នៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយនៅឯទីស្នាក់ការប៉ូលិសកាលពីថ្ងៃព្រហស្បតិ៍មានការរៀបរាប់ឡើងវិញអំពីព្រឹត្តិការណ៍នានាដែលបានកើតឡើងកាលពីល្ងាចថ្ងៃពុធ។ ព្រឹត្តិការណ៍នោះកើតឡើងនៅចំពេលដែលមនុស្សរាប់រយនាក់បានធ្វើចរាចរណ៍ពាសពេញផ្លូវនៅថ្ងៃបុណ្យប្រពៃណី នៅជិតទីតាំងដែលធ្លាប់មានអំពើហិង្សាកើតឡើងកាលពីបាតុកម្មលើកមុន។
ក្នុងចំណោមពួកគេទាំងនោះគឺជាក្រុមបាតុករដែលប៉ូលិសនិយាយថាជាអ្នកគប់ដុំថ្មទៅលើស្ថានីយប៉ូលិសនិងបានបាញ់ពន្លឺឡាហ្ស៊ែបង្កឲ្យមានគ្រោះថ្នាក់។ ប៉ូលិសនិយាយថា ពួកគេបានប្រើប្រាស់ឧស័ន្មបង្ហូរទឹកភ្នែកដើម្បីគ្រប់គ្រងលើហ្វូងមនុស្ស និងបានចាប់ខ្លួនមនុស្ស១៧នាក់ដែលមានអាយុពី១៥ឆ្នាំដល់៦១ឆ្នាំក្រោមបទចោទថាមានអាវុធបង្កគ្រោះថ្នាក់និងប៉ុនប៉ងដុតបំផ្លាញ។ ខណៈនោះព្រលានយន្តហោះហុងកុងបានបើកទ្វារឲ្យមានប្រតិបត្តិការឡើងវិញ បន្ទាប់ពីតុលាការបានចេញបទបញ្ជាមួយកាលពីថ្ងៃពុធរារាំងក្រុមបាតុករ។
ពួកគេបានប្រមូលផ្តុំគ្នាដោយសន្តិវិធីពីដំបូង ប៉ុន្តែពេលខ្លះមានអំពើហិង្សាកើតឡើង។
សន្និសីទសារព័ត៌មានមួយនៅឯសាកលវិទ្យាល័យហុងកុង បាតុករម្នាក់បាននិយាយថា នាងមិនជឿការរាយការណ៍ដែលថាជើងយន្តហោះជិត១.០០០ត្រូវបានលុបចោលនោះទេ និងបានចោទប្រកាន់ក្រុមអាជ្ញាធរថាបានបំផ្លើសតួលេខ។ នាង Sophia Suen ដែលជាបាតុករម្នាក់បាននិយាយថា «ពួកគេបំផ្លើសតួលេខ។ តាមពិតមានជើងហោះហើរច្រើនណាស់ចេញដំណើរតាមកាលកំណត់ ជាពិសេសជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific»។
នាង Suen បានច្រានចោលការអះអាងដែលថា ក្រុមបាតុករបានធ្វើឲ្យប៉ះពាល់ដល់ទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដោយកត់សម្គាល់ថាទីផ្សារភាគហ៊ុនមានការប្រែប្រួលជាធម្មតា។ នាងនិយាយថា ក្រុមបាតុករគឺជាអ្នកព្រួយបារម្ភអំពីនីតិរដ្ឋ មិនមែនប៉ូលិស ឬពួកមន្រ្តីហុងកុងនោះទេ រីឯរដ្ឋបាលទីក្រុងហុងកុងដែលគាំទ្រដោយប្រទេសចិន កំពុងមើលស្រាលអំពីនីតិរដ្ឋតាមរយៈយុទ្ធសាស្រ្តកណ្តាប់ដៃធ្ងន់។ ជម្លោះនេះនៅតែអូសបន្លាយ ហើយទីក្រុងស្ថិតក្នុងភាពតានតឹង៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា