រដ្ឋបាលលោក អូបាម៉ា បានសំដែងសេចក្តីបារម្ភកាលពីថ្ងៃច័ន្ទ ចំពោះការអាចលក់ប្រព័ន្ធការពារផ្លូវអាកាសទំនើបធុន S-300 របស់រុស្ស៊ីទៅឲ្យប្រទេសអ៊ីរ៉ង់ បន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin បានលុបចោលបំរាមមួយលើការផ្តល់ប្រព័ន្ធកាំជ្រួចបាញ់ពីដីទៅអាកាសធុនទំនើបទៅឲ្យរដ្ឋអ៊ីស្លាមមួយនេះ។
អ្នកនាំពាក្យសេតវិមាន លោក Josh Earnest បានថ្លែងថា រដ្ឋបាលលោក អូបាម៉ា បានប្រកាសឲ្យដឹងពីមុនៗមកអំពីការប្រឆាំងរបស់អាមេរិកទល់នឹងការអាចលក់ប្រព័ន្ធកាំជ្រួចការពារធុន S-300 ទៅឲ្យប្រទេសអ៊ីរ៉ង់ ហើយថាលោករដ្ឋមន្រ្តីការបរទេសសរអា John Kerry «មានឱកាសលើកសេចក្តីបារម្ភនេះឡើងជាថ្មីម្តងទៀតនៅក្នុងការសន្ទនាមួយនៅពេលថ្មីៗនេះ» ជាមួយលោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov។
លោក Earnest បានថ្លែងថា រស្ស៊ីយល់ថា សរអាយកចិត្តទុកដាក់ខ្លាំងទៅលើសុវត្ថិភាពនិងសន្តិសុខរបស់សម្ព័ន្ធមិត្តខ្លួននៅក្នុងតំបន់។
កាលពីព្រឹកថ្ងៃច័ន្ទ គេហទំព័ររបស់វិមាន Kremlin បានរាយការណ៍ថា លោក ពូទីន បានចុះហត្ថលេខាលើក្រិត្យមួយដើម្បីលុបចោលបំរាមលើការផ្តល់កាំជ្រួចធុន S-300 ទៅឲ្យប្រទេសអ៊ីរ៉ង់។
ក្រុង មូស្គូ បានចុះហត្ថលេខាមួយមានតម្លៃទឹកប្រាក់៨០០លានដុល្លារក្នុងឆ្នាំ ២០០៧ ដើម្បីផ្តល់កាំជ្រួចធុន S-300 ៥កងទៅឲ្យអ៊ីរ៉ង់។ តែរុស្ស៊ីបានបញ្ឈប់កុងត្រានេះ៣ឆ្នាំក្រោយមក បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអសបបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ លោកស្រី Marie Harf អ្នកនាំពាក្យក្រសួងការបរទេសថ្លែងកាលពីថ្ងៃច័ន្ទថា ការបញ្ជូនកាំជ្រួចធុន S-300 នេះទៅឲ្យអ៊ីរ៉ង់មិនមែនជាការរំលោភទណ្ឌកម្មរបស់អសបទេ តែសរអាយល់ថា «នេះមិនមែនជាពេលវេលា» ដើម្បីលក់អាវុធទេ នៅពេលដែលមានការរំជើបរំជួលនៅក្នុងតំបន់៕