តុលាការរាជធានីភ្នំពេញនៅថ្ងៃអង្គារនេះ បានសម្រេចចោទប្រកាន់ឧកញ៉ាម្នាក់ឈ្មោះ សង ថន ដែលកាន់កាប់ដីជាង ៥ពាន់ហិកតា នៅស្រុកគាស់ក្រឡ និងអភិបាលរងខេត្តបាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់ ហើយសម្រេចបញ្ជូនពួកគេទៅឃុំខ្លួនបណ្តោះអាសន្ន។
ពួកគេទាំងពីរនាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនមកសាកសួរ កាលពីសប្តាហ៍មុន ហើយអង្គភាពនេះកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញលោក គុជ គឹមឡុង មានប្រសាសន៍ថា ព្រះរាជអាជ្ញារងលោក សឿន មុនីរ័ត្ន បានសម្រេចចោទប្រកាន់លោក សង ថន ពីបទ «ផ្តើមគំនិតក្នុងបទបំផ្លាញដោយចេតនានិងគៃបំបាត់ដោយទុច្ចរិត» និង «បទសូកប៉ាន់»។
លោកបន្ថែមថា ព្រះរាជអាជ្ញាក៏បានចោទប្រកាន់ដូចគ្នាចំពោះលោក ស៊ូ អារ៉ាហ្វាត់ ពី«បទបំផ្លាញដោយចេតនា និងគៃបំបាត់ទុច្ចរិត» និង «បទស៊ីសំណូក»។ លោកថា ចៅក្រមស៊ើបសួរលោក អឹម វណ្ណៈ ក៏បានសម្រេចឃុំខ្លួនពួកគេទាំងពីរនាក់។
លោកមានប្រសាសន៍ថា៖ «ក្រោយពីបានសាកសួរតាមនីតិវិធីរួចមក ចៅក្រមស៊ើបសួរលោក អឹម វណ្ណៈ បានសម្រេចឃុំខ្លួនជនជាប់ចោទទាំងពីរជាបណ្តោះអាសន្ន តាមនីតិវិធី»។
បើតាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ «បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ទៅ១០ឆ្នាំ។ ចំណែកមាត្រា ៦០៥ បទសូកប៉ាន់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ទៅ១០ឆ្នាំ ដូចគ្នា។ ចំណែកមាត្រា ៥៩៥ «បទស៊ីសំណូក» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ទៅ១៥ឆ្នាំ អំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋទទួលអាណត្តិសាធារណៈ។
សារព័ត៌មានកោះសន្តិភាព កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះផ្សាយថា លោក សង ថន បានប្តឹងលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ដែលទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី ដោយចោទអភិបាលរងខេត្តរូបនោះថា បានក្លែងឯកសារដាក់ទៅលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការសុំកាត់ដីរហូតដល់ ២៥០០ហិកតា មិនមែន ៧០០ហិកតា ដូចការស្នើសុំរបស់លោកនោះទេ។
សារព័ត៌មាននេះបានដកស្រង់សម្តីរបស់លោក សង ថន ថា អភិបាលរងខេត្តបាត់ដំបងនោះបានយកប្រាក់របស់លោកចំនួន ២៥០០០ដុល្លារ ដោយសន្យាថា យកទៅរត់ការធ្វើប្លង់ដីឲ្យលោក។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបាននៅឡើយទេ។
លោក ប៉ិច ពិសី នាយកអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា លោកមានការសង្ស័យថា អ្នកមានអំណាចប្រើប្រាស់វិធីសាស្រ្តក្នុងអំពើពុករលួយ ដើម្បីទទួលបានកម្មសិទ្ធិដី ជាពិសេសដីធ្លីមានជម្លោះជាមួយប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «អ្នកដែលមានលុយមានអំណាច មានកម្មសិទ្ធិស្របច្បាប់របស់គាត់ គឺគាត់មានប្លង់។ ប៉ុន្តែនីតិវិធីនៃការទទួលបានប្លង់របស់គាត់ គឺមានការសង្ស័យថា គាត់ប្រើអំពើពុករលួយដើម្បីបានប្លង់ទាំងនោះ។ អ៊ីចឹងហើយធ្វើឲ្យជម្លោះមានភាពស្មុគស្មាញ ព្រោះការអនុវត្តច្បាប់ជាទូទៅគេមើលទៅលើកម្មសិទ្ធិដីជានរណា»។
លោក ប៉ិច ពិសី បន្តទៀតថា នេះជាភាពមិនប្រក្រតីមួយដែលបុគ្គលម្នាក់កាន់កាប់ដីរាប់ពាន់ហិកតា ហើយអាជ្ញាធរត្រូវពិនិត្យថា តើមានសកម្មភាពផលិត ឬយ៉ាងណា នៅលើដីដែលមានជម្លោះជាមួយប្រជាពលរដ្ឋ។ លោកថា គួរតែមានការស្វែងរកអាជ្ញាធរនៅថ្នាក់ក្រោម ដែលមានការឃុបឃិតជាមួយអ្នកមានអំណាចដើម្បីគ្រប់គ្រងដី។
លោកបញ្ជាក់ថា៖ «អ៊ីចឹងគួរតែមានការត្រួតពិនិត្យលក្ខណៈជាប្រព័ន្ធ ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានហ្នឹង ហើយរកយុត្តិធម៌ដល់សហគមន៍ដែលគាត់រងគ្រោះហ្នឹង»។
មន្រ្តីសម្របសម្រួលរបស់អង្គការលីកាដូប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង ដែលធ្លាប់ចេញចូលតំបន់នេះជាច្រើនឆ្នាំមកហើយនោះ មានប្រសាសន៍ថា លោកគាំទ្រចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងឧកញ៉ា សង ថន ដែលការកាន់កាប់ដីរបស់លោក «ស្ថិតក្នុងភាពអាថ៌កំបាំង»។
លោកបន្តថា គួរតែមានវិធានការបែបនេះចំពោះអ្នកកាន់កាប់ដីរដ្ឋផ្សេងៗទៀត ដោយសារប្រជាពលរដ្ឋបានរងគ្រោះ ហើយធ្វើចំណាកស្រុកទៅប្រទេសគេ ក្នុងរឿងដីធ្លីនៅស្រុកគាស់ក្រឡនេះ។
លោកមានប្រសាសន៍ថា៖ «រឿងហ្នឹងយើងមើលឃើញថា មិនមែនទើបតែគ្រប់គ្រងដីពីរបីឆ្នាំនេះទេ។រឿងបញ្ហាហ្នឹង លោកឧកញ៉ាហ្នឹង គាត់កាន់កាប់ដីហ្នឹងយូរហើយជាង ១០ឆ្នាំ ២០ឆ្នាំហើយ។ អ៊ីចឹងមិនមែនជារឿងថ្មី»។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តបាត់ដំបង ដកហូតដីពីលោក សង ថន ត្រឡប់មកវិញ ដោយបានចោទឧកញ៉ារូបនោះថា «បានទន្ទ្រានរំលោភយកដោយខុសច្បាប់»។ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យរដ្ឋបាលខេត្តបាត់ដំបង គ្រប់គ្រងនិងរក្សាទុកដីនេះ សម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋក្នុងគោលដៅសម្បទានសង្គមកិច្ច។
ពលរដ្ឋម្នាក់ដែលមានជម្លោះដីធ្លីដែរគឺលោក យួម យឿប អាយុ៤៩ឆ្នាំ មានប្រសាសន៍ថា កន្លងទៅលោកសង្ស័យថា មានអំពើពុករលួយក្នុងរឿងនេះដែរ ហើយលោកចោទថា អាជ្ញាធរមិនដោះស្រាយទំនាស់នេះជូនដល់ប្រជាពលរដ្ឋ។
កាលពីខែមេសា ឆ្នាំ២០១៩ លោក យឿប ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំ តែមិនត្រូវបានចាប់ដាក់ពន្ធនាគារនោះទេ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងគំនិតរបស់ប្រជាពលរដ្ឋមូលដ្ឋាននេះ គឺពិតប្រាកដថា អាជ្ញាធរទាំង៤នេះ គាត់អាចឃុបឃិតជាមួយឧកញ៉ា សង ថន នេះ។ គាត់ធ្វើឯកសារក្លែងបន្លំ ដើម្បីគាបសង្កត់ប្រជាពលរដ្ឋ»។
