ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​ឧកញ៉ា​ម្នាក់ រីឯ​អភិបាល​ស្រុក​មួយ​រូប​បាត់បង់​តំណែង​ក្នុង​រឿង​ដី​ធ្លី


លោក ម៉ៅ សុចាន់ (ឆ្វេង) ត្រូវបានដកចេញពីមុខងារជាអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រីឯលោក សង ថន (ស្តាំ) ដែលជាឧកញ៉ាមួយរូប ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយតាំងពីលា្ងចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។ (រូបថតពីបណ្តាញសង្គមហ្វេសប៊ុក)
លោក ម៉ៅ សុចាន់ (ឆ្វេង) ត្រូវបានដកចេញពីមុខងារជាអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រីឯលោក សង ថន (ស្តាំ) ដែលជាឧកញ៉ាមួយរូប ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយតាំងពីលា្ងចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។ (រូបថតពីបណ្តាញសង្គមហ្វេសប៊ុក)

ភ្លាមៗ​ក្រោយ​ការ​ចាប់​ខ្លួន​លោក​ឧកញ៉ា ​សង ថន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន​ បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក​ ម៉ៅ សុចាន់ ​ពី​មុខងារ​ជា​អភិបាល​ស្រុក​គាស់​ក្រឡ​ ដោយ​បាន​ផ្ទេរ​ឲ្យ​លោក​ទៅ​បម្រើ​ការងារ​នៅ​សាលា​ខេត្ត​បាត់ដំបង​វិញ។​

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​(ACU) ​បាន​នាំ​ខ្លួន​ឧកញ៉ា​ម្នាក់​ ឈ្មោះ​ សង ថន​ ក្នុង​ទំនាស់​ដីធ្លី​មួយ​នៅ​ស្រុក​គាស់​ក្រឡ​ ខេត្តបាត់​ដំបង​ រីឯ​អភិបាល​ស្រុក​គាស់​ក្រឡ​ត្រូវបាន​បញ្ចប់​មុខ​តំណែង​ពាក់ព័ន្ធ​នឹង​រឿង​ទំនាស់​ដី​ធ្លី​មួយ។​

លោក​ សង ថន​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​តាំង​ពី​លា្ងច​ថ្ងៃទី​២៧ ​ខែ​មិថុនា​ ក្រោម​ហេតុ​ផល​ថា​ លោក​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ទំនាស់​ដីធ្លី​មួយ​ក្នុង​ស្រុក​គាស់ក្រឡ ​ខេត្ត​បាត់ដំបង។​ នេះ ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក។​ លោក​ សង ថន ​ត្រូវ​បានគេ​រាយ​ការណ៍​ថា លោក​មាន​ដី​ប្រមាណ​ ៥ ពាន់​ហិកតា ​ក្នុង​ស្រុក​គាស់​ក្រឡ ខេត្ត​បាត់ដំបង។​

លោក ​ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ដោយសារ​លោក​កំពុង​ធ្វើការ​លើ​ករណី​ឃាត់​ខ្លួន​លោក​ សង ថន។​

«សុំទោស​អូន​ ខ្ញុំ​មាន​ពេល​ចង្អៀត​មែន​ទែន​ណា​អូន !​ អូន​ដឹងហើយ​រឿង​ច្បាប់​៤៨​ម៉ោង។ ​ ខ្ញុំ​ដេក​អត់​បាន​ដេក​ផង! ​ ខ្ញុំ​សុំ​ កុំអាល​រំខាន​ខ្ញុំ​ ទុក​ឲ្យ​ខ្ញុំធ្វើ​ការ​សិន​ណា​អូនណា៎។ បើ​ខ្ញុំ​ធ្វើ​ការ​មិន​បាន​ ខ្ញុំ​មាន​ទោស ​ណា៎​អូនណ៎ា!»។​

ចំណែក​លោក ​ងួន រតនៈ​ អភិបាល​ខេត្ត​បាត់ដំបង ​ក៏​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ។ ​

លោក​ អ៊ុច សុខុន​ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ មាន​ប្រសាសន៍​ថា ​លោក​មិនមាន​ព័ត៌មាន​លម្អិត​អំពី​ការ​ឃាត់​ខ្លួន​លោក ​សង ថន ​ទេ​ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​វិញ។​

«ពួក​ហ្នឹង​នៅ​ខាង​ ACU​ណា៎។ ​ទាក់ទង​ខាង​ហ្នឹង​ទៅ ខ្ញុំ​ក្តាប់​អត់​បាន​ដែរ»។​

ភ្លាមៗ​ក្រោយ​ការ​ចាប់​ខ្លួន​លោក​ឧកញ៉ា ​សង ថន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន​ បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក​ ម៉ៅ សុចាន់ ​ពី​មុខងារ​ជា​អភិបាល​ស្រុក​គាស់​ក្រឡ​ ដោយ​បាន​ផ្ទេរ​ឲ្យ​លោក​ទៅ​បម្រើ​ការងារ​នៅ​សាលា​ខេត្ត​បាត់ដំបង​វិញ។​

លោក ​សឿម ប៊ុនរិទ្ធ​ អភិបាល​រងខេត្ត​បាត់ដំបង​ មាន​ប្រសាសន៍​ថា​ ការ​ដក​តំណែង​នេះ​ កើត​មាន​ឡើង​ ក្រោយ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមក​ស្រាវជ្រាវ​វិវាទ​ដីធ្លី​មួយ​រវាង​ក្រុម​ពលរដ្ឋ​ចំនួន​៤ ​គ្រួសារ ​និង​លោក ​សង ថន ​នៅ​ស្រុក​គាស់​ក្រឡ។ ​

«ពាក់​ព័ន្ធ​បញ្ហា​ហ្នឹង ​ វា​បញ្ហា​របស់​ថ្នាក់​ជាតិ​ ដោយ​សារ​គាត់​ចុះ​មក​ធ្វើ​ការ​ស្រាវជ្រាវ​ ករណី​បងប្អូន​ប្រជាពលរដ្ឋ​បួន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​រឿង​ការ​ប្តឹង​ផ្តល់​ពីលោក​សង ថន​ តាំងពី​ឆ្នាំ​២០១៣​ ឆ្នាំ​២០១៤ ​មក។ ​តាំង​ពីហ្នុង​មក! ​វា​ពាក់​ព័ន្ធ​រឿង​ទំនាស់​ដីធ្លី​ហ្នឹង។​ ដល់​ក្រោយ​មក​ គឺ​មាន​ការ​ស្រាវ​ជ្រាវ​ករណី​ហ្នឹង​ គឺ​ថា្នក់​ជាតិ ​គាត់​ចុះ​មក​ស្រាវ​ជ្រាវ​ហើយ​យើង​ខ្ញុំ​នៅ​ថ្នាក់​ក្រោម​ជាតិ​នេះ គឺ​ជា​ប្រតិបត្តិ​ករ​ក្នុង​ការងារ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ»។​

VOA​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សង ថន ​និង​លោក​ ម៉ៅ សុចាន់ ​បាន​នៅ​ឡើយ​ទេ។​

លោក ​ស៊ឹប គូ​ អាយុ​៤៩​ ឆ្នាំ​ តំណាង​ប្រជា​ពលរដ្ឋ​ចំនួន​២២២​ គ្រួសារ ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​លោក​សង ថន ​លើ​ដី​ទំហំ​ប្រមាណ​៨០០​ ទៅ​១០០០​ ហិកតា​ ក្នុង​ឃុំ​ព្រះផុស​ និយាយ​ថា​ ប្រជា​ពលរដ្ឋ​ បាន​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ក្រោយ​លោក​ ម៉ៅ សុចាន់ ​បាន​ឡើង​មក​កាន់​តំណែង​ជា​អភិបាល​ស្រុក​គាស់​ក្រឡ​រយៈ​ពេល​ប្រហែល​៤​ ទៅ​៥​ ខែ។​

លោក​ចោទ​លោក ​ម៉ៅ សុចាន់​ ដែល​កាន់​តំណែង​បាន​ពីរ​ឆ្នាំ​ថា​ មិន​មាន​ភាព​ច្បាស់​លាស់​ក្នុង​ការ​គ្រប់​គ្រង​ឯកសារ​ពាក់​ព័ន្ធ​នឹង​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ ហើយ​តែង​តែ​រុញ​ឯកសារ​ទាំង​នោះ​ទៅ​តុលាការ។​

«គាត់​ឡើង​មក​ដូច​ជា​ឡើង​សន្ទុះ​រឿង​ការ​ប្តឹង​ផ្តល់​ គាត់​ដូច​ជា​រឿង​ប្រមូល​ឯកសារ​ពី​ប្រជា​ពលរដ្ឋ​មិន​... ​មិន​...​ដូច​ថា ​គ្រប់​គ្រង​មិន​ច្បាស់​លាស់។ គាត់ ចេះ​តែ​ប្រមូល​យក​ដាក់​តុលាការ ​ ដល់​តែ​អ៊ីចឹង​ទៅ​ វា​បញ្ហា​ហ្នឹង​កើត​ពី​អភិបាល​ហ្នឹង ​ឬ ​ក៏​ពី​លោក ​សង ថន ​ហ្នឹង​ឯង»។

លោក​អះអាង​ថា​ លោក ​សង ថន ​កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​លើ​ផ្ទៃ​ដី​ជាង​៥ ​ពាន់​ហិកតា ​ក្នុង​ឃុំ​ព្រះផុស ​និង​ឃុំ​ឆ្នាល់​មាន់។ ​ លោក​បន្ថែម​ថា​ លោក​សង ថន​ បាន​ទិញ​ដី​តែ​៨០​ហិកតា​ប៉ុណ្ណោះ​ពី​ក្រុម​យោធា​ ក្នុង​ចំណុច​ផ្សេង​ ដែល​គ្មាន​ទំនាស់​ ហើយ​ថា​ ដី​ទំហំ​ជាង​៥ពាន់​ហិកតា​នោះ​ជា​ដី​រដ្ឋ។​

លោក ​ស៊ឹប គូ​ ឲ្យ​ដឹង​ថា​ លោក​បាន​ចូល​មក​នៅ​ស្រុក​គាស់​ក្រឡ​ខេត្ត​បាត់ដំបង​ក្នុង​ឆ្នាំ​២០០២​ ហើយ​បាន​ចូល​ទៅ​កាប់​ឆ្ការ​ដីព្រៃ​ដើម្បីដាំ​ដូឡូមី ​ពោត​និង​ស្រូវ​លើ​ផ្ទៃដី​ទំហំ​៧​ហិកតា​ក្នុង​ឃុំ​ព្រះ​ផុស​តាំង​ពី​ឆ្នាំ​២០១០​ មក។​

លោក ​យិន ម៉េងលី​ អ្នក​សម្រប​សម្រួល​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង​ប្រាប់​វីអូអេ​ថា​ ឧកញ៉ា​រូប​នេះ ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ​ចំនួន​៤០០ ​គ្រួសារ​ក្នុង​ឃុំ​ព្រះ​ផុស ​និង​ឃុំ​ឆ្នាល់​មាន់ ​ហើយ​ទំនាស់​នេះ​ បាន​កើត​ឡើង​តាំងពី​ឆ្នាំ​២០១៥​ មក។​ លោក​បន្ត​ថា​ លោក ​សង ថន​ ពិត​ជាមាន​ដី​ច្រើន​ពាន់​ហិកតា​នៅ​ស្រុក​គាស់​ក្រឡ​ ដែល​ជា​អតីត​តំបន់​គ្រប់​គ្រង​ដោយ​យោធា។​ លោក​អះអាង​លោក ​សង​ ថន​ បាន​ទិញ​ដី​ពី​ក្រុម​យោធា​ និង​មន្ត្រី​រាជ​ការ​មាន​តម្លៃ​ចន្លោះប្រមាណ​១០០ ​ទៅ​៣០០ ​ដុល្លារ ​ក្នុង​មួយ​ហិកតា។​

លោក​មាន​ប្រសាសន៍​ថា៖​ «សរុប​មក​វិញ​គឺ​ថា​ យើង​ឃើញ​ថា​ដី​ភាគច្រើន​គាត់​ទិញ​ តែ​ទិញ​ហើយ​ ទុក​ចោល។ ​គាត់​អត់​ធ្វើ​អី​កើត។​ គាត់​ទិញ​ពី​យោធា។​ ដី​កន្លែង​ខ្លះ​គាត់​ទិញ​ពី​មន្ត្រី​រាជការ។​ អាហ្នឹង​ក៏​យើង​ មើល​ប្រវត្តិ​តាំង​ពី​ឆ្នាំ​១៩៩០​ជាង​មក​ម្ល៉េះ​បាទ»។​

លោក​ យិន ម៉េងលី មិន​ដឹង​ថា​ តើ​លោក ​ម៉ៅ​ សុចាន់​ អភិបាល​ស្រុក​គាស់ក្រឡ​មាន​ការ​ឃុបឃិត​គ្នា​យ៉ាង​ណា​ ជា​មួយ​លោក ​សង ថន​ ទេ។ ​ប៉ុន្តែ​លោក​ថា ​អភិបាល​ស្រុក​គាស់​ក្រឡ​នេះ ​រមែង​តែ​បង្ហាញ​គោល​ជំហរ​មិន​ជួយ​ពលរដ្ឋ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ តែ​បែរ​ជា​ចេញ​លិខិត​ហាម​ឃាត់​មិន​ឲ្យ​ភាគី​ប្រជា​ពលរដ្ឋ​ទៅ​ធ្វើ​កសិកម្ម​លើ​ដី​ទំនាស់៕

XS
SM
MD
LG