ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​រុស្ស៊ី​ជំរុញ​ឲ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាមេរិក​ជួយ​ពង្រឹង​ទំនាក់​ទំនងអាមេរិក​និង​រុស្ស៊ី


លោក Putin (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក Myron Brilliant អនុប្រធាន​ប្រតិបត្តិ​ និង​ជា​ប្រធាន​កិច្ចការ​អន្តរជាតិ​នៅ​សភាពាណិជ្ជកម្ម​អាមេរិក នៅ​ក្នុង​ទីក្រុង St. Petersburg ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃទី​២ ខែមិថុនា។
លោក Putin (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក Myron Brilliant អនុប្រធាន​ប្រតិបត្តិ​ និង​ជា​ប្រធាន​កិច្ចការ​អន្តរជាតិ​នៅ​សភាពាណិជ្ជកម្ម​អាមេរិក នៅ​ក្នុង​ទីក្រុង St. Petersburg ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃទី​២ ខែមិថុនា។

ប្រធានា​ធិបតី ​Vladimir Putin ​នៃ​ប្រទេស​រុស្ស៊ី​ កាល​ពី​ថ្ងៃ​សុក្រ​បាន​ជំរុញ​ឲ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិកជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ដែល​មាន​កម្រិត​ទាប​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់ ​ដែល​មាន​រយៈ​ពេល​ជិត​៥០​ឆ្នាំ​នៃ​ការ​តាន​តឹង​ខាង​ភូមិសាស្រ្ត​នយោបាយ​រវាង​លោក​ខាង​កើត​និង​ខាង​លិច​ ដែល​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៩១។

ប្រធានា​ធិបតី Putin ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​នៃ​វេទិកា​សេដ្ឋ​កិច្ច​នៅ​ក្នុង​ទីក្រុង ​St. Petersburg ថា៖ «ខ្ញុំ​ចង់​បញ្ជូន​ការ​ទទួល​ខុស​ត្រូវតាម​រយៈ​អស់​លោក។​ ជួយ​យើងធ្វើ​ឲ្យ​មាន​ការ​សន្ទនា​ខាង​នយោបាយ​ជា​ប្រក្រតី​ឡើង​វិញ‍»។

ប្រធានា​ធិ​បតី Putinបាន​និយាយ​ទៀត​ថា ​លោក​នឹង​បន្ត​ទាក់​ទង​ជាមួយ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ។ លោក​និយាយ​ទៀត​ថា ​ទំនាក់​ទំនង​ល្អ​ជា​ផល​ប្រយោជន៍​របស់​ប្រទេស​ទាំង​២។

​ចំណង​ទាក់​ទង​រវាង​ប្រទេស​ទាំង​២​មានការ​តាន​តឹងដែល​ទំនង​មក​ពីការ​ជ្រៀតជ្រែករបស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​ទៅ​ ហើយ​និង​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​ស៊ីរី។

ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ប្រឆាំងនឹង​រុស្ស៊ី​នៅ​តែ​ស្ថិត​នៅ​ជា​ធរមាន​ពីព្រោះ​តែ​ការ​ទាក់​ទិន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ហើយ​និង​ ការ​កាន់​កាប់​តំបន់ Crimea។

ប្រធានា​ធិបតី​ Putin ​បាន​ប៉ុនប៉ង​បន្ធូរ​បន្ថយការ​បារម្ភ​របស់​ពិភពលោក​អំពីការ​សម្រេច​របស់​ប្រធានា​ធិ​បតី​អាមេរិក​ ដូណាល់ ត្រាំ​ ដែល​បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពីកិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​ក្រុង​ប៉ារីស​ហើយ​បាន​អំពាវនាវ​ឲ្យ​ពួក​មេដឹកនាំ​សាកល​លោក​សហការណ៍​គ្នា​ជាមួយ​ប្រធានា​ធិបតី​ត្រាំ​អំពី​បញ្ហា​នេះ។

ប្រធានា​ធិបតី Putin ​និយាយ​ទៀត​ថា៖ «​អស់​លោក​អ្នក ​មិន​ត្រូវ​រអ៊ូ​រទាំ​អំពី​បញ្ហា​នេះ​ទេ ក៏ប៉ុន្តែ ត្រូវ​តែ​បង្កើត​បរិយាកាសសម្រាប់​ធ្វើ​ការ​រួម​គ្នា‍»៕

XS
SM
MD
LG