ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ពូទីន ប្រាប់​ដល់​មន្ត្រី​ការទូត​អាមេរិក​៧៥៥​នាក់​ឲ្យ​ចាក​ចេញ​ពី​រុស្ស៊ី


រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី Vladimir Putin ថ្លែង​ទៅ​កាន់​ក្រុម​ស៊ើបការ​ក្រៅ​ប្រទស​របស់​​រុស្ស៊ី ក្នុង​ទីក្រុង​មូស្គូ កាល​ពី​ខែ​មិថុនា ២០១៧។
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី Vladimir Putin ថ្លែង​ទៅ​កាន់​ក្រុម​ស៊ើបការ​ក្រៅ​ប្រទស​របស់​​រុស្ស៊ី ក្នុង​ទីក្រុង​មូស្គូ កាល​ពី​ខែ​មិថុនា ២០១៧។

លោក វ្លាដឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី​បាន​ថ្លែង​ថា មន្ត្រី​ការទូត​អាមេរិក​ចំនួន​៧៥៥​នាក់​នៅ​ក្នុង​ប្រទេស​នេះ​ត្រូវ​តែ​ចាក​ចេញ​ នៅ​ក្នុង​ចំណាត់​ការ​សងសឹក​នឹង​ទណ្ឌកម្មថ្មី​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ដែល​កំពុង​ដាក់​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ ចំពោះ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ ដើម្បី​ជួយ​ដល់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ឲ្យ​ឈ្នះ​តំណែង​នៅ​សេតវិមាន។

លោក ពូទីន បាន​ថ្លែង​លើ​បណ្តាញ​ទូរទស្សន៍​រុស្ស៊ីមួយ​ថា៖ «មនុស្ស​ជាង​១​ពាន់​នាក់បាន​ធ្វើ​ការ​ហើយ​និង​កំពុង​ធ្វើការ​នៅ​ស្ថានទូត​អាមេរិក​និង​ស្ថានកុងស៊ុល ហើយ​មនុស្ស​ចំនួន​៧៥៥​នាក់​ត្រូវ​តែ​បញ្ឈប់​សកម្មភាព​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី‍»។

មេដឹកនាំ​រុស្ស៊ី​រូបនេះ​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​អាច​នឹង​បោះជំហាន​សង​សឹក​បន្ថែម​ទៀត ទៅ​លើ​សហរដ្ឋ​អាមេរិក​ក្រោយ​ពី​មាន​ការ​អនុម័ត​យ៉ាង​ច្រើន​លើស​លប់​ពី​រដ្ឋសភា​អាមេរិក​ទៅ​លើ​ទណ្ឌកម្ម​ថ្មី​ចំពោះ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​លោក​បាន​ថ្លែង​ថា «នៅ​ក្នុង​ថ្ងៃ​នេះ‍ ខ្ញុំ​ប្រឆាំង​នឹង​វា​»។

រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​និយាយ​ថា ការ​បណ្តេញ​បេសកកជន​ពិសេស​របស់​អាមេរិក​រាប់​រយ​នាក់​ចេញ​ត្រឹមថ្ងៃ​ទី​១​ខែ​កញ្ញា នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​នៅ​សល់​ចំនួន​មន្ត្រី​ការទូត​ស្មើ​គ្នា​គឺ​ចំនួន​៤៥៥​នាក់។

កាល​ពី​មុន​នេះ ​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី លោក​ Sergei Ryabkov​ បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ ABC News ក្នុង​កម្មវិធី ​This Week ថា៖ «ខ្ញុំ​គិត​ថា ការ​សងសឹក​នេះ​ហួស​កាល​កំណត់​យូរ​ហើយ»៕

XS
SM
MD
LG