នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី Carrie Lam បានថ្លែងថា លោកស្រីសង្ឃឹមថា ក្បួនតវ៉ាសន្តិវិធីកាលពីថ្ងៃអាទិត្យនៅតាមផ្លូវនានាក្នុងទីក្រុងហុងកុង ដែលជាដែនដីរបស់ចិន នឹងក្លាយជាចំណុចរបត់នៃបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានអូសបន្លាយជិតពីរខែមកនេះ។
បាតុកម្មនេះចាប់ផ្តើមចេញពីការប្រឆាំងនឹងសំណើច្បាប់បត្យាប័នរបស់ទីក្រុងហុងកុង ដែលនឹងត្រូវបញ្ជូនឧក្រិដ្ឋជនសង្ស័យទៅកាត់ទោសនៅចិនដីគោក ប៉ុន្តែបាតុកម្មនេះបានបង្កើនភាពតានតឹងក្លាយជាអំពើហិង្សា និងបានបណ្តាលឲ្យទីក្រុងហុងកុងធ្លាក់ចូលក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរបំផុតចាប់តាំងពីអង់គ្លេសប្រគល់ហុងកុងឲ្យទៅរដ្ឋាភិបាលក្រុងប៉េកាំងវិញកាលពីឆ្នាំ១៩៩៧។
ពួកបាតុករបានដាក់បញ្ជីទាមទាររបស់ពួកគេ ដែលក្នុងការទាមទារទាំងនោះពួកគេក៏ទាមទារឲ្យដកចេញទាំងស្រុងនូវសំណើច្បាប់បត្យាប័ន បង្កើតការស៊ើបអង្កេតឯករាជ្យមួយទៅលើការចោទប្រកាន់ប៉ូលិសថាបានបង្ក្រាបឃោរឃៅលើហ្វូងបាតុករ ដោះលែងមនុស្សជាង៧០០នាក់ដែលត្រូវបានចាប់ខ្លួននៅអំឡុងពេលបាតុកម្ម ធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំទីក្រុងដោយផ្ទាល់ និងទាមទារឲ្យលោកស្រី Lam ចុះចេញពីតំណែង។ លោកស្រី Lam បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថា កងកម្លាំងប៉ូលិសហុងកុងនឹងចាប់ផ្តើមធ្វើការស៊ើបអង្កេតផ្ទៃក្នុងមួយឆ្លើយតបទៅនឹងបណ្តឹងទាំង១៧៤ ដែលបានចោទថាប៉ូលិសប្រើកម្លាំងហួសកម្រិត រួមទាំងបណ្តឹងអំពីការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងការបាញ់គ្រាប់កាំភ្លើងជ័រទៅលើក្រុមបាតុករផងដែរ។ លោកស្រីក៏បានបញ្ឈប់សំណើច្បាប់បត្យាប័នចម្រូងចម្រាសបណ្តោះអាសន្នជាផ្លូវការផងដែរ៕