ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ខ្មែរ​នៅ​អាមេរិក​ កាណាដា ​បារាំង​និង​អូស្ត្រាលី​ប្រឆាំង​នឹង​ការ​គាប​សង្កត់​នៅ​កម្ពុជា


រូបឯកសារ៖ បាតុករ​ខ្មែរ​អាមេរិកាំង​រាប់​រយ​នាក់​មក​ពី​រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​បាតុកម្ម​នៅ​ឯ​កន្លែង​លំហែកាយ Sunnylands រដ្ឋកាលីហ្វរញ៉ា កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​តវ៉ា​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គោរព​សិទ្ធិមនុ្ស​នៅ​កម្ពុជា។
រូបឯកសារ៖ បាតុករ​ខ្មែរ​អាមេរិកាំង​រាប់​រយ​នាក់​មក​ពី​រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​បាតុកម្ម​នៅ​ឯ​កន្លែង​លំហែកាយ Sunnylands រដ្ឋកាលីហ្វរញ៉ា កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​តវ៉ា​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គោរព​សិទ្ធិមនុ្ស​នៅ​កម្ពុជា។

ការ​តវ៉ា​នឹង​ត្រូវ​​រៀបចំ​ឡើង​ក្នុង​ពេល​ជាមួយ​គ្នា​នៅ​ថ្ងៃ​សុក្រ​នៅ​ប្រទេស​កាណាដា​និង​តាម​រដ្ឋ​ជា​ច្រើន​​ក្នុង​សហរដ្ឋ​អាមេរិក​ ដូច​ជា​រដ្ឋធានី​វ៉ាស៊ីនតោន (Washington, DC) ​រដ្ឋ​កាលីហ្វ័រញ៉ា (California) ​រដ្ឋ​វ៉ាស៊ីនតោន​ (Washington state) ​និង​រដ្ឋ​ម៉ាស្សាឈូសិត (Massachusetts)។

សហគមន៍​ខ្មែរ​នៅតាម​បណ្តា​ប្រទេស​ធំៗ​មួយ​ចំនួន​រួម​ទាំង​សហរដ្ឋ​អាមេរិក​និង​កាណាដា​នឹង​រៀបចំ​បាតុកម្ម​ជា​ច្រើន​កន្លែងនៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ប្រទេស​កម្ពុជា។

ការ​តវ៉ា​នឹង​ត្រូវរៀបចំ​ឡើង​ក្នុង​ពេល​ជាមួយ​គ្នា​នៅ​ថ្ងៃ​សុក្រ​នៅ​ប្រទេស​កាណាដា​និង​តាម​រដ្ឋ​ជា​ច្រើនក្នុង​សហរដ្ឋ​អាមេរិក​ ដូច​ជា​រដ្ឋធានី​វ៉ាស៊ីនតោន (Washington, DC) ​រដ្ឋ​កាលីហ្វ័រញ៉ា (California) ​រដ្ឋ​វ៉ាស៊ីនតោន​ (Washington state) ​និង​រដ្ឋ​ម៉ាស្សាឈូសិត (Massachusetts)។

លោក​ ទូច វិបុល​ ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកាំង​ដែល​នឹង​ដឹកនាំ​បាតុកម្ម​នៅ​រដ្ឋធានី​ វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ប្រាប់ VOA ​ខេមរភាសា​ថា តាម​រយៈ​បាតុកម្ម​នេះ​ ក្រុម​អ្នក​តវ៉ា​នឹង​ជំរុញ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ការទូត​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ រហូត​ទាល់តែ​មាន​ការ​ដោះលែង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ទាំងនោះ។

លោក​បាន​បន្ថែម​ថា៖

«គោលបំណង​យើង​ដែល​ថា ​យើង​ជំរុញ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ខាង​ផ្នែក​សេដ្ឋកិច្ច​នេះ​និង​ការទូត​ទៅ​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដោយសារ​តែ​ស្ថានភាព​នយោបាយ​ជាពិសេស​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ​ ចឹង​យើង​មាន​ជម្រើស​ដែល​ល្អ​ដើម្បី​បញ្ចៀសសង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ហើយ​ដើម្បី​កុំ​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​វឹកវរ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ ជម្រើស​ដែល​ល្អ​ជាពិសេស​ដែល​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​បាន​ គឺ​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​នេះ​នឹង​អាច​នាំ​ឱ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​ងាក​មក​រក​ផ្លូវ​ត្រូវ​វិញ‍»។​

មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​បួន​នាក់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​ស្នេហា​លួចលាក់​រវាង​នាង​ ខុម ចាន់តារ៉ាទី​ ជាមួយ​នឹង​លោក ​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ មាន​សកម្មជន​នយោបាយ​និង​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ជាង​១០​នាក់​ទៀត​ក៏​កំពុង​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​និង​បញ្ហា​ឯកសារ​ព្រំដែន។ ក្នុង​ចំណោម​នេះ​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​ពីរ​នាក់​ផង​ដែរ​ គឺ​លោក ​មាជ សុវណ្ណារ៉ា​ និង​លោក​អ៊ុំ សំអាន។

លោកស្រី ​ណាវ៉ាន ចិត្រ ​អ្នក​រៀបចំ​បាតុកម្ម​នៅ​ទីក្រុង​ឡុងប៊ិច ​រដ្ឋ​កាលីហ្វញ៉ាបាន​បញ្ជាក់​ថា ​បាតុករ​នឹង​មក​ជួបជុំ​គ្នា​នៅ​សាលាក្រុងដើម្បី​សម្តែង​ការ​ឈឺចាប់​របស់​ពួកគេ​ចំពោះ​ស្ថានការណ៍ក្នុង​ប្រទេស​កម្ពុជា៖

«ទឹកចិត្ត​របស់​គាត់​ គឺ​គាត់​មាន​ការ​ឈឺចាប់​នូវ​អ្វី​ដែល​កើត​នៅ​ស្រុក​ខ្មែរ​រាល់​ថ្ងៃ​នេះ។ គាត់​ឃើញ​អំពើ​ដែល​គាត់​មិន​អាច​ទទួល​យក​បាន​ ម្ល៉ោះ​ហើយ​គឺ​គាត់​នឹង​ទៅ​គាំទ្រ‍»។

រី​ឯ​នៅ​ក្នុង​ប្រទេស​បារាំង​និង​អូស្រ្តាលីវិញ ​បាតុកម្ម​នឹង​កើត​ឡើង​នៅ​ថ្ងៃ​សៅរ៍។

លោក​ ហម ប៊ុនឆាយ ​អ្នក​សម្របសម្រួលរៀបចំ​បាតុកម្ម​នៅ​ប្រទេស​បារាំង​បាន​ប្រាប់ VOA​ ថា​ ក្រុម​អ្នក​តវ៉ា​រាប់​រយ​នាក់នឹង​មក​ជួបជុំ​គ្នា​នៅ​ទីលាន​ត្រូកាដេរ៉ូ​ក្នុង​ទីក្រុង​ប៉ារីស​ដើម្បី​សម្តែង​ការ​មិន​ពេញចិត្ត​របស់​គេ​នឹង​រដ្ឋាភិបាល​កម្ពុជា៖ ​

«យើង​ថ្កោលទោស​នូវ​ការ​រំលោភ​យ៉ាង​ជាក់ស្តែង​លើ​រដ្ឋធម្មនុញ្ញ​ដោយ​ចាប់​សកម្មជន​ស៊ីវិល​ ចាប់​សមាជិក​គណបក្ស​នយោបាយ​ ចាប់​អ្នក​តំណាងរាស្រ្ត​ធ្វើ​ការ​គាប​សង្កត់​យ៉ាងខ្លាំង​ដាក់គុក​ដោយ​អត់​មាន​ការ​កាត់​ទោស​ឱ្យ​បាន​ត្រឹម​ត្រូវ​ រំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​បងប្អូន​ខ្មែរ​និង​លើ​សិទ្ធិ​របស់​អ្នក​តំណាងរាស្ត្រ​មួយ​ចំនួន‍»។​

ក្រុម​អ្នក​រៀបចំ​បាតុកម្ម​ក៏​នឹង​ស្នើ​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ដឹកនាំ​មុខ​ក្នុង​ការ​បង្កើត​«ក្រុម​ទាក់​ទង​កម្ពុជា» (Cambodia Contact Group) ដែល​មាន​សមាជិក​ចំនួន​៦​ប្រទេស ​គឺ ​សហរដ្ឋ​អាមេរិក ​ជប៉ុន ​ឥណ្ឌូនេស៊ី ​អូស្ត្រាលី ​បារាំង​និង​អង់គ្លេស​ដើម្បី​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា​និង​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ក្នុង​ពេល​ខាងមុខ។

លោក​ ទូច វិបុល​ នៃ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកាំង​បាន​បញ្ជាក់​បន្ថែម​ថា៖

«ក្រុម​ទាក់ទង​កម្ពុជា​ហ្នឹង​គឺ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​គឺ​តាម​រយៈ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣​តុលា​ឆ្នាំ​១៩៩១ ​ដែល​យើង​យល់​ថា ​សហរដ្ឋ​អាមេរិក​ជា​ហត្ថលេខី​សន្តិភាព​ទីក្រុង​ប៉ារីស​ហើយ​មាន​កាតព្វកិច្ច​តាម​ឃ្លាំមើល​ការ​វិវត្តលទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា‍»។​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​កាន់​តែ​ច្រើន​បាន​យល់​ដឹង​ពី​សិទ្ធិ​របស់​ពួកគេ​ហើយ​បាន​ចូលរួម​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ​សហរដ្ឋ​អាមេរិក​និង​បញ្ហា​ទាក់​ទង​នឹង​ប្រទេស​កំណើត​កាន់តែ​ច្រើន​ឡើង។​

លោក​ គុជ ចាន់លី ​អ្នក​វិភាគ​មួយ​រូប​នៅ​ក្នុង​រដ្ឋ​ម៉ារីឡែន​ (Maryland) យល់​ថា​ នេះ​ជា​វិធី​ល្អ​ក្នុង​ការ​ជំរុញ​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ដល់​ប្រទេស​កម្ពុជា៖

លោក​ គុជ ចាន់លី បញ្ជាក់​ប្រាប់ VOA ថា៖

«បើ​សិន​ជា​ខ្លួន​មាន​ដើម​កំណើត​ខ្មែរ​រត់​ចោល​ប្រទេស​របស់​ខ្លួន​ដោយ​សារ​តែ​ខ្លួន​គ្មាន​សមត្ថភាព​ការពារ​ ហើយ​បើ​សិន​ជា​ខ្លួន​មិន​ការពារ​ប្រទេស​ដែល​ជិត​រលត់​បាត់​ទៅ​ហើយ​ហ្នឹង​ក្តី ​ឬមួយ​មិន​ការពារ​ប្រទេស​ដើម​កំណើត​របស់​ខ្លួន​កំពុង​ត្រូវ​ការ​អ្នក​ទេ​ សហរដ្ឋ​អាមេរិក​ក៏​គេ​មិន​ឱ្យ​តម្លៃ​ជន​ភៀស​ខ្លួន​ឬក៏​អាណិកជន​បែប​ហ្នឹង​ដែរ​ ព្រោះ​ថា​អ្នក​ឯង​គ្មាន​សតិសម្បជញ្ញៈ ​មនសិការ​នឹង​អាណិត​អាសូរ​ដល់​ប្រទេស​ជាតិ​របស់​ខ្លួន​ផង ​ទម្រាំ​ដល់​ប្រទេស​ដែល​ខ្លួន​មក​ជ្រកកោន​នេះ​ ក៏​គេ​អត់​ទុក​ចិត្ត​គេ​អត់​ឱ្យ​តម្លៃ​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ដែល​មក​ជ្រកកោន​ប្រទេស​គេ​ ហើយ​អត់​ជ្រោង​ប្រទេស​កំណើត​ខ្លួន​នោះ​ទេ‍»។

ក្នុង​ពេល​ថ្មីៗ​នេះ​ សហគមន៍​ខ្មែរ​អាមេរិកាំងទាមទារ​សម្រេច​បាន​ដោយ​ជោគជ័យសុំ​ឱ្យរដ្ឋសភា​សហរដ្ឋ​អាមេរិក​បង្កើត​ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា (Bipartisan Congressional Cambodia Caucus)។ ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ច​ការ​កម្ពុជា​ដែល​មក​ពី​គណបក្ស​ទាំងពីរ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ចុង​ខែ​មីនា៕

XS
SM
MD
LG