ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​បង​ធំ​ទី​ពីរ​ស្នើ​សុំ​ការ​លើក​លែង​ទោស​ តែ​អតីត​ប្រមុខរដ្ឋ​មិន​អង្វរ​តុលាការ​ទេ​

  • គង់ សុឋានរិទ្ធ

នៅ​ក្នុង​សវនការ​សន្និដ្ឋាន​បញ្ចប់​​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ នួន ជា​ អះអាង​សារ​ជា​ថ្មី​ថា​ គាត់​មិន​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ដែល​គាត់​គ្រប់គ្រង​អំណាច​នោះ​ទេ។​
អតីត​បង​ធំ​ទី​២​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​ នួន ជា​ បាន​ស្នើ​សុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែ​ក្រហម​ដោះ​លែង​រូប​គាត់​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ស្រប​ពេល​ដែល​ ខៀវ​ សំផន​ ប្រកាស​ថា​គាត់​មិន​អង្វរ​តុលាការ​ទេ។​

នៅ​ក្នុង​សវនការ​សន្និដ្ឋាន​បញ្ចប់​ការ​កាត់​សេចក្តី​សំណុំរឿង​០០២​ វគ្គ​ទី​១​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ នួន ជា​ អតីត​ប្រធាន​សភា​ខ្មែរក្រហម​ អាយុ​៨៧​ឆ្នាំ​ អះអាង​សារ​ជា​ថ្មី​ថា​ គាត់​មិន​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ដែល​គាត់​គ្រប់គ្រង​អំណាច​នោះ​ទេ។​ ប៉ុន្តែ​គាត់​បាន​ប្រកាស​ទទួល​ខុសត្រូវ​ផ្នែក​«សីលធម៌»​សម្រាប់​ជន​រងគ្រោះ​និង​សុំ​ឲ្យ​តុលាការ​លើក​លែង​ទោស។​

«ខ្ញុំ​សំណូមពរ​តុលាការ​មេត្តា​សម្រេច​ឲ្យ​ខ្ញុំ​បាន​រួច​ផុត​ពី​បទ​ចោទប្រកាន់​ក្នុង​សំណុំរឿង​នេះ​និង​សុំ​ដោះ​លែង​ខ្ញុំ​ឲ្យ​មាន​សេរីភាព​វិញ​ទៅ​តាម​ផ្លូវ​ច្បាប់។​ ខ្ញុំ​សូម​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ជន​រងគ្រោះ​ ក្រុម​គ្រួសារ​ជន​រងគ្រោះ​និង​ប្រជាជន​កម្ពុជា​ទាំងមូល។​ ហើយ​ខ្ញុំ​នៅ​តែ​ប្រកាន់​ជំហរ​ទទួល​ខុសត្រូវ​លើ​ផ្នែក​សីលធម៌​ចំពោះ​ការ​គ្រប់គ្រង​មិន​បាន​ដិត​ដល់​និង​មិន​បាន​គ្រប់​ជ្រុងជ្រោយ​របស់​បក្សកុម្មុយនិស្ត​កម្ពុជា»។​

របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្ក​ឲ្យ​ប្រជាជន​កម្ពុជា​ស្លាប់​យ៉ាងតិច​ ១​លាន​ ៧​សែន​នាក់​ ចន្លោះ​ពី​ពាក់​កណ្តាល​ខែ​មេសា​ឆ្នាំ​ ១៩៧៥​ ដល់​ដើម​ខែ​មករា​ឆ្នាំ​១៩៧៩។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​យ៉ាង​ស្វាហាប់​របស់​គាត់​ នួន ជា​ បាន​រៀបរាប់​យ៉ាង​វែង​អំពី​ចេតនា​របស់​ប្រទេស​វៀតណាម​ក្នុង​ការ​ព្យាយាម​គ្រប់គ្រង​ប្រទេស​កម្ពុជា​ ទាំង​ផ្នែក​យោធា​ នយោបាយ​និង​សេដ្ឋកិច្ច។​

ជន​ជាប់ចោទ​រូប​នេះ​បាន​ទម្លាក់​កំហុស​ទៅ​ប្រទេស​កុម្មុយនិស្ត​វៀតណាម​ ថា​បាន​ប្រើប្រាស់​ឧបាយកល​ដើម្បី​សម្លាប់​និង​បំផ្លាញ​ប្រជាជន​និង​ប្រទេស​កម្ពុជា។​

