ការវាយប្រហារដោយគ្មានមូលហេតុមួយធ្វើឱ្យក្រុមអ្នកតវ៉ាយ៉ាងហោចណាស់៤៥នាក់រងរបួស ត្រូវបានគេផ្សាយផ្ទាល់តាមបណ្តាញសង្គម Facebook។ ក្រុមបុរសអាវស១ក្រុម ដែលគេគិតថាជាសមាជិកក្រុមជនអន្ធពាលនិងមាននិន្នាការទៅរកក្រុងប៉េកាំងបានបើកការវាយប្រហារលើក្រុមសកម្មជន អ្នកធ្វើដំណើរ និងក្រុមអ្នកកាសែត។
ក្រុមអ្នកតវ៉ាបានអំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ កុំឱ្យបំភ្លេចហេតុការណ៍នោះ។
លោក Jakei អ្នកតវ៉ា១រូបថ្លែងថា៖
«កាលពី១ខែមុនក្នុងស្ថានីយ៍ Yuen Long ក្រុមជនអន្ធពាល១ក្រុមមានគ្នាជាង១០០ បាន វាយសំរុកចូលក្នុងស្ថានីយ៍ ហើយវាយប្រហារលើអ្នកធ្វើដំណើរ និងបុគ្គលិក។ ខ្ញុំគិតថាវាមិនគួរកើតមានឡើងក្នុងសង្គម ដូចហុងកុងនេះទេ»។
ប្រព័ន្ធរថភ្លើងក្រោមដីដ៏មមាញឹករបស់ហុងកុងបានត្រឡប់មកកាន់សភាពធម្មតាវិញ ក៏ប៉ុន្តែ១ខែក្រោយពីហេតុការណ៍ហិង្សានោះមក ក្រុមប៉ូលិសមិនបានធ្វើការចោទប្រកាន់លើជនណាមួយនោះទេ។
លោក Brian អ្នកតវ៉ា១រូបផ្សេងទៀតបានថ្លែងថា៖
«ដល់ពេលនេះគឺ១ខែហើយ ហើយមិនមានជនណាម្នាក់ត្រូវបានកាត់ទោសនោះទេ។ ពួកគេបានចាប់ខ្លួនមនុស្សមួយចំនួនក៏ប៉ុន្តែមិនបានកាត់ទោសនៅឡើយនោះទេ។ ដូច្នេះយើងរំឭកដល់ពលរដ្ឋហុងកុងទាំងអស់ សូមកុំភ្លេចរឿងទាំងអស់នេះឱ្យសោះ»។
ក្រុមអ្នកតវ៉ានៅតែសួររកចម្លើយថា តើហេតុអ្វីបានជាអាជ្ញាធរមានការឆ្លើយតបយឺតយ៉ាវម្លេះលើករណីវាយប្រហារនេះ។
ក្រុមអ្នកតវ៉ាដ៏ច្រើនគ្រោងនឹងប្រមូលផ្តុំគ្នានៅល្ងាចថ្ងៃពុធនេះនៅឯស្ថានីយរថភ្លើងដែលមានហេតុការណ៍ហិង្សាកើតឡើង។ ឯក្រុមអ្នកតវ៉ាមួយចំនួនទៀតគ្រោងនឹងប្រមូលផ្តុំគ្នា នៅថ្ងៃសុក្រ។
យ៉ាងណាក៏ដោយ មួយខែក្រោយការវាយប្រហារដ៏ហិង្សានោះ ក្រុមអ្នកតវ៉ានៅតែទៀមទារកចម្លើយ៕
ប្រែសម្រួលដោយ នៅ វណ្ណារិន