ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ពូទីន​នឹង​ពិចារណា​លើ​ការ​ជួប​ប្រជុំ​ជាមួយ​លោក​អូបាម៉ា​ប្រសិន​មាន​ការ​អញ្ជើញ


ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ Sevastopol ក្នុង​តំបន់​ Crimea បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​កប៉ាល់​ដែល​ស្ថិត​ក្នុង​ទឹក​បាន​នៅ​ក្នុង​សមុទ្រ​ខ្មៅ នៅ Sevastopol ក្នុង​តំបន់​ Crimea កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥។
ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ Sevastopol ក្នុង​តំបន់​ Crimea បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​កប៉ាល់​ដែល​ស្ថិត​ក្នុង​ទឹក​បាន​នៅ​ក្នុង​សមុទ្រ​ខ្មៅ នៅ Sevastopol ក្នុង​តំបន់​ Crimea កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥។

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នឹង​ជួប​ប្រជុំ​មួយ​ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ ​អូបាម៉ា ​នៅពេល​ដែល​មេដឹកនាំ​រុស្ស៊ី​មក​បំពេញ​ទស្សនៈកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ចូលរួម​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិនៅ​ខែ​ក្រោយ ​នេះ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ពុធ។

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង Sevastopol នៃ​តំបន់ Crimea ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ​លោករដ្ឋ​មន្រ្តី​ការ​បរទេស​រុស្ស៊ី Sergei Lavrov ​បាន​បញ្ជាក់​ថា ​ប្រធានា​ធិបតី Putin នឹង​ចូលរួម​សម័យ​ប្រជុំ​លើ​ក​ទី​៧០របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​នឹង​បើក​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ ​ខែ​កញ្ញា​ក្នុង​ទីក្រុង​ញូវយ៉ក។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី Lavrov បាន​និយាយ​បន្ត​ទៀត​ថា ​ប្រធានាធិបតី​ Putin ​ប្រហែល​ជួប​ជាមួយ​ប្រធានាធិបតី ​បារ៉ាក់ ​អូបាម៉ា ​ប្រសិនបើ​ភាគី​សហរដ្ឋ​អាមេរិក​ផ្តល់​សញ្ញា​ថា ​ខ្លួន​ចង់​ឲ្យ​មាន​ការ​ជួប​គ្នា​នេះ។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​រុស្ស៊ី ​និយាយ​ថា «យើង​សន្មត់​ថា សហការី​អាមេរិកាំង​របស់​យើង​នឹង​បញ្ជូន​សារ​មក​ឲ្យ​យើងថា ​ពួកគេ​ចង់​បន្ត​ថែរក្សា​ការ​ទាក់​ទង​នេះ។​ ហើយ ​ប្រសិនបើ​មាន​សំណើ​បែប​នេះ​នៅ​ផ្នែក​របស់​អាមេរិក ​ខ្ញុំ​គិតថា ​ប្រធានាធិបតី​របស់​យើង​នឹង​មើល​ឃើញ​សំណើ​នេះ​ជា​ការ​ស្ថាបនា​មួយ‍»។

យោង​ទៅ​តាម​បញ្ជី​ឈ្មោះ​របស់​អ្នក​ឡើង​ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន ​ប្រធានាធិបតី​រុស្ស៊ី​ Putin ​នឹង​ធ្វើ​សុន្ទរកថា​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី​២៨ ​ខែ​កញ្ញា ​ដែល​ជា​ថ្ងៃ​ទី​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ។

កាល​ពី​ថ្ងៃ​ពុធ ​ជា​ថ្ងៃ​ទី២​នៃ​ដំណើរ​បំពេញ​ទស្សនៈកិច្ច​ដោយ​លោក Putin ​ហើយ​និងមន្រ្តី​រុស្ស៊ី​ផ្សេងៗ​ទៀត​ទៅ​កាន់​តំបន់ Crimea ឧបទ្វីប​សមុទ្រ​ខ្មៅ​ដែល​រុស្ស៊ី​បាន​ដណ្តើម​យក​ពី​ប្រទេស​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​ទៅ៕

XS
SM
MD
LG