អ្នកភូមិនៅតំបន់មានទំនាស់ដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានប្រាប់ VOA ថា ពួកគេបានមកកាប់ឆ្ការព្រៃនៅក្នុងស្រុកនេះ តាំងពីជិត ១០ឆ្នាំមុន ដើម្បីរស់នៅ ហើយពួកគេយល់ថា នេះជាគម្របព្រៃឈើរបស់រដ្ឋ មិនមែនជាកម្មសិទ្ធិឯកជនណានោះទេ។ ប៉ុន្តែក្រោយមកក្នុងឆ្នាំ ២០១៥ ជម្លោះដីធ្លីក៏កើតឡើង ហើយពួកគេត្រូវបានឧកញ៉ាម្នាក់ឈ្មោះ សង ថន ដែលមានទីលំនៅក្នុងខេត្តបាត់ដំបង ចោទថា កាន់កាប់ដីរបស់លោកដែលមាននៅក្នុងតំបន់នោះ ជាង៥ពាន់ហិកតា។
ស្រុកគាស់ក្រឡគឺជាអតីតតំបន់ផ្តាច់ខ្លួនខ្មែរក្រហម ដែលនៅជាប់នឹងស្រុកសំឡូត។ ក្រោយមានការផ្តាច់ខ្លួនរបស់ក្រុមខ្មែរក្រហម ដីតំបន់នេះត្រូវបានចែកដល់យោធា ដើម្បីពួកគេអាចរស់នៅបាន។
នៅក្នុងឯកសារមួយច្បាប់ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ដែលពលរដ្ឋមានជម្លោះបានដឹងឮ លោក សង ថន បានសរសេរទៅកាន់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា លោកបានទិញដីចំនួន ៥១៤៤ហិកតា ដែលស្ថិតក្នុងឃុំព្រះផុសឃុំឆ្នាល់មាន់ និងឃុំដូនបា តាំងពីឆ្នាំ២០០០ ដែលជាដីគោលនយោបាយរបបយោធាអភិវឌ្ឍន៍យោធាភូមិភាគទី៥។ លោកសរសេរបន្តថា លោកបានកាន់កាប់និងអាស្រ័យផល តាំងពីឆ្នាំ២០០០ តែមិនទាន់មានបណ្ណសម្គាល់សិទ្ធិកាន់កាប់នោះទេ ហើយប្រជាពលរដ្ឋនាំគ្នាមកកាប់ទន្រ្ទានលើដីរបស់លោក។
ទោះជាយ៉ាងណា លោកថា លោកសម្រេចប្រគល់ដីរបស់លោកចំនួន ៧០០ហិកតា ដើម្បីដោះស្រាយជម្លោះនេះ ដែលក្នុងនោះ ២០០ហិកតា សម្រាប់ធ្វើសួនធម្មជាតិសម្តេចក្រឡាហោម ស ខេង នៅស្រុកគាស់ក្រឡនេះ ៥០០ហិកតា សម្រាប់ដោះស្រាយទំនាស់ជាមួយប្រជាពលរដ្ឋ។ ឧកញ៉ារូបនេះបន្តថា ចំណែកដី ៣៧ហិកតា ទៀតទុកឲ្យលោក ស ខេង ប្រើប្រាស់តាមតម្រូវការចាំបាច់។
ឧកញ៉ារូបនោះបញ្ជាក់ថា ចំណែកដីដែលនៅសល់ជាង ៤ពាន់ហិកតា លោកស្នើសុំរដ្ឋមន្រ្តីមហាផ្ទៃចេញជាគោលការណ៍ដើម្បីធ្វើបណ្ណសម្គាល់កាន់កាប់។
ប៉ុន្តែក្រោយមកទៀត មានលិខិតមួយច្បាប់ទៀតដែលចេញដោយអតីតអភិបាលខេត្តបាត់ដំបង គឺលោក ច័ន្ទ សុផល ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ដែលក្នុងនោះអតីតអភិបាលខេត្តរូបនោះ លើកឡើងទៅលោក ស ខេង ថា ស្នើសុំគោលការណ៍កាត់ដីពីលោក សង ថន ចំនួន ២៥០០ហិកតា ចែកជូនប្រជាពលរដ្ឋ ៤៦៣ហិកតា និង ២០០ហិកតា ធ្វើឧទ្យានធម្មជាតិ ២៥ហិកតា សម្រាប់បុណ្យរុក្ខដាំកូនឈើ និងនៅសល់ ១៨១២ហិកតា ស្នើលោក ស ខេង រក្សាទុកជាដី ត្រៀមបម្រុងរបស់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ជាប្រយោជន៍របស់ខេត្ត។
បន្ទាប់មកលោក ស ខេង បានចេញលិខិតមួយចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ឆ្លើយតបថា លោកយល់ព្រមតាមសំណើនេះ។ ប៉ុន្តែប្រជាពលរដ្ឋលើកឡើងថា មិនទាន់មានការដោះស្រាយណាមួយនោះទេ រហូតដល់ថ្ងៃលោក សង ថន ត្រូវបានចាប់ខ្លួន៕