​សម្រាប់​ពង្រឹង​កម្លាំង​រួម​គ្នា​ដូចជា សមត្ថភាព​លើ​ការ​បាញ់​ប្រហារ​ពីរយៈចម្ងាយ​ឆ្ងាយ​ជា​ដើម។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ខែ​វិច្ឆិកា​នៅ​លើ​គេហទំព័រ​ផ្លូវ​ការរបស់នាយក​រដ្ឋមន្ត្រី​ថា៖«សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​ចែក​រំលែក​យោធា​ទៅ​វិញទៅមក​មិន​អាចត្រូវ​និយាយ​បន្ទាប​បាន​ឡើយ។ កិច្ចព្រមព្រៀង​នេះ​នឹង​ជា​គន្លឹះ​សំខាន់​មួយ​សម្រាប់​ការ​ឆ្លើយតប​របស់​អូស្ត្រាលី និង​ជប៉ុន​ទៅ​កាន់​បរិស្ថាន​សន្តិសុខ​ប្រកប​ដោយបញ្ហា​ប្រឈម​នានា​នៅ​ក្នុង​តំបន់​របស់​យើង​ ខណៈ​ពេល​មាន​កាលៈទេសៈយុទ្ធសាស្ត្រមិន​ច្បាស់លាស់»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG