អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃច័ន្ទនេះបានបដិសេធ មិនឲ្យសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ធ្វើបាតុកម្ម តវ៉ានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ ដោយលើកឡើងថា អាជ្ញាធរអនុវត្តវិធានការបង្ការរលកទី២នៃការចម្លងជំងឺកូវីដ១៩នៅកម្ពុជា។
ការមិនអនុញ្ញាតឲ្យធ្វើបាតុកម្មនេះកើតឡើងក្នុងថ្ងៃតែមួយ ក្រោយពីសមាគមនេះបានជូនដំណឹងអំពីផែនការធ្វើបាតុកម្មរបស់ខ្លួនដោយមានអ្នកចូលរួមប្រមាណ១៥០០នាក់ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តជាប់ព្រំប្រទល់ថៃមួយនេះអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរអាចឆ្លងព្រំដែនចូលទៅលក់ដូរនៅផ្សាររុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃឡើងវិញ ចាប់ពីដើមខែក្រោយទៅ។
នៅក្នុងលិខិតរបស់ខ្លួនចុះថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាបានសរសេរថា អាជីវករលក់ដូរទំនិញនៅផ្សារក្នុងស្រុកអារញ្ញរបស់ថៃនោះបារម្ភចំពោះឥវ៉ាន់និងរបស់របរនៅក្នុងតូបរបស់ពួកគេក្នុងផ្សារនោះ។
ប៉ុន្តែនៅក្នុងលិខិតមួយចុះហត្ថលេខាដោយអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី នៅថ្ងៃ២៥ខែឧសភា អាជ្ញាធរបានលើកឡើងថា ដើម្បីអនុវត្តវិធានការការពាររលកទី២នៃការចម្លងជំងឺកូវីដ១៩ អាជ្ញាធរហាមប្រាមមិនឲ្យមានការជួបជុំ ឬរៀបចំពិធីណាមួយដែលមានអ្នកចូលរួមច្រើនកុះករពេកទេ រហូតដល់ខែកញ្ញាឆ្នាំ២០២០។
អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តទៀតថា កន្លងមកអាជ្ញាធរខ្មែរបានស្នើទៅភាគីថៃឲ្យអនុញ្ញាតឲ្យអាជីវករខ្មែរអាចចូលទៅមើលតូបរបស់ខ្លួននៅផ្សាររុងក្លឿនោះ១លើក២០នាក់ដែរ ប៉ុន្តែអាជ្ញាធរថៃមិនយល់ព្រម។
ប្រទេសថៃនៅបន្តបិទច្រកព្រំដែនជាមួយកម្ពុជានៅឡើយ ដោយសារការព្រួយបារម្ភចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