ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកពូទីន​ព្រមាន​ថា ​នឹង​តបត​ទៅ​នឹង​ប្រព័ន្ធ​ការពារ​ពី​គ្រាប់​មីស៊ីល​របស់​អាមេរិក​នៅ​អឺរ៉ុប


លោក​ប្រធានាធិបតី​រុស្សី​វ្លាដឺមៀ ពូទីន (ខាង​ឆ្វេង) និយាយ​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី​ក្រិក Alexis Tsipras។ លោក​ពូទីន បាន​ព្រមាន​ថា លោក​នឹង​មិន​មាន​ជម្រើស​អ្វី​ទាំងអស់ ​ក្រៅ​ពី​តបត​ទៅ​នឹង​សហរដ្ឋអាមេរិក ជុំវិញ​ប្រព័ន្ធ​ការពារ​ពី​គ្រាប់​មីស៊ីល​របស់​អាមេរិក​នៅ​អឺរ៉ុប​នោះ។
លោក​ប្រធានាធិបតី​រុស្សី​វ្លាដឺមៀ ពូទីន (ខាង​ឆ្វេង) និយាយ​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី​ក្រិក Alexis Tsipras។ លោក​ពូទីន បាន​ព្រមាន​ថា លោក​នឹង​មិន​មាន​ជម្រើស​អ្វី​ទាំងអស់ ​ក្រៅ​ពី​តបត​ទៅ​នឹង​សហរដ្ឋអាមេរិក ជុំវិញ​ប្រព័ន្ធ​ការពារ​ពី​គ្រាប់​មីស៊ីល​របស់​អាមេរិក​នៅ​អឺរ៉ុប​នោះ។

លោក​ប្រធានាធិបតី​រុស្សី​វ្លាដឺមៀ ពូទីន (Vladimir Putin) បាន​ព្រមាន​ថា លោក​នឹង​មិន​មាន​ជម្រើស​អ្វី​ទាំងអស់ ​ក្រៅ​ពី​តបត​ទៅ​នឹង​សហរដ្ឋអាមេរិក ជុំវិញ​ប្រព័ន្ធ​ការពារ​ពី​គ្រាប់​មីស៊ីល​របស់​អាមេរិក​នៅ​អឺរ៉ុប​នោះ។

នៅ​ក្នុង​សុន្ទរកថា​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ទីក្រុង អាថែន ប្រទេស​ក្រិក លោក Putin បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​នឹង​ត្រូវ​ឆ្លើយតប​នឹង​ចំណាត់ការ​របស់​អាមេរិក ដែល​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ពី​គ្រាប់​មីស៊ីល​នៅ​ក្នុង​ប្រទេស​រ៉ូម៉ានី និង​ប្រទេស​ប៉ូឡូញ​នោះ។

«ប្រសិន​បើ​ម្សិលមិញ ប្រជាជន​រ៉ូម៉ានី​មិន​ដឹង​ថា​មាន​ន័យ​យ៉ាង​ដូចម្តេច​ដែល​ខ្លួន​ស្ថិត​នៅ​ត្រង់​ចំណុច​ប្រសព្វ​មួយ​នោះ ដូច្នេះ​ថ្ងៃ​នេះ​យើង​នឹង​ត្រូវ​បង្ខំ​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​ធានា​ដល់​សន្តិសុខ​របស់​យើង ហើយ​យើង​នឹង​ត្រូវ​ធ្វើ​ដូចគ្នា​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ»។ លោក Putin បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ បន្ទាប់​ពី​បាន​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ក្រិក Alexis Tsipras រួច​មក។

លោក Putin សម្តែង​ការមិន​យល់​ស្រប​នឹង​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក ដោយ​ថា ​វា​ជា​ការគំរាមកំហែង​ដល់​សន្តិសុខ​រុស្សី​នោះ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ឲ្យ​លម្អិត​នោះ​ទេ​អំពី​ថា​តើ​រុស្សី​នឹង​តបត​ទៅ​នឹង​ប្រព័ន្ធ​ការពារ​ពី​គ្រាប់​មីស៊ីល​នេះ​យ៉ាង​ដូចម្តេច ដោយ​លោក​គ្រាន់​តែ​និយាយ​ថា រុស្សី​មិនមែន​ជា​អ្នក​ធ្វើ​ចំណាត់ការ​មុន​នោះ​ទេ ហើយ​គ្រាន់​តែ​តបតទៅ​នឹង​ចំណាត់ការ​របស់​អាមេរិក​តែ​ប៉ុណ្ណោះ។ ​

លោក​បាន​មាន​ប្រសាសន៍​ទាំងស្រុង​ថា៖ «ខ្ញុំ​ចង់​តបត​ទៅ​វិញ​ថា នេះ​គឺ​ជា​វិធានការ​ប្រឆាំង​ទៅ​វិញ យើង​មិនមែន​ជា​អ្នក​បោះជំហាន​មុន​នោះ​ទេ»។
រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​ការលើកឡើង​ចុង​ក្រោយ​បង្អស់របស់​លោក Putin អំពី​ប្រព័ន្ធ​ការពារ​ពី​គ្រាប់​មីស៊ីល​នេះ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG