ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងមហាផ្ទៃផ្អាកការងារស្នងការខេត្តកំពង់ធំ ខណៈមានការចោទប្រកាន់រឿងបៀតបៀនផ្លូវភេទ


លោក អ៊ុក កុសល​ ស្នង​ការ​នគរបាល​ខេត្ត​កំពង់​ធំ ត្រូវបានក្រុម​មន្ត្រី​នគរបាល​ជា​នារី​​ ​ប្តឹង​ថាបាន​ប្រព្រឹត្ត​អំពើ​បៀត​បៀនកេរ​ខ្មាស​។ (រូបដកស្រង់ពីបណ្តាញសង្គម)
លោក អ៊ុក កុសល​ ស្នង​ការ​នគរបាល​ខេត្ត​កំពង់​ធំ ត្រូវបានក្រុម​មន្ត្រី​នគរបាល​ជា​នារី​​ ​ប្តឹង​ថាបាន​ប្រព្រឹត្ត​អំពើ​បៀត​បៀនកេរ​ខ្មាស​។ (រូបដកស្រង់ពីបណ្តាញសង្គម)

រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ លោក ​ស ខេង​ បាន​សម្រេច​ព្យួរ​ការងារ​របស់​ស្នងការ​ខេត្ត​កំពង់ធំ​ លោក ​អ៊ុក កុសល​ បណ្តោះ​អាសន្ន ​ខណៈ​មាន​ការ​ចោទ​ប្រកាន់​រឿង​បៀតបៀន​ផ្លូវភេទ​របស់​ស្រ្តី​ ដែល​ជា​មន្រ្តី​ធ្វើការ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។​

ក្នុង​សេចក្តី​សម្រេច​មួយ​ ចុះ​ថ្ងៃទី​១២ ​ខែ​សីហា ​រដ្ឋមន្រ្តី​មហាផ្ទៃ​បាន​សម្រេច​ផ្អាក​ការងារ​បណ្តោះ​អាសន្ន​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ លោក ​អ៊ុក កុសល។ ​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជា​ឲ្យ​លោក​ អ៊ុក កុសល​ ត្រូវ​បង្ហាញ​ខ្លួន​នៅ​នាយកដ្ឋាន​បុគ្គលិក​រៀង​រាល់​ម៉ោង​ធ្វើការ​ ដើម្បី​រង់​ចាំ​ការ​សម្រេច​ជា​ថ្មី។ ​ស្នងការ​រង​ខេត្ត​កំពង់​ធំ​លោក ​អ៊ិត គឹមស្រ៊ន​ ទទួល​បន្ទុក​ជា​ស្នងការ​ស្តីទី។​

ក្រសួង​មហាផ្ទៃ​មិន​បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​ផ្អាក​ការងារ​របស់​ស្នងការ​រូប​នោះ​ទេ។​

ការ​ផ្អាក​តួនាទី​នេះ​ធ្វើ​ឡើង​ ក្រោយ​មាន​ការ​ប្តឹង​ផ្តល់​របស់​ក្រុម​ស្រ្តី​ជា​មន្ត្រី​នគរបាល​ តាម​រយៈ​លិខិត​មួយ​ច្បាប់​ ចុះថ្ងៃ​ទី​៣០​ ខែ​កក្កដា ​ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង​ ដោយ​ចោទ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ថា​ បាន​បៀតបៀន​ផ្លូវ​ភេទ។​

ក្នុង​ពាក្យ​បណ្តឹង​ដែល​មាន​ស្នាម​មេដៃ​របស់​ពួកគេ ​ ​ពួកគេ​ចោទ​លោក ​អ៊ុក កុសល ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ថា ​បាន​លួង​លោម​មន្ត្រី​នគរបាល​ជាស្ត្រី​ឲ្យ​ផ្តល់​ខ្លួន​ប្រាណ​ឲ្យ​លោក​ ឬ​អនុញ្ញាត​ឲ្យ​លោក​ប៉ះពាល់​កេរ​ភេទ​ ជាថ្នូរ​នឹង​ការ​បាន​ឡើង​ឋានន្តរ​ស័ក្តិ។ ​ពាក្យ​បណ្តឹង​បញ្ជាក់​ថា ​ក្រៅពី​ពាក្យ​សម្តី​លួងលោម ស្នងការ​រូប​នោះ​បាន​ចាប់​បង្ខំ​ស្ទាប​អង្អែល​កេរខ្មាស​ដោយ​មិន​ញញើត។​

វីអូអេ​បាន​ព្យាយាម​សុំការ​ឆ្លើយ​តប​ពី​លោក ​អ៊ុក កុសល ​តាម​រយៈ​ទូរស័ព្ទ​ដៃ​ទាំង​ពីរ​ខ្សែ​របស់​លោក​ តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ទេ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

XS
SM
MD
LG