អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថា «មហន្តរាយមនុស្សធម៌ជិតកើតឡើង» នៅប្រទេសអាហ្វហ្គានីស្ថាន ដែលនៅទីនោះ ប្រជាពលរដ្ឋស្ទើរតែពាក់កណ្តាលត្រូវការជំនួយដើម្បីរស់។
លោក Guterres បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖ «នៅថ្ងៃដែលប្រទេសអាហ្វហ្គានីស្ថានឈានចូលដំណាក់កាលថ្មី ខ្ញុំចង់សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌និងសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុងប្រទេសនេះ និងសញ្ញាគំរាមកំហែងនៃការដួលរលំទាំងស្រុងនៃសេវាមូលដ្ឋាននានា»។ លោកថ្លែងដូច្នេះនៅថ្ងៃទីមួយ បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ចប់ការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ដោយទុកឲ្យប្រទេសនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ (Taliban)។
គ្រោះរាំងស្ងួត សង្គ្រាម និងជំងឺកូវីដ១៩ បានធ្វើឲ្យប្រជាពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ១៨ លាននាក់គ្មានសុវត្ថិភាពស្បៀងអាហារ ហើយកុមារជាងពាក់កណ្តាលដែលមានអាយុក្រោម ៥ ឆ្នាំ ត្រូវគេរំពឹងថានឹងខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរនៅឆ្នាំក្រោយ។ តម្លៃម្ហូបអាហារបានកើនឡើងខ្លាំងដែលធ្វើឲ្យគ្រួសារជាច្រើនមិនមានលទ្ធភាពទិញ ហើយពួកគេក៏មិនអាចទទួលបានសេវាមូលដ្ឋាននានាផងដែរ។
អង្គការសហប្រជាជាតិបានជួយប្រជាពលរដ្ឋអាហ្វហ្គានីស្ថានចាប់តាំងពីទសវត្សរ៍ ១៩៦០ មក។ លោក Guterres បានសន្យាថា៖ «ការតាំងចិត្តខាងប្រព័ន្ធមនុស្សធម៌នៅក្នុងការបន្តវត្តមាននិងផ្ដល់ជំនួយ [នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន] នឹងមិនប្រែប្រួលឡើយ»។
លោកបានកត់សម្គាល់ថា ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ចាប់តាំងពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានដួលរលំមក អង្គការសហប្រជាជាតិបានផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋចំនួន ៨០.០០០ នាក់ និងកញ្ចប់ជំនួយដល់ក្រុមគ្រួសារដែលផ្លាស់ទីលំនៅរាប់ពាន់គ្រួសារ។ យន្តហោះដំបូងនៃយន្តហោះ ៣ គ្រឿងដែលដឹកគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ បានទៅដល់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ។ សរុបមកនៅក្នុងឆ្នាំនេះ អង្គការសហប្រជាជាតិបានជួយប្រជាពលរដ្ឋអាហ្វហ្គានីស្ថានបានចំនួន ៨ លាននាក់។
ប៉ុន្តែអង្គការសហប្រជាជាតិកំពុងប្រឈមនឹងកង្វះថវិកាយ៉ាងច្រើន។ នៅឆ្នាំនេះ អង្គការនេះបានស្នើម្ចាស់ជំនួយសុំថវិកាចំនួន ១ ពាន់ ៣ រយលានដុល្លារ ប៉ុន្តែទទួលបានតិចជាង ៤០%។ លោក Guterres បាននិយាយថា នៅសប្តាហ៍ក្រោយ អង្គការសហប្រជាជាតិនឹងធ្វើការអំពាវនាវជាថ្មីឲ្យត្រូវតាមតម្រូវការដែលកំពុងកើនឡើង៕