ប្រធានាធិបតី Vladimir Putinនៃប្រទេសរុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិក ពីការព្យាយាមត្រួតត្រាទំនាក់ទំនងអន្តរជាតិ ក៏ប៉ុន្តែនិយាយថា រុស្ស៊ីជានិច្ចកាលនៅតែបើកចំហរដើម្បីធ្វើកិច្ចសហប្រតិបត្តិការ។
ប្រធានាធិបតីរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងកម្មវិធីចូលរួមផ្ទាល់តាមទូរស័ព្ទតាមទូរទស្សន៍រុស្ស៊ីដែលក្នុងនោះលោកបានទទួលសំណួរពីសមាជិកសាធារណជនរុស្ស៊ី។
លោក Putin បាននិយាយថា បន្ទាប់ពីសង្គ្រាមលោកលើកទី២ រដ្ឋាភិបាលទីក្រុងម៉ូស្គូបានព្យាយាមបង្ខំដោយប្រើកម្លាំងឲ្យប្រទេសជាច្រើននៅអឺរ៉ុបខាងកើតធ្វើទៅតាមខ្លួន ហើយគ្មានអ្វីល្អទាល់តែសោះអំពីការអភិវឌ្ឍន៍នេះ។ ទោះជាយ៉ាងណាក៏ដោយ លោកនិយាយទៀតថា ពលរដ្ឋអាមេរិកាំងកំពុងធ្វើអ្វីម៉្យាងប្រហាក់ប្រហែលគ្នាដោយព្យាយាមដាក់គំរូរបស់ខ្លួននៅជុំវិញពិភពលោក។
ប្រធានាធិបតីរុស្ស៊ីក៏បាននិយាយដែរថា សហរដ្ឋអាមេរិកបានដាក់គំនាបទៅលើមេដឹកនាំអឺរ៉ុបខ្លះមិនឲ្យចូលរួមក្នុងពិធីនៃខួបលើកទី៧០នៃការបញ្ចប់សង្គ្រាមលោកលើកទី២ក្នុងអឺរ៉ុបនៅទីក្រុងម៉ូស្គូ។
លោក Putin បានការពារការសម្រេចចិត្តរបស់លោកដើម្បីត្រួសត្រាយផ្លូវដើម្បីលក់ប្រព័ន្ធការពារដែនអាកាស S-300 ទៅឲ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ (Tehran)។ ក៏ប៉ុន្តែ រដ្ឋាភិបាលទីក្រុងម៉ូស្គូបានផ្អឹបកិច្ចសន្យានោះ៣ឆ្នាំក្រោយមកបន្ទាប់ពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅលើប្រទេសអ៊ីរ៉ង់៕