ជម្លោះបានផ្ទុះឡើងរវាងគូប្រជែងនៅក្នុងទីក្រុង Melbourne កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ខណៈពេលដែលអ្នកគាំទ្របាតុកម្មនៅទីក្រុងហុងកុងរាប់រយនាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងស៊ីដនីនៅថ្ងៃអាទិត្យសបា្តហ៍មុន។
បាតុករជាច្រើនបានពាក់របាំងមុខដោយពួកគេប្រុងប្រយ័ត្នចំពោះការតាមដានរបស់រដ្ឋចិនទៅលើពលរដ្ឋចិនណាដែលគាំទ្រក្រុមបាតុករនៅហុងកុងដោយសាធារណៈ។
បាតុករនៅក្នុងទីក្រុងស៊ីដនីបានឲ្យដឹងថា ពួកគេកំពុងប្រឆាំងនឹងអំណាចផ្តាច់ការ។
បាតុករម្នាក់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងបាននិយាយថា៖
«ពួកយើងមិនចង់ឃើញផ្ទះ [ទីក្រុង ហុងកុង] របស់ពួកយើងធ្លាក់ចូលទៅក្នុងស្ថានភាពដែលពួកយើងត្រូវតែធ្វើតាមច្បាប់ដែលមិនត្រឹមត្រូវនោះទេ»។
បាតុករម្នាក់ទៀតដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងដូចគ្នាដែរបាននិយាយថា៖
«ពលរដ្ឋអូស្រ្តាលីកំពុងគាំទ្រពួកយើង គាំទ្រពលរដ្ឋហុងកុង ដូច្នេះពួកយើងគ្មានអ្វីត្រូវខ្លាចនោះទេ ពួកយើងមិនខ្លាចនឹងការគំរាមគំហែងនោះទេ។ ដូច្នេះ ពួកយើងរួមគ្នាជាធ្លុងមួយ»។
ស្រ្តីម្នាក់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងបាននិយាយថា៖
«ពួកយើងនៅទីនេះកំពុងអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងគាំទ្របាតុករនៅទីក្រុងហុងកុង»។
ក្រុមបាតុករដែលគាំទ្រចិនបានដើរហែរក្បួននៅប្រទេសអូស្រ្តាលីជាមួយការស្រែកច្រៀងថា «ប្រទេសចិនគង់វង្សជានិរន្តរ៍» ហើយ «ប្រសិនបើអ្នកមិនស្រលាញ់ប្រទេសចិននោះទេ អ្នកគឺជាសត្រូវរបស់ពួកយើង»។
ប្រទេសអូស្រ្តាលីមានសិស្សជនជាតិចិនរាប់ពាន់នាក់ដែលកំពុងសិក្សានៅទីនោះ ក៏ដូចជាជនអន្តោប្រវេសន៍ផ្សេងទៀតដែលមកពីចិនដីគោក។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសអូស្រ្តាលី លោក Cheng Jingyeបានមានប្រសាសន៍ថា បាតុករនៅក្នុងទីក្រុងហុងកុងបានបង្ហាញចរិតជ្រុលនិយម ហិង្សា និងខុសច្បាប់»។
សកម្មជននិងមន្រ្តីប៉ូលិសបានប៉ះទង្គិចគ្នានៅក្នុងទីក្រុងហុងកុងអស់រយៈពេល១០សប្តាហ៍មកហើយ។ ហើយបាតុកម្មនេះត្រូវបានបង្កឡើងដោយច្បាប់បត្យាប័នមួយដែលត្រូវបានពន្យារមិនឲ្យអនុវត្តដោយរដ្ឋាភិបាលក្រុងទីក្រុងហុងកុង។
ប្រទេសចិនបានបង្កើនកម្លាំងសន្តិសុខនៅក្នុងទីក្រុង Shenzhen និងបានប្រដូចបាតុកម្មនេះទៅនឹងអំពើភេរវកម្ម។
នាយករដ្ឋមន្ត្រីប្រទេសអូស្រ្តាលី លោក Scott Morrison បានជំរុញអាជ្ញាធរនៅក្នុងទីក្រុងហុងកុងឲ្យស្តាប់ «យ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលពលរដ្ឋកំពុងនិយាយនិងត្រូវធ្វើការស្វែងរកដំណោះស្រាយដោយសន្តិភាពនិងមានភាពស្ងប់ស្ងាត់ចំពោះបញ្ហាដ៏ធ្ងន់ធ្ងរនេះ»។
នៅក្នុងទីក្រុង Canberra ក្រសួងការបរទេសនិងពាណិជ្ជកម្មបានជំរុញអ្នកដំណើរសញ្ជាតិអូស្រ្តាលីទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងទីក្រុងហុងកុង៕
ប្រែសម្រួលដោយ លី វួចនា