ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov កាលពីថ្ងៃអង្គារទី៩ ខែមេសា ដើម្បីបង្ហាញការគាំទ្រគ្នាទៅវិញទៅមកនិងការជំទាស់ដូចគ្នានឹងពួកប្រទេសលោកខាងលិចកាន់លទ្ធិប្រជាធិបតេយ្យនៅពេលរដ្ឋាភិបាលក្រុងម៉ូស្គូបន្តលុកលុយប្រទេសអ៊ុយក្រែន។
បើតាមបណ្តាញព័ត៌មានរុស្ស៊ីថា លោក Lavrov បាននិយាយប្រាប់លោក Xi ថា៖ «យើងសូមសម្តែងអំណរគុណខ្លាំងបំផុតនិងការពេញចិត្តរបស់យើងអំពីជោគជ័យដែលលោកបានសម្រេចក្នុងរយៈពេលច្រើនឆ្នាំមកហើយ ហើយសំខាន់បំផុត គឺក្នុងពេលមួយទសវត្សរ៍ចុងក្រោយនេះនៅក្រោមការដឹកនាំរបស់លោក»។
លោក Lavrov បានថ្លែងថា៖ «យើងពេញចិត្តនឹងជោគជ័យទាំងនេះ ពីព្រោះជាជោគជ័យរបស់មិត្ត ទោះជាមិនមែនគ្រប់គ្នាក្នុងពិភពលោកមានឥរិយាបថនេះក៏ដោយ ហើយជនទាំងនេះប្រឹងប្រែងតាមវិធីគ្រប់បែបយ៉ាងដើម្បីរារាំងការអភិវឌ្ឍន៍នៃប្រទេសចិន - ដូចការរារាំងប្រទេសរុស្ស៊ីដែរ»។
ភាពឯកោខាងសេដ្ឋកិច្ចនិងខាងការទូតច្រើនជាងមុនរបស់រុស្ស៊ីបាននាំឱ្យប្រទេសនេះពឹងពាក់លើចិនកាន់តែខ្លាំងជាងមុន។ ប្រទេសចិនជាអតីតគូប្រជែងរបស់រុស្ស៊ីដើម្បីដឹកនាំប្លុកកុម្មុយនីស្តក្នុងពេលសង្គ្រាមត្រជាក់។ ប៉ុន្តែក្នុងប៉ុន្មានទសវត្សរ៍ក្រោយៗមកនេះ ប្រទេសទាំងពីរនេះមានគោលនយោបាយការបរទេសស្របគ្នា ធ្វើសមយុទ្ធយោធារួមគ្នានិងស្វះស្វែងប្រមែប្រមូលពួករដ្ឋមិនចូលបក្សសម្ព័ន្ធនៅក្នុងអង្គការនានាដូចជាអង្គការកិច្ចសហប្រតិបត្តិការ Shanghai ជាដើម។
លោក Lavrov បានធ្វើសន្និសីទកាសែតមួយកាលពីព្រឹកថ្ងៃអង្គារទី៩ ខែមេសាជាមួយលោក Wang Yi សមភាគីចិនរបស់លោកដែលនៅពេលនោះលោកទាំងពីរបានបញ្ជាក់ជាថ្មីសាមគ្គីភាពក្នុងកិច្ចការអន្តរជាតិ។
លោក Lavrov បាននិយាយថា រុស្ស៊ីនិងចិនជំទាស់នឹងព្រឹត្តិការណ៍អន្តរជាតិទាំងឡាយណាដែលមិនគិតគូរអំពីគោលជំហររបស់រុស្ស៊ី។
លោកបានថ្លែងថា៖ «អ្វីហៅថារូបមន្តសន្តិភាព» របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ជា«ការដាច់ស្រឡះពីការពិត»។
លោក Zelensky បានអំពាវនាវឱ្យកងកម្លាំងរុស្ស៊ីដកថយចេញពីអ៊ុយក្រែននិងប្រគល់ឱ្យអ៊ុយក្រែនវិញនូវដែនដីដែលរុស្ស៊ីកាន់កាប់។ តែអ៊ុយក្រែនពឹងពាក់ខ្លាំងលើការគាំទ្រពីសហរដ្ឋអាមេរិក ដែលនៅទីនោះពួកសាធារណរដ្ឋជាក្រុមភាគច្រើនក្នុងរដ្ឋសភាបានរាំងខ្ទប់កញ្ចប់ជំនួយយោធាថ្មីមួយ។
