ប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើតេស្តរកឃើញករណីឆ្លងថ្មី១ទៀតនៃជំងឺកូវីដ១៩ តែមួយថ្ងៃប៉ុណ្ណោះក្រោយពីប្រទេសនេះបានសម្រេចលើកបម្រាមធ្វើដំណើរពីប្រទេសចំនួន៦ចូលកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា សំណាកដែលអាជ្ញាធរសុខាភិបាលកម្ពុជាបានយកពីអ្នកដំណើរចំនួន ៦៣ នាក់ដែលបានចូលកម្ពុជានៅថ្ងៃព្រហស្បតិ៍ មានម្នាក់បង្ហាញលទ្ធផលតេស្តវិជ្ជមាន ដែលធ្វើឲ្យតួលេខនៃចំនួនអ្នកឆ្លងវីរុសកូវីដ១៩សរុប ឡើងដល់ ១២៣ នាក់។
អ្នកដែលត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ចុងក្រោយបំផុតនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានទីលំនៅនៅស្រុកកំពង់ត្រាច ខេត្តកំពត។
ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា នៅពេលធ្វើតេស្តរកឃើញវីរុសនោះ បុរសរូបនេះបានធ្វើដំណើរពីប្រទេសហ្វីលីពីន ចូលមកដល់កម្ពុជា នៅយប់ថ្ងៃពុធ ក្រោយពីបន្តជើងហោះហើរពីប្រទេសកូរ៉េខាងត្បូង។
បច្ចុប្បន្ន បុរសរូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងទីក្រុងភ្នំពេញ។
ចំណែកអ្នកដំណើរដែលបានចូលមកកម្ពុជាទាំង ៦២ នាក់ទៀត ដែលរួមមានជនជាតិកូរ៉េ ២៣ នាក់ ជនជាតិប៊ែលហ្សិក ១ នាក់ ជនជាតិតៃវ៉ាន់ ១ នាក់ ជនជាតិហូឡង់ ១ នាក់ ជនជាតិជប៉ុន ៣ នាក់ ព្រមទាំងជនជាតិខ្មែរ ៣៣ នាក់នោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេចំនួន ១៤ ថ្ងៃនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ឈ្មោះ និងទីតាំងពិតប្រាកដនៃសណ្ឋាគារនោះទេ។
កាលពីចុងសប្តាហ៍កន្លងទៅ កម្ពុជាបានប្រកាសថា អ្នកដែលបានឆ្លងជំងឺកូវីដ១៩ ចំនួន ១២២ នាក់នៅក្នុងប្រទេសកន្លងមក បានជាសះស្បើយអស់ហើយ៕