ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​និង​ឥណ្ឌា អះអាង​ជាថ្មី​អំពី​ទំនាក់ទំនង​ដ៏​ទុកចិត្ត​រវាង​ប្រទេស​ទាំងពីរ


ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ស្វាគមន៍​គ្នា នៅ​មុន​ជំនួប​​របស់​ពួកគេ​ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ស្វាគមន៍​គ្នា នៅ​មុន​ជំនួប​​របស់​ពួកគេ​ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​បញ្ជាក់​អះអាង​ជាថ្មី​អំពី​ចំណង​ទាក់ទង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ជំនួប​ក្នុង​រដ្ឋធានី​ញូវដែលី ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

ជំនួប​នេះ ​មាន​បំណង​ចាប់ផ្ដើម​ឡើងវិញ​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែល​មាន​ភាព​រកាំរកូស​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ស្របពេល​ដែល​ប្រទេស​ឥណ្ឌា​ខិត​កាន់តែ​ជិត​ទៅរក​សហរដ្ឋ​អាមេរិក ហើយ​រុស្ស៊ី​ងាក​កាន់តែ​ជិត​ទៅរក​ប្រទេស​ចិន។

នៅ​ក្នុង​ជំនួប​នោះ លោក Putin បាន​ហៅ​ប្រទេស​ឥណ្ឌា​ថា ​ជា«ប្រទេស​មហា​អំណាច​ដ៏​អស្ចារ្យ ប្រទេស​មិត្តភាព និង​ជា​មិត្តភក្តិ​ដ៏​ទុកចិត្ត​មួយ» ចំណែក​ឯ​លោក Modi វិញ បាន​និយាយ​ថា បើ​ទោះបីជា​មាន​ការ​លេច​ឡើង​នូវ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ស្មុគស្មាញ​ផ្សេងៗ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទស្សវត្សរ៍​ចុងក្រោយ​នេះ​ក៏ដោយ ក៏ «មិត្តភាព​រវាង​ប្រទេស​ឥណ្ឌា​ និង​រុស្ស៊ី​មិនមាន​ការ​ប្រែប្រួល​នោះ​ឡើយ»។

ទំនាក់ទំនង​ផ្នែក​ការពារ​ជាតិ​ គឺ​ជា​ចំណុច​កំពូល​នៅ​ក្នុង​របៀបវារៈ​ពិភាក្សា ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​លោក Rajnath Singh បាន​អំពាវនាវ​ឲ្យ​មាន​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​ជាមួយ​ប្រទេស​រុស្ស៊ី។

ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ទ្វេភាគី​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​ជំនួប​នោះ មាន​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ឥណ្ឌា​ទិញ​កាំភ្លើង AK-203 ជាង ៦០០.០០០ ដើម ពី​ប្រទេស​រុស្ស៊ី និង​កិច្ច​ព្រមព្រៀង​មួយ​ទៀត​ដែល​អនុញ្ញាត​ឲ្យ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បច្ចេកវិទ្យា​យោធា​រវាង​ប្រទេស​ទាំងពីរ​នៅ​ក្នុង​ទស្សវត្សរ៍​ខាង​មុខ៕

XS
SM
MD
LG