មានការរៀបចំធ្វើសវនាការសាធារណៈដែលនឹងចាប់ផ្តើមនៅថ្ងៃពុធដោយយកលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ ជាទីដៅអំពីថាតើលោកបានរំលោភតំណែងរបស់លោកដើម្បីជួយនយោបាយរបស់លោកដែរឬទេ។
ការពិតជាក់ស្តែងនៃករណីយនេះមានគ្រប់គ្រាន់ ក៏ប៉ុន្តែភាពខុសគ្នាមានច្រើនហើយនាំឱ្យមានការខ្វែងគំនិតគ្នា។
នៅក្នុងអត្ថបទជាលាយលក្ខណ៍អក្សរចេញផ្សាយដោយសេតវិមាន នៅក្នុងការនិយាយទូរស័ព្ទមួយកាលពីចុងខែកក្កដា លោក ត្រាំ បានសុំការអនុគ្រោះមួយពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyi។
លោក ត្រាំ ចង់ឱ្យមានការស៊ើបអង្កេតមួយអំពីលោកអតីតអនុប្រធានាធិបតី Joe Biden ដែលជាអ្នកប្រជែងនឹងលោកនាំមុខគេខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អា.ក្នុងឆ្នាំ២០២០, អំពីកូនប្រុសលោក Biden ឈ្មោះ Hunter ដែលធ្វើការឱ្យក្រុមហ៊ុនឧស្ម័នធម្មជាតិអ៊ុយក្រែនមួយនិងអំពីការនិយាយថាប្រទេសអ៊ុយក្រែនបានជ្រៀតជ្រែកក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ដែលលោក ត្រាំ បានឈ្នះហើយមិនមែនរុស្ស៊ីទេដែលបានជ្រៀតជ្រែកដែលផ្ទុយពីការសន្មត់របស់សហគមន៍ស៊ើបការសម្ងាត់ស.រ.អា.។
នៅពេលនិយាយទូរស័ព្ទនោះ លោក ត្រាំ បានផ្អិបជំនួយយោធាស.រ.អា.មានទឹកប្រាក់៣៩១លានដុល្លារដែលរដ្ឋាភិបាលក្រុងកៀវ ត្រូវការណាស់ដើម្បីជួយពួកគេប្រយុទ្ធប្រឆាំងនឹងពួកទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្ស៊ីនៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន។
លោក ត្រាំ មិនបាននិយាយដល់ការសុំការអនុគ្រោះ--គឺជំនួយយោធាជាថ្នូរនឹងការស៊ើបអង្កេតអំពីលោក Biden និងកូនប្រុសលោក—នៅក្នុងការនិយាយទូរស័ព្ទនោះទេ ហើយក្នុងរយៈច្រើនសប្តាហ៍លោកបានបដិសេធថាគ្មានការដោះដូរបែបនេះឡើយ។ លោក ត្រាំ បានពណ៌នាការនិយាយទូរសព្ទនោះថាជាការត្រឹមត្រូវ៕