មួយ​វិញ​ទៀត​ នួន ជា​ បាន​បដិសេធ​តួនាទី​ដឹកនាំ​ក្នុង​កិច្ចការ​រដ្ឋបាល​និង​យោធា​ដោយ​អះអាង​ថា​គាត់​មាន​តួ​នាទី​ត្រឹមតែ​ផ្នែក​និតិ​បញ្ញត្តិ​ឬ​ជា​ប្រធាន​សភា​តែ​ប៉ុណ្ណោះ។​ រីឯ​កិច្ចការ​ទូទៅ​គឺ​ ប៉ុល ពត​ ដែល​ជា​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ចាត់ចែង​និង​សម្រេច​ជា​មួយ​ឧប​នាយករដ្ឋមន្ត្រី​បួន​នាក់​ផ្សេង​ទៀត​ ក្នុង​នោះ​មាន​ទាំង​ អៀង​ សារី​ ផង​ដែរ។​

ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មេ​មនោ​គម​វិជ្ជា​របស់​ខ្មែរក្រហម​ នួន​ ជា​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជ​អាជ្ញា​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ជម្លៀស​និង​ការ​សម្លាប់​អតីត​ទាហាន​ លន់ ណុល​ នៅ​ទួល​ពោធិ៍​ជ្រៃ​ ខេត្ត​ពោធិសាត់​ ដោយ​បាន​លើក​ឡើង​ថា​ ការ​ជម្លៀស​ប្រជាជន​វគ្គ​ទី​២​ និង​ការ​សម្លាប់​ប្រជាជន​នៅ​តាម​មូលដ្ឋាន​គឺ​ជា​ការ​ទទួល​ខុសត្រូវ​នៃ​ក្រុម​កម្មាភិបាល​ខ្មែរ​ក្រហម​តាម​តំបន់​រៀងៗ​ខ្លួន។​

«ខ្ញុំ​មិន​បាន​ធ្វើ​ផែនការ​ប្រព្រឹត្តិ​បទល្មើស​ បើ​ទោះជា​ខ្ញុំ​មាន​តួនាទី​ជា​អនុលេខា​បក្សកុម្មុយនិស្ត​កម្ពុជា​និង​ប្រធាន​សភា​តំណាង​ប្រជាជន​កម្ពុជា។​ ខ្ញុំ​មិនដឹង​អំពី​ការ​ប្រព្រឹត្តិ​បទល្មើស​នៅ​តាម​មូលដ្ឋាន​នោះ​ទេ។​ ទើបតែ​នៅ​ជិត​ចុងបញ្ចប់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ទើប​ខ្ញុំ​បាន​ដឹង​អំពី​អំពើ​ក្បត់​របស់​មេដឹកនាំ​នៅ​តាម​ភូមិភាគ​ តំបន់​និង​មូលដ្ឋាន​ខ្លះ​ ដែល​មាន​បំណង​បំផ្លាញ​បក្សកុម្មុយនិស្ត​កម្ពុជា»។​

ជាមួយ​គ្នា​នេះ​ ខៀវ​ សំផន​ អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​ក៏​បាន​ប្រកែក​មិន​ទទួល​យក​ការ​ទទួល​ខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​នោះ​ ដោយ​អះអាង​ដូច​ នួន​ ជា​ ដែរ​ថា​គាត់​គ្មាន​អំណាច​សម្រេច​កិច្ចការ​បែប​ណា​នោះ​ទេ។​ មួយ​វិញ​ទៀត​ ខៀវ​ សំផន​ បាន​ប្រកាស​មិន​អង្វរ​តុលាការ​ទេ។​

«ខ្ញុំ​មិន​ដែល​ប្រាថ្នា​ឬ​ក៏​បាន​សម្រេច​ជម្លៀស​ប្រជាជន​អ្វី​ទាល់​តែ​សោះ។​ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ប្រាថ្នា​ឬ​សម្រេច​ឲ្យ​មាន​ការ​កាប់​សម្លាប់​អ្វី​ទាល់​តែ​សោះ។​ដោយ​ហេតុ​ថា​ខ្ញុំ​មិន​បាន​ដឹង​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​ណា​មួយ​ ខ្ញុំ​គ្មាន​ហេតុផល​អ្វី​ទៅ​លន់តួ​ចំពោះ​ការ​បង្ខំ​ដាច់​ណាត់​មក​លើ​ខ្ញុំ​នោះ​ដែរ»។​

ថ្វី​បើ​ខៀវ​ សំផន​ មិន​បាន​ថ្លែង​សុំ​ការ​លើក​លែង​ទោស​ពី​តុលាការ​ ក៏​ជន​ជាប់​ចោទ​វ័យ​៨២​ឆ្នាំ​រូប​នេះ​និយាយ​យ៉ាង​រឹង​មាំ​ថា​ គាត់​សង្ឃឹម​ថា​ក្រុម​ចៅក្រម​នឹង​«ស្វែងរក​យុត្តិធម៌»​សម្រាប់​រូប​គាត់។​

ការ​ស្វែងរក​យុត្តិធម៌​ដែល​សហ​មេធាវី​បរទេស​របស់​គាត់​បញ្ជាក់​ក្នុង​សន្និសិទ​កាសែត​ក្រោយ​ពី​សវនាការ​ថា​ គឺ​ខៀវ​ សំផន​ ជឿ​ថា​គាត់​អាច​នឹង​ត្រូវ​គេ​ដោះ​លែង។​

ក្រុម​សហ​ព្រះរាជ​អាជ្ញា​បាន​ប្រកាស​ថា​ ការ​បញ្ចប់​ការ​កាត់ទោស​សំណុំរឿង​០០២​វគ្គ​ទី​១​ គឺជា​ដំណាក់កាល​យ៉ាង​សំខាន់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។​

ដោយឡែក​អ្នកស្រី​ ឱម​ ចន្ថា​ ដើម​បណ្តឹង​រដ្ឋប្បវេណី​ម្នាក់​ក្នុង​សំណុំរឿង​០០២​និយាយ​ទាំង​យំ​អណ្តឺត​អណ្តក់​ហើយ​បាន​ទាមទារ​ឲ្យ​តុលាការ​ដាក់ទោស​ជន​ជាប់​ចោទ​អស់​មួយ​ជីវិត។​

«បើ​ទោះជា​ដាក់គុក​គាត់​មួយ​ជីវិត​ក៏​នៅ​មិន​អស់ចិត្ត​ដែរ។​ ប៉ុន្តែ​ធ្វើ​ម៉េច​មួយ​ជីវិត​គឺ​ចប់​ហើយ។​ បើ​ដោះ​លែង​ទៅ​មិន​រួច​ទេ។​ ខ្ញុំ​វេទនា​រហូត​ចោល​ប្តី​ នៅ​ជា​មួយ​កូន​មួយ​ហ្វូង។​នៅ​មេម៉ាយ​រហូត​ឥឡូវ»។​

ប្តី​និង​បងប្រុស​របស់​អ្នកស្រី​ ឱម​ ចន្ថា​ ត្រូវ​ពួក​ខ្មែរ​ក្រហម​បណ្តើរ​យក​ទៅ​បាញ់​ចោល​នៅ​ក្បែរ​ភូមិ​របស់​អ្នកស្រី​ក្នុង​ខេត្ត​កំពង់ចាម​។​

សហ​ព្រះរាជ​អាជ្ញា​បាន​ស្នើ​ឲ្យ​មាន​ការ​ដាក់ទោស​ជន​ជាប់​ចោទ​ នួន​ ជា​ និង​ខៀវ​ សំផន​ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​

ប៉ុន្តែ​លោក​ចៅក្រម​ និល​ ណុ​ន​ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ប្រកាស​ថា​សាលា​ដំបូង​មិន​ទាន់​កំណត់​កាល​បរិ​ចេ្ឆ​ទ​ប្រកាស​សាលក្រម​នៅ​ឡើយ​ទេ។​

តាម​គម្រោង​ សាលក្រម​នៃ​សវនាការ​វគ្គ​ទី​១​នៃ​សំណុំរឿង​០០២​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG