អ្នកដែលលោកប្រធានាធិបតីអាមេរិក Donald Trump ជ្រើសរើសឲ្យដឹកនាំការិយាល័យស៊ើបការសហព័ន្ធ គឺលោក Christopher Wray បានធានាដល់អ្នកតំណាងរាស្ត្រកាលពីថ្ងៃពុធថា ទីភ្នាក់ងារនេះនឹងបន្តដំណើរការដោយគ្មានឥទ្ធិពលនយោបាយ ខណៈដែលទីភ្នាក់ងារនេះធ្វើការងារនានា រួមទាំងការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសម្នាក់ទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ផងដែរ។
លោក Wray ដែលជាមេធាវីការពារចុងចោទនិងជាអតីតមន្ត្រីនៃក្រសួងយុត្តិធម៌ បានប្រឈមនឹងសំណួរមួយចំនួនក្នុងអំឡុងពេលនៃសវនាការតែងតាំងរបស់លោកពីសំណាក់សមាជិកគណៈកម្មាធិការអង្គចៅក្រមព្រឹទ្ធសភា ដោយរួមទាំងសំណួរអំពីថាតើលោកអាចធ្វើការដោយឯករាជ្យមិនរងឥទ្ធិពលពីសេតវិមានដែរឬទេ។
សវនាការនេះត្រូវបានធ្វើឡើង ខណៈដែលលោក Trump ប្រឈមនឹងការស៊ើបអង្កេតមួយចំនួនអស់រយៈពេលជាច្រើនខែ ទៅលើការចោទប្រកាន់ដែលថា យុទ្ធនាការបោះឆ្នោតរបស់លោកបានឃុបឃិតជាមួយនឹងមន្ត្រីរុស្ស៊ី ដើម្បីជួយលោកឲ្យឈ្នះតំណែងនៅក្នុងសេតវិមាន ហើយថា លោកប្រហែលជាបានរារាំងដល់ដំណើរការយុត្តិធម៌របស់លោក James Comey អតីតប្រធាន FBI ខណៈដែលលោកដឹកនាំការស៊ើបអង្កេតរបស់ការិយាល័យនេះទៅលើរុស្ស៊ី។
ជាការឆ្លើយតបទៅនឹងសំណួរពីលោក Patrick Leahy សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យអំពីថាតើលោកនឹងឆ្លើយតបដូចម្តេចទៅនឹងលោកប្រធានាធិបតី ប្រសិនបើលោកប្រធានាធិបតីស្នើឲ្យលោកបំពេញការងារណាមួយដែល«ផ្ទុយពីច្បាប់ឬគ្មានក្រមសីលធម៌នោះ» លោក Wray បានឆ្លើយតបវិញថា «ជាបឋមខ្ញុំនឹងព្យាយាមនិយាយជាមួយនឹងលោកប្រធានាធិបតីអំពីរឿងនេះ ហើយប្រសិនបើការជជែកគ្នានេះបរាជ័យ ខ្ញុំនឹងលាលែងពីតំណែង»៕