ក្រោយមានការប្តឹងផ្តល់របស់ក្រុមស្រ្តីជាមន្ត្រីនគរបាល ដែលចោទស្នងការនគរបាលខេត្តកំពង់ធំថា បានបៀតបៀនផ្លូវភេទនោះ ក្រុមមន្ត្រីសិទ្ធិមនុស្សជំរុញឲ្យមានការស៊ើបអង្កេតជាបន្ទាន់លើករណីនេះ។
មន្ត្រីនគរបាលជាស្ត្រី៤នាក់នៅខេត្តកំពង់ធំ បានបង្ហាញរឿងបៀតបៀនផ្លូវភេទនេះ តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី៣០ ខែកក្កដា ដាក់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។ ក្នុងពាក្យបណ្តឹងដែលមានស្នាមមេដៃរបស់ពួកគេ ពួកគេចោទថាលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានលួងលោមមន្ត្រីនគរបាលជាស្ត្រីឲ្យផ្តល់ខ្លួនប្រាណឲ្យលោក ឬ អនុញ្ញាតឲ្យលោកប៉ះពាល់កេរភេទ ជាថ្នូរនឹងការបានឡើងឋានន្តរស័ក្តិ។
ពាក្យបណ្តឹងបញ្ជាក់ថា៖ «ក្រៅពីពាក្យសម្តីលួងលោម បុគ្គលនេះ ក៏បានចាប់បង្ខំ ស្ទាបអង្អែលកេរខ្មាសដោយមិនញញើត ទោះបីពេលខ្លះពួកនាងខ្ញុំ ខំរើបម្រះ ឬ ចង់ស្រែកប្រាប់គេឯង ក៏មិនហ៊ាន ព្រោះខ្លាចអំណាចគាត់ជាស្នងការ។ ម្យ៉ាងទៀតគាត់បានគំរាមមិនឲ្យប្រាប់រឿងដែលគាត់បានប្រព្រឹត្តនោះឲ្យអ្នកណាដឹងទេ បើហ៊ានគឺមានបញ្ហាហើយ»។
ពួកគេបានរៀបរាប់ទៀតថា៖ «នគរបាលជានារី ដែលចូលទៅជួបគាត់មួយចំនួន គឺជួបរឿងបែបនេះ ហើយក៏មាននគរបាលជានារីខ្លះជួបរឿងឈឺចាប់ត្រូវបែកបាក់គ្រួសារ»។
ក្រុមមន្ត្រីនគរបាលជានារីទាំងអស់នោះ អះអាងទៀតថា កន្លងមកពួកគេបានទៅបំភ្លឺនៅនាយកដ្ឋានបុគ្គលិករួចហើយ ប៉ុន្តែពុំទទួលបានយុត្តិធម៌ទេ។ ពួកគេថា ផ្ទុយទៅវិញលោក អ៊ុក កុសល បានគាបសង្កត់ មើលងាយមើលថោក«ដោយគំរាមមិនឲ្យតែងតាំង ឬ ដំឡើងស័ក្តិជាដើម»។
ក្រុមមន្ត្រីនគរបាលជានារីដដែលក៏បានចោទថា លោក អ៊ុក កុសល «ដឹកនាំបង្កើតបក្ខពួក សែសាឡាយពុករលួយ និងអុចអាលឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ទាំងថ្នាក់ដឹកនាំស្នងការ និងមន្ត្រីក្រោមឱវាទ»។
វីអូអេបានព្យាយាមសុំការឆ្លើយតបពីលោក អ៊ុក កុសល តាមរយៈទូរស័ព្ទដៃទាំងពីរខ្សែរបស់លោក តែមិនទទួលបានការឆ្លើយតបទេ នៅថ្ងៃអង្គារនេះ។
នាយករដ្ឋបាលសាលាខេត្តកំពង់ធំ លោក យ៉ូវ សេងគុណ ប្រាប់វីអូអេថា លោកមិនជឿថា លោក អ៊ុក កុសល ប្រព្រឹត្តអំពើបែបនេះទេ។
«ខ្ញុំអត់ដែលមានដឹងឮព័ត៌មានហ្នឹងពីមុនមកអ៊ីចឹងទៅណ៎ា ហើយអត្តចរិតការបំពេញការងាររបស់គាត់ ក៏គាត់មិនដែលមានឥរិយាបថបែបហ្នឹងដែរ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូ យល់ថាកិច្ចស៊ើបអង្កេតមួយត្រូវតែធ្វើឡើង ដើម្បីឲ្យដឹងពីការណ៍ពិត នៅពីក្រោយការចោទប្រកាន់របស់ស្ត្រី ដែលជាមន្ត្រីប៉ូលិសខេត្តកំពង់ធំទាំងអស់នោះ។
«បើសិនជារឿងនេះ ជារឿងពិតមែន ទីមួយបើយើងមើលទៅបញ្ហាសីលធម៌ គឺវាអសីលធម៌ ដែលប៉ះពាល់ ករណីនេះមួយ ក៏វាជះឥទ្ធិពលមិនល្អសម្រាប់កងកម្លាំងដែរ។ អ៊ីចឹងត្រូវតែមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់។ បញ្ហាទីពីរ វាជាការបំពារបំពានដោយអំណាចទៅលើថ្នាក់ក្រោម បើសិនជាកើតរឿងហ្នឹងពិតប្រាកដមែនហ្នឹង»។
លោក សុខ រដ្ឋា អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តកំពង់ធំ លើកឡើងថា សាមីខ្លួនគួរតែចេញមុខបកស្រាយករណីនេះ។
«ឧបមាថា បើសិនជាករណីហ្នឹង មានគេប្តឹងគាត់អ៊ីចឹងទៅតែបើគាត់ថា ករណីហ្នឹងវាមិនៗពិត គាត់ត្រូវតែបញ្ជាក់អំពីភាពស្អាតស្អំរបស់គាត់អ៊ីចឹងដែរ តាមរយៈជាការបំភ្លឺជាលាយលក្ខណ៍អក្សរទៅកាន់រដ្ឋមន្ត្រីទៅ ចំពោះបណ្តឹងដែលត្រូវបានគេប្តឹងហ្នឹងហើយ»។
នាយិកាអង្គការក្លាហាន ដែលធ្វើការលើសិទ្ធិស្ត្រី កញ្ញា បុណ្យ រចនា បង្ហាញការកោតសរសើរសេចក្តីក្លាហានរបស់ក្រុមមន្ត្រីនគរបាលជាស្ត្រីចំពោះការលាតត្រដាងអំពើបៀតបៀនរបស់ស្នងការខេត្តកំពង់ធំ។ កញ្ញា ជំរុញឲ្យតុលាការចាត់ការលើបណ្តឹងរបស់ក្រុមមន្ត្រីនគរបាលទាំងនេះដែរ។
«មែនទែនទៅ វាមិនមែនជារឿងធម្មតាទេ ដែលស្ត្រីរងគ្រោះដោយអំពើបៀតបៀនផ្លូវភេទ ឬក៏ហ្នឹងហើយការរំលោភបំពានផ្លូវភេទហ្នឹង ហ៊ានចេញមុខដាក់ពាក្យបណ្តឹង។ អ៊ីចឹង រដ្ឋាភិបាល ប្រព័ន្ធតុលាការក៏ដូចជាក្រសួងមហាផ្ទៃហ្នឹង គឺត្រូវតែចាត់វិធានការឲ្យបានហ្មត់ចត់ ហើយជាបន្ទាន់ ដើម្បីធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បីផ្តល់យុត្តិធម៌ទៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ហ្នឹង»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព ស្នើឲ្យសាធារណជនរង់ចាំមើលថា តើបណ្តឹងរបស់ប៉ូលិសជានារី នឹងត្រូវបានដោះស្រាយផ្តល់យុត្តិធម៌ ឬយ៉ាងណា។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំក៏សង្ឃឹមថា បុគ្គលទាំងឡាយដែលអះអាងថា គាំទ្រដល់ការរក្សានូវសេចក្តីថ្លៃថ្នូរសម្រាប់ស្ត្រីនឹងចូលរួមទាមទារ និងផ្តល់នូវយុត្តិធម៌ដល់ស្ត្រីគ្រប់រូបដែលបានរងគ្រោះ ដូចករណីនេះជាដើម»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នាយកដ្ឋានផ្នែកបុគ្គលិកកំពុងពិនិត្យលើពាក្យបណ្តឹង។
«ក្រសួងកំពុងតែចាត់ឲ្យជំនាញធ្វើការស៊ើបអង្កេតពីរឿងហ្នឹងហើយ»។
លោក ខៀវ សុភ័គ ឲ្យដឹងថា លោក ចន្ទ អ៊ាន ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកផ្នែកបុគ្គលិកជាអ្នកទទួលខុសត្រូវលើពាក្យបណ្តឹងនេះ។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីលោក ចន្ទ អ៊ាន បានទេ នៅថ្ងៃអង្គារនេះ។
បើតាមលោក ខៀវ សុភ័គ លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ធ្លាប់រងការព្រមានម្តងមកហើយ ពាក់ព័ន្ធនឹងរបៀបរបបនៃការដឹកនាំរបស់លោក។ប៉ុន្តែ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ មិនអាចបញ្ជាក់ថា តើការព្រមាននោះជាប់ពាក់ព័ន្ធនឹងសកម្មភាពបៀតបៀនកេរខ្មាសឬយ៉ាងណាទេ៕