ចិននិងរុស្ស៊ីជាដៃគូខាងការទូតសំខាន់បំផុត ដោយប្រទេសទាំងពីរនេះកាន់កាប់អាសនៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ហើយធ្វើការជាមួយគ្នាដើម្បីរាំងខ្ទប់ការផ្តើមគំនិតរបស់សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តអាមេរិកសម្រាប់ផ្សព្វផ្សាយគុណតម្លៃប្រជាធិបតេយ្យនិងសិទ្ធិមនុស្សពីប្រទេសវ៉េណេស៊ុអេឡាដល់ប្រទេសស៊ីរី។
ទោះជាចិនមិនបានផ្តល់ការគាំទ្រយោធាដោយផ្ទាល់ដល់រុស្ស៊ីក៏ដោយ ក៏ប្រទេសនេះបានទ្រទ្រង់រុស្ស៊ីខាងការទូតដោយបានបន្ទោសក្រុមប្រទេសលោកខាងលិចថាបង្ករឿងឱ្យប្រធានាធិបតីរុស្ស៊ី Vladimir Putin សម្រេចចិត្តធ្វើសង្គ្រាម ហើយចិនក៏មិនបានហៅសង្គ្រាមនេះថា ជាការលុកលុយឡើយដោយការពារវិមានក្រឹមឡាំង។ ចិនបាននិយាយដែរថា ខ្លួនមិនបានផ្តល់អាវុធនិងជំនួយយោធាឱ្យរុស្ស៊ីទេ ទោះជាខ្លួនបានរក្សាការទាក់ទងសេដ្ឋកិច្ចរឹងមាំជាមួយរដ្ឋាភិបាលក្រុងម៉ូស្គូ ដូចឥណ្ឌានិងប្រទេសឯទៀតៗដែរក៏ដោយ ក្នុងពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងពួកសម្ពន្ធមិត្តខ្លួនបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានេះ លោក Wang បានអំពាវនាវជាថ្មីទៀតឱ្យមានការឈប់បាញ់គ្នានិង«ការបញ្ចប់សង្គ្រាមនេះឆាប់ៗ»។
លោក Wang បានថ្លែងថា៖ «ចិនគាំទ្រការប្រជុំនៅពេលសមរម្យណាមួយនៃសន្និសីទអន្តរជាតិមួយ ទទួលស្គាល់ដោយទាំងរុស្ស៊ីនិងអ៊ុយក្រែនដែលភាគីទាំងអស់អាចចូលរួមដោយស្មើភាពគ្នានិងពិភាក្សាដំណោះស្រាយសន្តិភាពទាំងអស់ដោយយុត្តិធម៌»។
សំណើសន្តិភាពរបស់ចិនទទួលបានការគាំទ្រតិចតួច មួយផ្នែកដោយសារប្រទេសនេះនៅតែទ្រទ្រង់រុស្ស៊ីតទៅទៀតនិងកង្វះចក្ខុវិស័យអំពីដំណោះស្រាយសម្រាប់ពេលអនាគត ជាពិសេសអំពីជោគវាសនានៃដែនដីអ៊ុយក្រែនដែលត្រូវកាន់កាប់និងអ្នកស្រុកតំបន់ទាំងនោះ។
លោក Wang ក៏បានពោលដែរថា លោក Xi និងលោក Putin នឹងបន្តការផ្លាស់ប្តូរយោបល់គ្នាតទៅទៀតនៅឆ្នាំនេះ ដោយរំពឹងថា នឹងមានទស្សនកិច្ចទៅកាន់រដ្ឋធានីនៃប្រទេសនីមួយៗផងដែរ។
លោក Wang បាននិយាយថា៖ «ទំនាក់ទំនងរវាងចិននិងរុស្ស៊ីឡើងចុះ ហើយភាគីទាំងពីរបានទាញមេរៀនពីបទពិសោធន៍ប្រវត្តិសាស្ត្រ ហើយបានរកឃើញមាគ៌ាត្រឹមត្រូវមួយសម្រាប់ឧបត្ថម្ភផ្ចុងផ្ដើមការទាក់ទងគ្នាជាទ្វេភាគីដ៏ល្អប្រសើរនិងមានស្ថិរភាព។ ទំនាក់ទំនងល្អប្រសើរនៅពេលសព្វថ្ងៃនេះរវាងចិននិងរុស្ស៊ីកើតឡើងពីការខិតខំយ៉ាងខ្លាំង ហើយសក្ដិសមត្រូវលើកតម្កើងនិងថែរក្សាដោយប្រុងប្រយ័ត្នដោយភាគីទាំងពីរ»។
លោក Lavrov បានទៅដល់ប្រទេសចិនកាលពីថ្ងៃចន្ទ ទី៨ ខែមេសា។ ចំណែកឯលោក Wang និងឥស្សរជនចិនសំខាន់ៗឯទៀតៗវិញបានបំពេញទស្សនកិច្ចនៅរុស្ស៊ីកាលពីពេលថ្មីៗនេះ ហើយបានគាំទ្រទស្សនៈរុស្ស៊ីអំពីបុព្វហេតុនៃសង្គ្រាមនៅអ៊ុយក្រែន។
ចិនពេលខ្លះបានប្រកាន់ឥរិយាបថបែបប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិកនិងក្រុមសម្ពន្ធមិត្តអាមេរិក ដូចរុស្ស៊ីដែរ។ ចិននិងរុស្ស៊ីបានធ្វើសមយុទ្ធយោធារួមគ្នា ហើយត្រូវបានឃើញថា ប្រឹងប្រែងដាក់ឱ្យមានការកាន់អំណាចផ្ដាច់ការជំនួសលទ្ធិប្រជាធិបតេយ្យក្នុងតំបន់ដែលពួកគេមានឥទ្ធិពល។ ចិនមានជម្លោះខាងទឹកដីខ្លួនឯង ជាពិសេសអំពីកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង និងនៅក្នុងសមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើត។
កាលពីប៉ុន្មានសប្តាហ៍មុនរុស្ស៊ីចូលលុកលុយអ៊ុយក្រែន លោក Putin បានបំពេញទស្សនកិច្ចនៅក្រុងប៉េកាំងនៅពេលបើកការប្រកួតកីឡាអូឡាំពិករដូវធ្លាក់ទឹកកក ហើយលោកបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយប្តេជ្ញាអំពីទំនាក់ទំនង«គ្មានព្រំដែន»ដែលធ្វើឱ្យចិនគាំទ្រខ្សែបន្ទាត់នយោបាយរុស្ស៊ី ទោះជានៅពេលខ្លួនសុំជាផ្លូវការឱ្យមានការចរចាសន្តិភាពក៏ដោយ។
នៅក្នុងការហៅទូរសព្ទកាលពីថ្ងៃទី២ ខែមេសាដើម្បីនិយាយជាមួយមេដឹកនាំចិនលោក Xi Jinping ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joseph Biden បានដាក់សម្ពាធលើចិនអំពីទំនាក់ទំនងខាងយោធារបស់ខ្លួនជាមួយរុស្ស៊ី ដែលប្រឹងប្រែងកសាងជាថ្មីមូលដ្ឋានឧស្សាហកម្មរបស់ខ្លួននៅពេលខ្លួនបន្តការលុកលុយអ៊ុយក្រែនតទៅទៀត។ ហើយលោកប្រធានាធិបតីក៏បានអំពាវនាវដល់ចិនឱ្យប្រើឥទ្ធិពលខ្លួនលើកូរ៉េខាងជើងឱ្យទប់ប្រទេសនេះដែលនៅដាច់ឯកោពីគេនិងជាប្រទេសមានអាវុធនុយក្លេអ៊ែរមានចិត្តមិនទៀងទាត់ផងដែរ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