ព្រំប្រទល់រវាងរដ្ឋពីរដែលមានមនុស្សច្រើនកកកុញបំផុតនៅក្នុងប្រទេសអូស្ត្រាលីនឹងត្រូវបិទចាប់ពីថ្ងៃអង្គារនេះទៅ ដោយមិនមានកាលកំណត់។ នេះបើយោងតាមការបញ្ជាក់របស់លោក Daniel Andrews អភិបាលរដ្ឋ Victoria កាលពីថ្ងៃចន្ទ។ ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការផ្ទុះរាលដាលជំងឺកូវីដ១៩នៅក្នុងរដ្ឋដែលលោកដឹកនាំ។
ការសម្រេចនេះគឺជាលើកដំបូងក្នុងរយៈពេល ១០០ ឆ្នាំ ដែលច្រកព្រំដែនរវាងរដ្ឋ Victoria និងរដ្ឋ New South Wales ត្រូវបិទ។ ការបិទច្រកព្រំដែនជាផ្លូវការរវាងរដ្ឋទាំងពីរនេះត្រូវបានធ្វើឡើងកាលពីឆ្នាំ ១៩១៩ ក្នុងអំឡុងពេលដែលមានការផ្ទុះរាលដាលជាសាកលនៃជំងឺគ្រុនផ្ដាសាយធំ ហៅ Spanish flu។
ករណីឆ្លងជំងឺកូវីដ១៩នៅក្នុងទីក្រុង Melbourn នៃរដ្ឋ Victoria បានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលធ្វើឱ្យអាជ្ញាធរអនុវត្តវិធានការរក្សាគម្លាតពីគ្នាក្នុងតំបន់ចំនួន ៣០ និងត្រូវហាមឃាត់មិនឱ្យអ្នករស់នៅក្នុងអគារផ្ទះល្វែងរបស់រដ្ឋចំនួន ៩ ចេញចូលទៅណាបានឡើយ។
រដ្ឋ Victoria នេះ បានរាយការណ៍ថាមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ១២៧ ករណីក្នុងរយៈពេលមួយយប់ ដែលនេះគឺជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីជំងឺរាតត្បាតនេះកើតមានមក។ រដ្ឋនេះក៏បានរាយការណ៍ថាមានករណីស្លាប់ចំនួន ១ ផងដែរ ដែលនេះគឺជាករណីស្លាប់ដំបូងបង្អស់នៅទូទាំងប្រទេសក្នុងរយៈពេលជាងពីរសប្ដាហ៍មកនេះ។ ប្រទេសអូស្ត្រាលីមានករណីស្លាប់ដោយសារជំងឺកូវីដ១៩សរុបចំនួន ១០៥ ករណី៕