លោកប្រធានាធិបតីរុស្សី Vladimir Putin បានអំពាវនាវឲ្យពួកបំបែកខ្លួនគាំទ្ររុស្សី ដោះលែងទាហានអ៊ុយក្រែនដែលត្រូវបានឡោមព័ទ្ធនៅភាគខាងកើតប្រទេសអ៊ុយក្រែននោះ។ ក្នុងសេចក្ដីថ្លែងការណ៍របស់វិមាន Kremlin នៅថ្ងៃសុក្រនេះ លោក Putin បានជំរុញឲ្យក្រុមបះបោរបើកច្រកមនុស្សធម៌សម្រាប់ទាហានទាំងនោះ ដើម្បីចៀសវាងកុំឲ្យមានមនុស្សស្លាប់អត់ន័យ។
លោក Alexander Zakharchenko មេដឹកនាំពួកបះបោរបានប្រាប់បណ្ដាញព័ត៌មានរុស្សីថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើតាមសំណើរបស់រុស្សី ប៉ុន្តែជាដំបូងទាហានទាំងនោះត្រូវដាក់អាវុធ។ ពួកបះបោរបានព័ទ្ធក្រុមទាហានអ៊ុយក្រែនមួយសប្ដាហ៍មកហើយនៅទីក្រុង Ilovaysk ក្រោយពីមានការវាយប្រហារគាំទ្រដោយរដ្ឋាភិបាលក្រុងមូស្គូ។
សេចក្តីថ្លែងការណ៍របស់លោក Putin មិនឆ្លើយតបនឹងការចោទប្រកាន់របស់ រដ្ឋាភិបាលក្រុង Kyiv និងលោកខាងលិចដែលថា រុស្សីបានជួយពួកបះបោរនោះទេ។ តែលោកបានសរសើរជោគជ័យរបស់ពួកបះបោរក្នុងការទប់ស្កាត់ប្រតិបត្តិការរបស់រដ្ឋាភិបាលក្រុង Kyiv ដែលលោកនិយាយថា គំរាមកំហែងជីវិតជនស៊ីវិល។