ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​Putin​ ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​​ទី​៥​ដោយ​ក្តោបក្តាប់​រុស្ស៊ី​កាន់​តែ​ខ្លាំង​ឡើង​​​មិន​​ធ្លាប់​មាន


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថ្លែង​ទៅ​កាន់​ទាហាន​ស្វាគមន៍​នៅ​ក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែង​មួយ​​នៅ​វិមាន​ក្រឹមឡាំង​ ក្នុង​រដ្ឋធានី​មូស្គូកាលពីថ្ងៃទី​០៧ ឧសភា​ ឆ្នាំ២០២៤។(Sergei Guneyev, Sputnik, Kremlin Pool Photo via AP)
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថ្លែង​ទៅ​កាន់​ទាហាន​ស្វាគមន៍​នៅ​ក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែង​មួយ​​នៅ​វិមាន​ក្រឹមឡាំង​ ក្នុង​រដ្ឋធានី​មូស្គូកាលពីថ្ងៃទី​០៧ ឧសភា​ ឆ្នាំ២០២៤។(Sergei Guneyev, Sputnik, Kremlin Pool Photo via AP)

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចាប់​ផ្តើម​អាណត្តិ​ថ្មី​ទី​៥​របស់​លោកក្នុង​នាម​ជា​មេដឹកនាំ​រុស្ស៊ី​នៅ​ក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែង​មួយនៅ​វិមាន​ក្រឹមឡាំង​ ក្នុង​រដ្ឋធានី​មូស្គូនៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ដឹកនាំ​ប្រទេស​រុស្ស៊ី​ក្នុង​រយៈពេល​៦​ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត​ ក្រោយ​ពី​កម្ចាត់ក្រុមប្រឆាំង​នយោបាយ​របស់​លោក ​ការ​បង្ក​សង្ក្រាម​ដ៏​មហន្តរាយ​មួយ​ក្នុង​ប្រទេស​អ៊ុយក្រែន​ និងក្តោប​អំណាច​ទាំង​មូល​ក្នុង​ដៃ​របស់​លោក​រួច​មក។

បន្ទាប់​ពី​កាន់​អំណាច​ជា​ប្រធានាធិបតី​រុស្ស៊ី​អស់​រយៈពេល​ជិត​២៥​ឆ្នាំ​កន្លង​ទៅ​ និង​ជា​មេដឹកនាំវិមាន​ក្រឹមឡាំង​ដ៏​យូរ​បំផុត​មួយ ចាប់តាំង​ពីលោក Josef Stalin មក​ ​អាណត្តិ​ថ្មីរបស់​លោក Putin នៅ​ពេលនេះ​នឹង​ផុត​កំណត់​នៅ​ក្នុង​ឆ្នាំ​២០៣០​ ហើយ​លោកនឹង​មាន​សិទ្ធិតាម​រដ្ឋធម្មនុញ្ញ​រុស្ស៊ីអាច​ឈរ​ឈ្មោះ​ជាប្រធានាធិបតី​រុស្ស៊ីជា​ថ្មី​ម្តង​ទៀត។

ក្នុង​ពិធី​ស្បថឡើង​កាន់​តំណែង​របស់​លោកក្នុង​មហាសាលវិមាន​ក្រឹមឡាំង​ លោក Putin បាន​ដាក់​ដៃ​លើ​រដ្ឋធម្មនុញ្ញ​រុស្ស៊ី​ ​ដោយ​បាន​សន្យា​ការពារ​ច្បាប់​កំពូល​របស់​ប្រទេស​មួយ​នេះ នៅ​ចំពោះ​មុខមន្ត្រី​ជាន់ខ្ពស់ជា​ច្រើន​រូប​ដែល​លោក​បាន​ជ្រើសរើស។

ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​ជំនួសអតីត​ប្រធានាធិបតី​រុស្ស៊ីលោក​ Boris Yeltsin ក្នុង​ពេល​វេលា​ចុងក្រោយ​នៃ​ឆ្នាំ១៩៩៩​នោះ​ លោក Putin ​បាន​ប្រែក្លាយរុស្ស៊ី​ពី​ប្រទេស​មួយ​ ដែល​កំពុង​ងើបឡើង​ពី​សេដ្ឋកិច្ច​ដែល​បាន​ដួលរលំ​នោះ​ ទៅ​ជារដ្ឋ​មួយ​ដែលមិន​សូវមាន​ការរាប់រក​ និង​គំរាមកំហែង​ដល់​សន្តិសុខ​សាកល។

សំណួរពេល​នេះ​គឺ​នៅ​ត្រង់​ថា​ តើ​លោក​ Putin ដែល​មាន​វ័យ​៧១​ឆ្នាំ​រូប​នេះ​ នឹង​ធ្វើ​អ្វី​ខ្លះក្នុង​រយៈពេល​៦​ឆ្នាំ​នៃអាណត្តិ​ថ្មី​របស់​លោក​ ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស។

កងកម្លាំង​រុស្ស៊ី​ពេលនេះកំពុង​មាន​ប្រៀបក្នុងសង្ក្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដោយប្រើ​យុទ្ធសាស្ត្រ​បំផ្លិច​បំផ្លាញ​ប្រភព​ធនធាន​របស់​អ៊ុយក្រែន​ ខណៈក្រុង​កៀវ​កំពុង​ជួបប្រទះ​ការខ្វះខាតធនធាន​មនុស្ស​និង​គ្រាប់រំសេវ​ជា​ខ្លាំង​។ ​ ​ភាគី​ទាំង​ពីរទទួល​រងការ​ខូចខាត​កងកម្លាំង​របស់​ខ្លួន​ជាខ្លាំង។

អ៊ុយក្រែន​បាន​វាយប្រហារ​ចូល​ក្នុង​ទឹកដី​រុស្ស៊ី​ ដោយ​ប្រើប្រាស់​ដ្រូន​និង​គ្រាប់មីស៊ីល ជា​ពិសេសក្នុង​តំបន់​ដែល​នៅ​ជាប់ព្រំដែន​របស់​អ៊ុយក្រែន។ ក្នុង​សុន្ទរកថា​មួយកាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ ​លោក Putin បាន​សន្យា​នឹង​អនុវត្ត​សម្រេច​ឱ្យ​បាន​នូវ​គោលបំណង​របស់​រដ្ឋាភិបាលក្រុង​មូស្គូលើ​ប្រទេស​អ៊ុយក្រែន​ ​ហើយ​នឹង​ធ្វើអ្វី​ដែល​ចាំបាច់ដើម្បី«ការពារអធិបតេយ្យភាព​និង​សន្តិសុខរបស់​ពលរដ្ឋ​រុស្ស៊ី​»។

នៅ​ថ្ងៃអង្គារ​នេះ​ដែរ ​ក្រសួង​ការពារជាតិរុស្ស៊ីនិយាយ​ថា​ ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​ បាន​បាញ់​ទម្លាក់​ដ្រូនអ៊ុយក្រែន​មួយនៅ​លើ​តំបន់ Belgorod។​ ​

ការ​បាញ់ទម្លាក់​ដ្រូន​នេះជា​លើក​ទី​២​ហើយ​ ដែល​បាន​កើត​ឡើងលើ​តំបន់​Belgorod ក្នុង​រយៈពេល​តិច​ជាង​១២ម៉ោង​ ​ក្រោយ​ពី​ប្រព័ន្ធការពារដែន​អាកាស​រុស្ស៊ី​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន​មួយ​គ្រឿង​ទៀតកាល​ពី​យប់មិញ។

អភិបាល​តំបន់​ Belgorod ​បាន​រាយការណ៍​ពី​សឺរ៉ែន​ប្រកាស​អាសន្ននៃ​ការ​វាយប្រហារ​តាម​អាកាស​ ប៉ុន្តែ​មិនមាន​ព័ត៌មាន​បន្ថែម​ជុំវិញការខូចខាត​ដោយ​សារ​បំណែក​ដ្រូន ដែល​ត្រូវ​បាន​បាញ់​ធ្លាក់​នោះ​ឡើយ។​

តំបន់​ Belgorod ដែលស្ថិត​នៅ​ជាប់​ព្រំដែនជា​មួយ​អ៊ុយក្រែន​នោះ​ បាន​ក្លាយ​ជា​គោលដៅ​វាយប្រហារ​ជាញឹកញាប់​ពីអ៊ុយក្រែន។

រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ព្រមាន​ថា ​នឹង​វាយប្រហារ​ទៅ​លើគោលដៅ​យោធារបស់​អង់គ្លេស​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែននិង​នៅ​កន្លែង​ផ្សេងៗ​ទៀត​ ​ប្រសិន​បើ​យោធាអ៊ុយក្រែន ​ប្រើប្រាស់​គ្រាប់មីស៊ីល​ចម្ងាយ​ឆ្ងាយ​ដែល​ផ្តល់​ឱ្យ​ដោយ​ចក្រភព​អង់គ្លេស​ ដើម្បី​ធ្វើ​ការវាយប្រហារ​លើ​ទីតាំង​រុស្ស៊ី។

ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​កៀវកាល​ពី​សប្តាហ៍​មុន​ ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក​ Cameron និយាយ​ថា​ កងកម្លាំង​អ៊ុយក្រែន​ ​ ​នឹង​អាច​ប្រើប្រាស់អាវុធ​ចម្ងាយ​ឆ្ងាយដែល​ផ្តល់​ឱ្យ​ដោយ​ប្រទេសអង់គ្លេស​ ដើម្បី​ធ្វើ​ការវាយប្រហារ​លើ​ទីតាំង​នានា​ នៅ​ខាង​ក្នុង​ទឹកដី​ប្រទេស​រុស្ស៊ី៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG